The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ប៉ូលិស​ស៊ូដង់​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ ខណៈ​យុទ្ធនាការ​បះបោរ​ចាប់​ផ្តើម

ប៉ូលិស​ស៊ូដង់​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ ខណៈ​យុទ្ធនាការ​បះបោរ​ចាប់​ផ្តើម

Content image - Phnom Penh Post
ទាហាន​ស៊ូដង់ ឈរ​យាម​នៅ​តាម​ផ្លូវ​មួយ​នៅ​ក្នុង​ក្រុង​ខារទុំ​ ​កាល​ពី​ថ្ងៃ​ទី ​៩ ខែ មិថុនា។ AFP

ប៉ូលិស​ស៊ូដង់​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ ខណៈ​យុទ្ធនាការ​បះបោរ​ចាប់​ផ្តើម

ក្រុង​ខារទុំៈ ​ប៉ូលិស​ស៊ូដង់​បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​កាល​ពី​ថ្ងៃ​អាទិត្យ​ទៅ​លើ​ក្រុម​អ្នក​តវ៉ា​ ដែល​បាន​ចូលរួម​នៅ​ថ្ងៃ​ដំបូង​នៃ​យុទ្ធនាការ​បះបោរ​​ស៊ីវិល​ ដែល​គេ​ហៅ​ថា​ ជា​ការ​បង្ក្រាប​ទៅ​លើ​ក្រុម​អ្នក​តវ៉ា​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​​។​

សាក្សី​ឃើញ​ផ្ទាល់​ភ្នែក​ម្នាក់​បាន​ប្រាប់​ AFP ​ថា​ ក្រុម​អ្នក​តវ៉ា​បាន​ប្រមូល​កង់​ឡាន​ ដើម​ឈើ​ និង​ដុំថ្ម​ដើម្បី​សាងសង់​រនាំង​បិទ​ផ្លូវ​ជា​ច្រើន​កន្លែង​ នៅ​ក្នុង​ស្រុក​បាហ្សារ៉ី​ភាគ​ខាង​ជើង​ក្រុង​ខារទុំ​ ប៉ុន្តែ​ប៉ូលិស​ប្រឆាំង​កុបកម្ម​ បាន​ចាត់​វិធានការ​ភ្លាមៗ​នៅ​កន្លែង​នោះ​ ហើយ​បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ទៅ​លើ​ពួក​គេ​។​

សាក្សី​ឃើញ​ផ្ទាល់​ភ្នែក​ បាន​និយាយ​ថា​៖ «​ផ្លូវ​ស្ទើរ​តែ​ទាំង​អស់​នៅ​ក្នុង​ស្រុក​បាហ្សារ៉ី​ត្រូវ​បាន​បិទ​។​ សូម្បី​តែ​ក្រុម​អ្នក​តវ៉ា​កំពុង​ឈប់​សម្រាក​នៅ​តាម​គេហដ្ឋាន​ ក៏​មិន​អាច​ចេញ​ទៅ​ធ្វើ​ការ​បាន​​​ដែរ​»។​

ការ​ប៉ុនប៉ង​ថ្មី​បំផុត​ដោយ​ក្រុម​អ្នក​តវ៉ា​ ដើម្បី​បិទ​ផ្លូវ​នានា​នៅ​ក្នុង​ទី​ក្រុង ​បាន​កើត​ឡើង​ជិត ​១ សប្តាហ៍​ ក្រោយ​ពី​មាន​ការ​បង្ក្រាប​ទៅ​លើ​ក្រុម​អ្នក​តវ៉ា​បណ្តាល​ឲ្យ​មនុស្ស​រាប់​សិប​នាក់​បាន​ស្លាប់​នៅ​ខាង​ក្រៅ​ទី​បញ្ជាការ​យោធា​។

