ក្រុង​ឡុងដ៍៖ ​បុរស​ម្នាក់​ដែល​មាន​វ័យ ​២៣ ​ឆ្នាំ​ បាន​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​ជួញ​ដូរ​មនុស្ស​ នៅ​ក្នុង​ការ​ជាប់​ពាក់ព័ន្ធ​ជាមួយ​ការ​ស្លាប់​របស់​ជនជាតិ​វៀតណាម ​៣៩ ​នាក់​ ដែល​សាកសព​របស់​ពួក​គេ​ ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ទូរថយន្ត​​ក្លាស្សេ ១ ​គ្រឿង ​​នៅ​ប្រទេស ​អង់គ្លេស​។​

ប៉ូលិស​អង់គ្លេស​​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ លោក​ គ្រីស្តូហ្វឺរ​ កេននីឌី​ មក​ពី​តំបន់ ​Armagh ​នៅ​ប្រទេស ​អៀរឡង់​ភាគខាង​ជើង​ គ្រោង​បង្ហាញ​ខ្លួន​នៅ​ឯ​តុលាការ ​Chelmsford ​Magistrates ​នៅ​តំបន់​អ៊ីសស៊ិក​នៅ ​ប្រទេស ​អង់គ្លេស ​ភាគ​អាគ្នេយ៍​។​

លោក​ គ្រីស្តូហ្វឺរ​ កេននីឌី ​បាន​រង​ការ​ចោទ​ប្រកាន់​ពី​បទ​រួម​គំនិត​រៀបចំ ​ឬ​ជួយ​សម្រួល​ការ​ធ្វើ​ដំណើរ​របស់​ក្រុម​ជន​រងគ្រោះ​​វៀតណាម ជាមួយ​ការ​ត្រួត​ពិនិត្យ​ ដើម្បី​យក​ផលប្រយោជន៍​ និង​ការ​រួម​គំនិត​ជួយ​សម្រួល​យក​កម្រៃ​ជើងសា​ដែល​បាន​បំពាន​ច្បាប់​អន្តោប្រវេសន៍​អង់គ្លេស​។​

លោក​ កេននីឌី ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​នៅ​តាម​ផ្លូវ​ធំ ​M40​។​

សាកសព​ស្ត្រី ​៨ ​នាក់ ​និង​បុរស ​៣១ ​នាក់ ​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ទូរថយន្ត​ក្លាស្សេ​មួយ​ នៅ​ក្នុង​តំបន់​ឧស្សាហកម្ម​មួយ​កន្លែង​នៅ​ទីក្រុង​ឡុងដ៍​ភាគ​ខាង​កើត ​កាល​ពី​ថ្ងៃទី ​២៣​ ខែ​តុលា​៕ AFP/SK