ក្រុងហុងកុងៈ ប៉ូលិសហុងកុងកាលពីថ្ងៃសៅរ៍ បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងប្រើដំបងឆក់ទៅលើក្រុមបាតុករចំណែកឯក្រុមបាតុករបានប្រើដុំថ្ម សម្បកដប និងដំបងឫស្សី តបតទៅលើក្រុមប៉ូលិសវិញ ជាការសងសឹកដែលបានបង្កឲ្យមានភាពតានតឹងដោយហិង្សាថ្មីមួយទៀតនៅក្នុងក្រុងនេះ។
ទីក្រុងនេះត្រូវបានរង្គោះរង្គើដោយការតវ៉ានៅតាមដងផ្លូវរយៈពេល ៣ ខែ ដែលបានចាប់ផ្តើមប្រឆាំងសំណើច្បាប់ធ្វើបត្យាប័នទៅឲ្យប្រទេស ចិនដីគោក ប៉ុន្តែបានក្លាយទៅជាចលនាគាំទ្រប្រជាធិបតេយ្យកាន់តែធំឡើង។
សន្តិភាពគ្មានសុវត្ថិភាពបានថយចុះបន្តិចកាលពីដើមសប្តាហ៍មុន ប៉ុន្តែស្ថានភាពបែបនោះបានងើបឡើងវិញ ខណៈបាតុកររាប់ពាន់នាក់ ភាគច្រើនបានពាក់មួក និងម៉ាស់ការពារឧស្ម័នបង្ហូរទឹកភ្នែក បានដង្ហែក្បួនឆ្លងកាត់តំបន់ឧស្សាហកម្ម Kwun Tong ជាទីដែលពួកគេត្រូវបានរាំងខ្ទប់ដោយក្រុមមន្ត្រីប៉ូលិសរាប់សិបនាក់ ដែលប្រដាប់ដោយខែលការពារ និងដំបងនៅឆក់ក្នុងដៃ នៅខាងក្រៅប៉ុស្តិ៍ប៉ូលិសមួយកន្លែង។
ក្រុមអ្នកតវ៉ានៅជួរមុខបាននាំគ្នាដាក់របាំងចរាចរណ៍ និងសាងសង់រនាំងឫស្សីជាច្រើន ហើយបានបាញ់ស្រៃ្បយ៍ទៅលើជញ្ជាំងការិយាល័យ ជាមួយនឹងពាក្យជេរប្រមាថចំៗទៅកាន់ប៉ូលិស។
នៅពេលរសៀលក្រុមបាតុករ បានបាញ់គ្រាប់ចម្ពាមកៅស៊ូជាច្រើន ដោយបានបង្កឲ្យមានការឆ្លើយតបមួយចេញពីប៉ូលិស ដែលបានធ្វើការបង្ក្រាបដោយដំបង និងបាញ់ស្រៃ្បយ៍ម្រេច ទៅលើក្រុមអ្នកតវ៉ាទាំងនោះ។
ប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនៅតាមផ្លូវនោះ ខណៈក្រុមអ្នកតវ៉ាបានដកថយទៅវិញ ដោយបានបន្សល់ ទុកអំបែងដបនៅពាសពេញផ្លូវ ហើយយ៉ាងហោចណាស់មានការវាយប្រហារគ្នាតូចមួយ បានកើតឡើង នៅក្នុងស្ថានការណ៍ដ៏ច្របូកច្របល់នោះ។
អ្នកតវ៉ាខ្លះក្នុងសម្លៀកបំពាក់ពណ៌ខ្មៅ ត្រូវបានឃាត់ខ្លួន ខណៈក្រុមមន្ត្រីប៉ូលិស បានធ្វើការបោសសម្អាតទាំងស្រុងនៅទីនោះ ដោយប៉ូលិសបានចោទប្រកាន់ «អ្នកតវ៉ាបង្កហិង្សាមួយក្រុមធំ» ដែលបានដុតភ្លើង និងគប់ដុំឥដ្ឋទៅលើប៉ូលិស និងបំផ្លាញទ្រព្យសម្បតិ្តសាធារណៈ។
ទីក្រុងនេះទំនងជាទាញស្ថានការណ៍នេះមិនឲ្យធ្លាក់ចូលក្នុងអំពើហិង្សាដោយការប៉ះទង្គិចធ្ងន់ធ្ងរបានកើតឡើងអស់រយៈពេលមួយសប្តាហ៍ ក្រោយពីក្រុមអ្នកតវ៉ា បានបិទព្រលានយន្តហោះរបស់មជ្ឈមណ្ឌលហិរញ្ញវត្ថុនេះ។
ភាពតានតឹងបានកើតឡើងដោយសារការហែក្បួនពេញមួយថ្ងៃសៅរ៍ ដែលក្រុមបាតុករដ៏សកម្មរាប់សិបនាក់ ត្រូវបានគេស្គាល់ថាជា «ក្រុមក្លាហាន» បានប្រមូលផ្តុំគ្នា ដែលរៀបចំធ្វើយុទ្ធនាការចេញតាមដងផ្លូវទ្រង់ទ្រាយធំអស់រយៈពេល ៣ ខែមកនោះ។
អ្នកតវ៉ាជានិសិ្សតឈ្មោះ រីអាន មានវ័យ ១៩ ឆ្នាំ បានប្រាប់ AFP ថា៖ «ខ្ញុំយល់ថា ការតវ៉ាដោយសន្តិវិធីមិនអាចដោះស្រាយបញ្ហាបានទេ។ រដ្ឋាភិបាលនឹងមិនឆ្លើយតបទៅនឹងការតវ៉ាដោយសន្តិវិធីនោះទេ។ ប្រសិនបើខ្ញុំត្រូវបានគេចាប់ខ្លួននោះ គឺដោយសារតែខ្ញុំចេញមកតវ៉ាទាមទារយុត្តិធម៌»។
ក្រុមអ្នកតវ៉ារាប់សែននាក់បាននាំគ្នាចេញធ្វើបាតុកម្មដោយសន្តិវិធី កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ខណៈដែលក្រុមអ្នកតវ៉ាសំខាន់មួយបានស្វះស្វែង ដើម្បីបន្តប្រមូលផ្តុំធ្វើបាតុកម្មទ្រង់ទ្រាយធំឡើងវិញ នៅក្នុងទីក្រុងមួយនេះ ដែលបានបង្កឲ្យមានអំពើហិង្សាឡើងមួយកម្រិតទៀត។
ប៉ុន្តែការប្រឈមមុខដាក់គ្នាកាលពីថ្ងៃសៅរ៍រវាងប៉ូលិស និងក្រុមអ្នកតវ៉ាបង្ហាញឲ្យឃើញថាក្រុងនេះ បានធ្លាក់ចូលក្នុងភាពជាប់គាំងដ៏គ្រោះថ្នាក់ដោយរដ្ឋាភិបាលមិនធ្វើតាមការទាមទាររបស់អ្នកតវ៉ាហើយក្រុមបាតុករមានភាពរឹងរូសបដិសេធមិនចាកចេញពីដងផ្លូវនានា៕ AFP/SK