ប្រជាជន​ក្វាតេម៉ាឡា​ កាលពី​ថ្ងៃសៅរ៍​បានធ្វើ​ការតវ៉ា​នៅក្នុង​រដ្ឋធានីនេះ​ ដើម្បី​ទាមទារ​ឱ្យ​លោកប្រធានាធិបតី​ Alejandro Giammattei ​ដោយ​បានឱ្យ​លោក​ទទួលខុសត្រូវ​ចំពោះ​ការ​ខ្វះវ៉ាក់សាំង​កូវីដ​ ១៩។

Karla Perez ស្ត្រី​មានវ័យ​ ៤៨ ឆ្នាំ ​ដែលបាន​លើកបដា​នៅកន្លែង​តវ៉ា​នោះ​ បានប្រាប់​សារព័ត៌មាន​ AFP​ ថា​៖ «​យើងធ្វើ​ការ​តវ៉ាឱ្យគាត់ (លោក​ Giammattei) ​ចុះចេញ​ពីតំណែង​ ហើយ​ប្រាប់ពួក​យើង​ពី​កន្លែង​ប្រាក់​សម្រាប់ទិញវ៉ាក់​សាំង​​​»។​

បដាដែល​បាន​លើក​បង្ហាញ​នៅ​ក្នុង​អំឡុង​ការតវ៉ា​នៅមុខ​ National Palace​ អតីត​វិមានរដ្ឋា​ភិបាល​ដែល​ត្រូវ​បាន​ការពារ​ដោយ​ប៉ូលិស​យ៉ាងច្រើន​នោះ​បាន​ឱ្យដឹង​ថា៖ «​វ៉ាក់សាំង​ចូលទៅ​ក្នុងដៃ​ មិន​មែន​ចូលទៅ​ក្នុង​ហោ​ប៉ៅ​ទេ»។ ​​​

ចាប់តាំងពី​​ខែ​កុម្ភៈ​មក ​វ៉ាក់សាំង​ ៦៥៨ ​២០០​ ដូស​ បាន​មកដល់​ប្រទេស​ក្វាតេម៉ាឡា​ វ៉ាក់សាំងខ្លះ​ត្រូវទិញ​ហើយ​ខ្លះទៀត​ ត្រូវ​បាន​គេផ្តល់ជា​ជំនួយ​។ ប្រទេសនេះ​ មាន​ប្រជាជន​សរុប​ជាង​ ១៦​ លាននាក់។

ចំពោះ​ក្រុម​អ្នកតវ៉ា​ចំនួន​ទាំងនេះ​ បង្ហាញ​ពី​ការ​គ្រប់គ្រង​មិនបានល្អ ​និង​បង្កឱ្យ​មាន​ការសង្ស័យ​ពី​អំពើ​ពុករលួយ​។

លោក Jorge Bucaro មេដឹកនាំ​សមាគម​និស្សិត​សាកល​វិទ្យាល័យ (AEU)​ នៃ​សាកលវិទ្យាល័យ​ San Carlos ជាសាកលវិទ្យាល័យ​រដ្ឋ​របស់ប្រទេស​នេះ​ បាន​និយាយ​ថា៖ ​«រដ្ឋាភិបាល​មានភាព​មិនច្បាស់លាស់​ក្នុង​ការ​ប្រើប្រាស់ប្រាក់​ទាំងនោះ»។ ​

លោក​ Giammattei ជា​គ្រូ​​ពេទ្យ​មានវ័យ ៦៥ ​ឆ្នាំ ​​បាន​​​​បញ្ជាក់​ថា ​ការខ្វះវ៉ាក់សាំង​​នេះ ដោយសារ​តម្រូវ​ការ​​ជាសកលខ្ពស់ពេក ហើយ​បាន​​រិះគន់​កម្មវិធី​​ចែករំលែក​​​​​វ៉ាក់សាំង​សកល​​របស់​ Covax ​ចំពោះ​ការ​ពន្យារ​ពេល​​​ការ​ប្រគល់វ៉ាក់សាំង​។

