
លោករដ្ឋមន្ត្រីមហាផ្ទៃអូទ្រីស Karl Nehammer ធ្វើសន្និសីទកាសែតនាពេលកន្លងមក។ រូបថត AFP
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក Karl Nehammer បាននិយាយថា ប៉ូលិសអូទ្រីសបានឃាត់ខ្លួនជនសង្ស័យយ៉ាងហោច ៥ នាក់ និងរឹបអូសឃ្លាំងអាវុធដ៏ធំ ១ គ្រាប់រំសេវ និងគ្រាប់បែកដៃដែលប៉ុនប៉ងបង្កើតក្រុមជ្រុលនិយមនៅក្នុងប្រទេសអាល្លឺម៉ង់។
លោក Nehammer បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងវីយែន កាលពីថ្ងៃសៅរ៍ថា មនុស្ស ៥ នាក់ ត្រូវបានចាប់ខ្លួនបន្ទាប់ពីមានការឆែកឆេរផ្ទះជាបន្តបន្ទាប់។ «យើងបានចេញវិធានការធំសម្បើម មួយប្រឆាំងនឹងពួកស្ដាំនិយមនៅប្រទេសអូទ្រីស និងឧក្រិដ្ឋកម្មគ្រោងឡើង ហើយស្វែងរកឫសគល់ ថាតើពួកនេះមានទំនាក់ទំនងគ្នាយ៉ាងដូចម្ដេច?»។
លោក Nehammer បានបន្ថែមថា ក្រុមនេះបានបង្កើតឃ្លាំងអាវុធដ៏ធំមួយក្នុងគោលបំណងវាយប្រហារសង្គមលទ្ធិប្រជាធិបតេយ្យ និងសេរីភាពមូលដ្ឋាន។
លោក Gerhard Purstl មេប៉ូលិសនៅទីក្រុងវីយែនបានពិពណ៌នាថា អាវុធដែលបានរឹបអូសនេះ គឺជាករណីធំជាងគេក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ដោយបន្ថែមថា អាវុធទាំងនេះ នឹងត្រូវប្រើដើម្បីបង្កើតក្រុមជ្រុលនិយមប្រដាប់អាវុធនៅរដ្ឋបាវ៉ារៀភាគខាងត្បូងប្រទេសអាល្លឺម៉ង់។
ជនសង្ស័យចំនួន ៥ នាក់ ត្រូវបានឃុំខ្លួនក្នុងប្រទេសអូទ្រីស ក្នុងចំណោមនោះ បុរសម្នាក់ត្រូវបានអាជ្ញាធរស្គាល់ថា ជនដែលតែងបង្កសកម្មភាព ដើម្បីគាំទ្រពួកស្ដាំនិយម។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា លោកត្រូវបានគេសង្ស័យថា មានពាក់ព័ន្ធជាមួយយុទ្ធនាការបំផ្ទុះគ្រាប់បែកដែលបានធ្វើឱ្យកក្រើកដល់ប្រទេសអូទ្រីស ក្នុងទសវត្សរ៍ឆ្នាំ ១៩៩០។
បេសកកម្មនេះ គឺជាផ្នែកមួយនៃការស៊ើបអង្កេតដំបូងទាក់ទិននឹងបទល្មើសគ្រឿងញៀន ប៉ុន្តែមន្រ្តីប៉ូលិសក៏បានរកឃើញទំនាក់ទំនងរវាងក្រុមស្តាំនិយម និងឧក្រិដ្ឋកម្មដែលប៉ុនប៉ងធ្វើឡើងដោយក្រុមនេះក្នុងពេលជាមួយគ្នាផងដែរ។
បណ្តាញក្រុមប៉ូលិសនេះបានដំណើរការយ៉ាងសកម្មនៅក្នុងប្រទេសអាល្លឺម៉ង់ ដោយមានមន្រ្តីមកពីទីក្រុងបាវ៉ារៀ និងរីនវេភហ្វាលៀខាងជើងក៏ចូលរួមក្នុងការស៊ើបអង្កេតនេះដែរ។
