The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ប្រជាជន​មីយ៉ាន់ម៉ា​នៅ​តែ​បន្ត​ការ​ធ្វើ​បាតុកម្ម ​ទោះបី​ជា​រដ្ឋាភិបាល​យោធា​ព្រមាន​ថា ​អ្នក​តវ៉ា​អាច​ស្លាប់​តទៅ​ទៀត​ក្ដី




ប្រជាជន​មីយ៉ាន់ម៉ា​នៅ​តែ​បន្ត​ការ​ធ្វើ​បាតុកម្ម ​ទោះបី​ជា​រដ្ឋាភិបាល​យោធា​ព្រមាន​ថា ​អ្នក​តវ៉ា​អាច​ស្លាប់​តទៅ​ទៀត​ក្ដី

Content image - Phnom Penh Post
បាតុករចេញមកធ្វើការ​តវ៉ា​ទ្រង់ទ្រាយ​ធំៗ​នៅ​តាម​ដង​ផ្លូវ នាពេលកន្លងមក។ រូបថត AFP

ប្រជាជន​មីយ៉ាន់ម៉ា​នៅ​តែ​បន្ត​ការ​ធ្វើ​បាតុកម្ម ​ទោះបី​ជា​រដ្ឋាភិបាល​យោធា​ព្រមាន​ថា ​អ្នក​តវ៉ា​អាច​ស្លាប់​តទៅ​ទៀត​ក្ដី

ទោះបី​ជា​រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា​បាន​ព្រមាន​ក្រុម​អ្នក​តវ៉ា​ប្រឆាំង​រដ្ឋប្រហារ​ថា ពួក​គេ​អាច​ស្លាប់​តទៅ​ទៀត​ក្តី ក៏​ប្រជាជន​រាប់់​ម៊ឺន​នាក់ បាន​តវ៉ា​តាម​ដង​ផ្លូវ​នានា​ជាថ្មី​កាល​ពី​ថ្ងៃ​ចន្ទ ដោយ​ធ្វើ​ឱ្យ​ភាព​តានតឹង​កាន់​តែ​កើន​ឡើង ​ជុំវិញ​ការ​ស្លាប់​បាតុករ​ចំនួន ៤ នាក់។

ភាគ​ច្រើន​នៃ​ប្រទេស​មីយ៉ាន់ម៉ា កំពុង​មាន​ភាព​ចលាចល​ជុំវិញ​ក្រុម​ឧត្តមសេនីយ៍​យោធា ដែល​បាន​បណ្តេញ និង​ចាប់​មេ​ដឹកនាំ​ស៊ីវិល​លោកស្រី ​អ៊ុងសាន ស៊ូជី ឃុំ​ខ្លួន​កាល​ពី ៣ សប្តាហ៍​កន្លង​ទៅ។

ការ​តវ៉ា​ទ្រង់ទ្រាយ​ធំៗ​នៅ​តាម​ដង​ផ្លូវ បាន​កើត​ឡើង​នៅ​ទូទាំង​ប្រទេស​នេះ ខណៈ​ដែល​យុទ្ធនាការ​បះបោរ​ស៊ីវិល​មួយ​បាន​ធ្វើ​ឱ្យ​កិច្ច​ប្រតិបត្តិការ​ជាច្រើន​របស់​រដ្ឋាភិបាល និង​អាជីវកម្ម​ផ្សេងៗ​ជាប់​គាំង។

សេចក្តី​ថ្លែងការណ៍​មួយ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​គ្រប់គ្រង​ដោយ​រដ្ឋ ​MRTV កាល​ពី​ថ្ងៃ​អាទិត្យ​បាន​ឱ្យ​ដឹង​ថា៖ «ក្រុម​អ្នក​តវ៉ា​បច្ចុប្បន្ន​កំពុង​ញុះញង់​ប្រជាជន ជាពិសេស​ក្រុម​ក្មេង​ជំទង់ និង​យុវជន​ឱ្យ​ឡើង​ទៅ​តាម​ដងផ្លូវ ជា​ទី​ដែល​ពួកគេ​អាច​ប្រឈម​នឹង​ការ​បាត់​បង់​ជីវិត»។

សេចក្តី​ថ្លែងការណ៍​នោះ​ត្រូវ​បាន​គេ​អាន​ជា​ភាសា​ភូមា​ដោយ​មាន​បកប្រែ​ជា​ភាសា​អង់គ្លេស​នៅ​លើ​អេក្រង់​ទូរទស្សន៍ បាន​ក្រើន​រំឭក​អ្នក​តវ៉ា​អំពី​ការ​ញុះញង់​ឱ្យ​មាន​អំពើ​កុបកម្ម ​និង​ភាព​អនាធិបតេយ្យ​កើត​ឡើង​នោះ។

ការ​ព្រមាន​នោះ បាន​កើត​ឡើង​បន្ទាប់​ពី​មាន​មនុស្ស​ស្លាប់​នៅ​ចុង​សប្តាហ៍ ចាប់​តាំង​ពី​មាន​រដ្ឋប្រហារ​​នោះ​មក ដោយ​មនុស្ស ២ នាក់​បាន​ស្លាប់ ​នៅ​ពេល​កងកម្លាំង​សន្តិសុខ​បាន​បាញ់​ទៅ​លើ​ក្រុម​អ្នក​តវ៉ា​នៅ​ក្នុង​ទីក្រុង​ម៉ានដាឡាយ និង​បុរស​ទី៣ ម្នាក់​ទៀត ត្រូវ​បាន​គេ​បាញ់​ស្លាប់​នៅ​ក្នុង​ទីក្រុង​យ៉ាំងហ្គោន។