ចាប់​តាំង​​ពីខែ​មីនា ​ឆ្នាំ​ ២០២០ ​ប្រទេស​អាមេរិក​កណ្តាលនេះ​ មាន​ករណី​ឆ្លង​ជំងឺកូវីដ ១៩​ ចំនួន ​២៣៣ ​៦៩៦​​ នាក់ ​និង​ស្លាប់​ ៧ ៦៩៥​ នាក់​។

ប្រាក់ចំនួន ​១២,៩ ពាន់​លាន​ដុល្លារ​ ជា​ថវិកា​បង្កើន​បំណុល​សាធារណៈ ​ខណៈ​ដែល​ការបន្ថយ​មូល​និធិ​សម្រាប់​ការថែ​ទាំសុខភាព​ការអប់រំ​សិទ្ធិមនុស្ស​ និង​ប្រព័ន្ធ​យុត្តិធម៌ ​ដោយ​បាន​បង្កឱ្យ​ប្រជាជន​ខឹង​សម្បា​ចាប់ពី​និស្សិត​រហូតដល់​ក្រុមមេដឹកនាំ​ជំនួញ​ក្នុង​រយៈពេល​ ១ ​ឆ្នាំ​បណ្តាលមក​ពី​វិបត្តិសេដ្ឋកិច្ច​ការឆ្លងរាល​ជំងឺកូវីដ​ ១៩។

Diego Herrera ​ជា​និស្សិត​ម្នាក់មាន​វ័យ ​២៥ ឆ្នាំ​ បាន​និយាយ​ថា៖ ​«សភា​បាន​លៃលក​ថវិកា​បន្ថែម​ទៀត​សម្រាប់​ថ្លៃ​អាហារ​របស់ពួកគេ ​ហើយ​មិនបាន​បែងចែក​ថវិកា​ទាំងនោះ​ ទៅដល់​ប្រជាជន​ក្រីក្រទេ»។

រូបភា​ពបណ្តាញ​សង្គម ​និង​សារព័ត៌មាន​ Reuters​ បាន​បង្ហាញ​ឱ្យ​ឃើញថា​ ខណៈ​ដែល​អ្នកតវ៉ា​ភាគច្រើន​បានជួបជុំ​នៅ​ទីលានដ៏​ធំ​នោះ​ដោយសន្តិវិធី​អ្នកដទៃ​ បាន​វាយបំបែក​បង្អួច​អគារ​សភា​ និង​ដុត​ខាងក្នុង​ដោយ​បាន​បង្ក​ឱ្យ​ផ្សែង​ហុយ​ទ្រលោម​​ឡើង​ទៅ​លើ​អាកាស។​

អ្នក​នាំពាក្យ​មន្ទីរពេទ្យ​ San Juan de Dios General Hospital​ ជា​មន្ទីរពេទ្យ​ ១​ ក្នុង​ចំណោម​មន្ទីរពេទ្យ​ធំៗ​របស់​រដ្ឋធានីនេះ ​បាន​និយាយ​ថា ​មន្ទីរពេទ្យនេះ​បាន​ព្យាបាល​មនុស្ស​ ១៤ នាក់ ​ដែល​បាន​រងរបួស​ និង​ពុល​ឧស្ម័នបង្ហូរ​ទឹកភ្នែក ​ក្រោយពីប៉ះ​ទង្គិចគ្នា​ជាមួយ​ប៉ូលិស​ប្រឆាំង​កុបកម្ម ​ដែល​បាន​ប្រើឧស្ម័ន​បង្ហូរ​ទឹកភ្នែក ​ដើម្បី​បំបែក​ហ្វូង​អ្នកតវ៉ា​។

អ្នកនាំពាក្យ​តុលាការបាន​និយាយ​ថា ​មនុស្ស​ ២២ នាក់ ​ត្រូវ​ចាប់ខ្លួន​។

លោកស្រី Erika Guevara Rosas ប្រធាន​អង្គការ​លើកលែង​ទោសអន្តរជាតិ (Amnesty International​) បាន​ជំរុញ​ឱ្យ​បើក​ការស៊ើបអង្កេត​ទៅលើ​ការ​ចាប់​ខ្លួនមនុស្ស​ទាំងនោះ ​ដែល​វីដេអូ​នៅលើ​បណ្តាញសង្គម​​បាន​បង្ហាញ​ថាជា​​អំពើហិង្សា៕