បើតាមសម្តីរបស់លោក Michael Mimra ពីការិយាល័យប៉ូលិសព្រហ្មទណ្ឌរដ្ឋនៅទីក្រុងវីយែន ប៉ូលិសរឹបអូសបានអាវុធពាក់កណ្តាលស្វ័យប្រវត្តិ និងស្វ័យប្រវត្តិចំនួន ២៥ ដើម ដែលប៉ូលិសជឿថា ជាករណីពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន។
លោក Mimra បានបន្ថែមថា ប៉ូលិសបានរកឃើញរថយន្តដឹកទំនិញ ១ ដែលមានដឹកកាំភ្លើងយន្តធុនស្រាល Uzi កាំភ្លើងអាកា ៤៧ ដើម កាំភ្លើងយន្តម៉ាក Scorpion និងគ្រាប់រំសេវជាដើម។ អាវុធ និងគ្រាប់កាំភ្លើងជាច្រើនទៀត ត្រូវបានរឹបអូសកាលពីថ្ងៃព្រហស្បតិ៍ ខណៈគ្រាប់រំសេវជាង ១០ ម៉ឺនគ្រាប់ ត្រូវបានរកឃើញនៅក្នុងឃ្លាំង ១ នៅប្រទេសអូទ្រីស។
អាវុធស្វ័យប្រវត្តិ និងពាក់កណ្តាលស្វ័យប្រវត្តិសរុបចំនួន ៧៦ ត្រូវបានរកឃើញជាមួយនឹងកាំភ្លើងចំនួន ១៤ ដើម គ្រាប់កាំភ្លើង និងគ្រាប់បែកដៃចំនួន ៦ ដើមក៏ដូចជាគ្រាប់បែក និងគ្រឿងផ្ទុះផ្សេងៗទៀត ដែលអាវុធមួយចំនួនត្រូវបានវេចខ្ចប់រួចរាល់ ដើម្បីដឹកជញ្ជូន។
លោក Mimra បាននិយាយថា មកដល់បច្ចុប្បន្នការស៊ើបអង្កេតនៅក្នុងប្រទេសអាល្លឺម៉ង់ បានឈានដល់ការចាប់ខ្លួនមនុស្ស ២ នាក់ និងរឹបអូសគ្រឿងញៀនបានមួយចំនួនធំហើយ។
ចំណែកឯក្រុមអ្នកស៊ើបអង្កេតបច្ចុប្បន្នក៏កំពុងព្យាយាមស្វែងរកប្រភពដើមនៃអាវុធទាំងនេះដោយធ្វើកោសល្យវិច័យ ដើម្បីពិនិត្យមើលថា តើពួកគេធ្លាប់បានប្រើប្រាស់ក្នុងឧក្រិដ្ឋកម្មដែរឬទេ។ លោក Mimra បាននិយាយថា៖ «ការស៊ើបអង្កេតបានចាប់ផ្តើមហើយ ហើយក៏ត្រូវចំណាយពេលមួយរយៈដែរ»។
គួរបញ្ជាក់ផងដែរថា កាលពីខែតុលា កន្លងទៅអ្នកស៊ើបអង្កេតអូទ្រីសបានចាប់ផ្តើមធ្វើការស៊ើបអង្កេតលើករណីជួញដូរគ្រឿងញៀនពីប្រទេសអាល្លឺម៉ង់ ហើយបានរកឃើញថា ប្រាក់ចំណេញបានមកពីការលក់គ្រឿងញៀនត្រូវបានគេប្រើប្រាស់ដើម្បីទិញអាវុធទាំងនេះ។
ក្រុមភ្នាក់ងារស៊ើបអង្កេតអាល្លឺម៉ង់មានការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះសកម្មភាពគំរាមកំហែងដែលបង្កឡើងដោយក្រុមស្តាំនិយមបន្ទាប់ពីមានការកើនឡើងនូវឧក្រិដ្ឋកម្មនយោបាយ និងការចូលរួមរបស់ក្រុមស្តាំនិយមជាបន្តបន្ទាប់ក្នុងការប្រឆាំងនឹងវិធានការដាក់ប្រទេសក្នុងគ្រាអាសន្ននៅពេលមានការរីករាលដាលជំងឺកូវីដ ១៩៕