ការ​បង្ក្រាប​យ៉ាង​បង្ហូរ​ឈាម​នោះ​បាន​បណ្តាល​ឲ្យ​ក្រុម​សមាគម​វិជ្ជាជីវៈ​ស៊ូដង់​ ដែល​បាន​ធ្វើ​ការ​តវ៉ា​ដំបូង​ប្រឆាំង​លោក​អូមារ​-អាល់​-បាសៀរ​ដែល​បាន​គ្រប់គ្រង​អំណាច​អស់​ពេល​ជា​យូរ​កាល​ពី​ខែ​ធ្នូ ​ដើម្បី​ប្រកាស​ឲ្យ​មាន​យុទ្ធនាការ​បះបោរ​ស៊ីវិល​នៅ​ទូទាំង​ប្រទេស​ចាប់​ពី​ថ្ងៃ​អាទិត្យ​​។​

Content image - Phnom Penh Post
បុរស​ម្នាក់​ដើរ​សំដៅ​ទៅ​របាំង​បិទ​ផ្លូវ​​មួយ​នៅ​​ក្រុង​ខារទុំ​ក្នុង​អំឡុង​ពេល​យុទ្ធនាការ​ស៊ីវិល។ AFP

ក្រុម​សមាគម​វិជ្ជាជីវៈ​ស៊ូដង់​ SPA ​បាន​ថ្លែង​ថា ​ចលនា​នោះ​នឹង​បញ្ចប់​ទៅ​វិញ​ក្រោយ​ពី​ក្រុម​មេ​​ដឹកនាំ​យោធា ​ដែល​បាន​គ្រប់គ្រង​អំណាច ​ក្រោយ​ពី​ទម្លាក់​លោក ​បារសៀរ​ បាន ​២ ​ខែ​ ហើយ​ក៏​បាន​ផ្ទេរ​អំណាច​ទៅ​ឲ្យ​រដ្ឋាភិបាល​ស៊ីវិល​មួយ​គ្រប់គ្រង​ជំនួស​វិញ​។​

ក្រុម​ពលរដ្ឋ​នៅ​ក្រុង​ខារទុំ​ភាគ​ច្រើន​ បាន​ស្នាក់​នៅ​ក្នុង​ផ្ទះ​អស់​រយៈពេល ​២-៣ ​ថ្ងៃ​ ហើយ​នៅ​តាម​សង្កាត់​ពាណិជ្ជកម្ម​ភាគ​ច្រើន​ត្រូវ​បាន​បិទ​កាល​ពី​ថ្ងៃ​អាទិត្យ​។​

រថយន្ត​មួយ​ចំនួន​របស់​ក្រុម​កង​កម្លាំង​គាំទ្រ​រហ័ស ​(RSF) ​ដែល​បាន​អះអាង​ដោយ​ក្រុម​សាក្សី​ឃើញ​ផ្ទាល់​ភ្នែក​ជុំវិញ​ការ​សម្លាប់​កាល​ពី​ថ្ងៃ​ចន្ទ​នោះ​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​កំពុង​ធ្វើ​សកម្មភាព​ឆ្លង​កាត់​ផ្លូវ​ខ្លះ​​នៃ​ក្រុង​ខារទុំ​ ដែល​បាន​ដាក់​ពង្រាយ​កម្លាំង​ប្រដាប់​ដោយ​កាំភ្លើង​ស្វ័យ​ប្រវត្តិ​រួច​ជា​ស្រេច​។​

រថយន្ត​ក្រុង​ជា​ច្រើន​គ្រឿង​មិន​បាន​ដំណើរការ​នៅ​ក្នុង​សង្កាត់​មួយ​ចំនួន​​ ប៉ុន្តែ​ក្រុម​រថយន្ត​ឯកជន​ខ្លះ​ កំពុង​ដឹក​អ្នក​ដំណើរ​នៅ​ក្នុង​តំបន់​ខ្លះ​នៃ​ក្រុង​ខារទុំ​នោះ​ ទោះ​​បីជា​​ផ្លូវ ខ្លះ​​​ត្រូវ​បាន​បិទ​ក្តី។ AFP/SK

អត្ថបទគួរចាប់អារម្មណ៍