ក្មេងស្រី​ជំទង់​ម្នាក់​ទៀត​ក៏​បាន​ស្លាប់ កាល​ពី​ថ្ងៃ​សុក្រ ក្រោយ​ពី​ត្រូវ​បាន​បាញ់​ចំក្បាល​នៅ​កន្លែង​តវ៉ា ហើយ​បាន​ចំណាយ​ពេល​ព្យាបាល​ជិត ២ សប្តាហ៍។

លោក Tom Andrews អ្នក​ស៊ើប​អង្កេត​សិទ្ធិ​មនុស្ស​ឯករាជ្យ​របស់​អង្គ​សហប្រជាជាតិ​ប្រចាំ​នៅ​ប្រទេស​មីយ៉ាន់ម៉ា បាន​និយាយ​នៅ​លើ​ធ្វីធើរ​ថា៖ «ខ្ញុំ​មាន​ការ​ភ័យខ្លាច​យ៉ាង​ខ្លាំង​ដោយសារ​បាត់បង់​ជីវិត​មនុស្ស​ក្នុង​នោះ មាន​ក្មេង​ប្រុស​ជំទង់​ម្នាក់​នៅ​ក្នុង​ទីក្រុង​ម៉ានដាឡាយ ខណៈ​រដ្ឋាភិបាលយោធា​បាន​បង្កើន​អំពើ​សាហាវ​ព្រៃផ្សៃ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​នេះ»។

«ចាប់​ពី​កាណុង​បាញ់​ទឹក​រហូត​ដល់​គ្រាប់​កៅស៊ូ និង​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក ហើយ​ឥឡូវ​កងទ័ព​បាញ់​គ្រាប់​ពិត​ទៅ​លើ​ក្រុម​អ្នកតវ៉ា​ដោយ​សន្តិវិធី។​ អំពើ​ឆ្កួត​ឡប់​បែប​នេះ​ត្រូវ​បញ្ចប់​ជា​បន្ទាន់!»។

អាជ្ញាធរ​បាន​បន្ត​ចាប់​ខ្លួន​មនុស្ស​ដែល​បាន​ចាប់​ផ្តើម​នៅ​ថ្ងៃ​រដ្ឋប្រហារ​ទី១ ខែ​កុម្ភៈ នៅ​ពេល​ដែល​លោកស្រី ​អ៊ុងសាន ស៊ូជី និង​សមាជិក​ជាច្រើន​នាក់​របស់​រដ្ឋាភិបាល​ត្រូវ​បាន​គេ​ចាប់​ឃុំ​ខ្លួន។ យោងតាម​សមាគម​ជំនួយ ដើម្បី​អ្នក​ទោស​នយោបាយ​បាន​ឱ្យ​ដឹង​ថា មនុស្ស ៦៤០ នាក់ ត្រូវ​បាន​ចាប់​ខ្លួន​ចោទ​ប្រកាន់ ឬ​កាត់​ទោស​ដោយ ៥៩៣ នាក់ ​ក្នុង​នោះ​មាន​លោកស្រី ​អ៊ុងសាន ស៊ូជី និង​លោក​ប្រធានាធិបតី Win Myint កំពុង​ត្រូវ​បាន​គេ​ឃុំឃាំង​នៅ​ឡើយ។

រដ្ឋាភិបាល​យោធា​បាន​ឡើង​គ្រប់គ្រង​អំណាច ក្រោយ​ពី​ចាប់​លោកស្រី អ៊ុងសាន ស៊ូជី ឃុំ​ខ្លួន និង​រារាំង​សភា​មិន​ឱ្យ​កោះ​ប្រជុំ ដោយ​បាន​អះអាង​ថា ការ​បោះឆ្នោត​កាល​ពី​ខែ​វិច្ឆិកា​នោះ មាន​ភាព​មិន​ប្រក្រតី​ជា​ច្រើន។ លទ្ធផល​បោះឆ្នោត​ដែល​គណបក្ស​សម្ព័ន្ធជាតិ ដើម្បី​លទ្ធិប្រជាធិបតេយ្យ (NLD) របស់​លោកស្រី ​អ៊ុងសាន ស៊ូជី បាន​ឈ្នះ​យ៉ាង​ភ្លូក​ទឹក​ភ្លូក​ដី​នោះ​ត្រូវ​បាន​បញ្ជាក់​អះអាង​ដោយ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​មួយ ដែល​ចាប់​តាំង​ពី​ពេល​នោះ​មក​ត្រូវ​បាន​ជំនួស​ដោយ​យោធា​ទៅ​វិញ។

រដ្ឋាភិបាល​យោធា​និយាយ​ថា ខ្លួន​នឹង​រៀបចំ​ការ​បោះឆ្នោត​ថ្មី​ក្នុង​រយៈពេល ១ ឆ្នាំ​ទៀត ហើយ​កងទ័ព​មីយ៉ាន់ម៉ា​បាន​និយាយ​កាល​សប្តាហ៍​មុន​ថា ទាហាន​មីយ៉ាន់ម៉ា​កំពុង​ស្វែងរក​ចាប់​ខ្លួន​អ្នក​គាំទ្រ​ល្បីៗ ដែល​នៅ​ពី​ក្រោយ​ការ​តវ៉ា​ប្រឆាំង​រដ្ឋប្រហារ​ក្នុង​ខែ​នេះ ​ហើយ​ពួក​គេ​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ធ្វើ​ការ​អធិប្បាយ​នៅ​លើ​បណ្តាញ​សង្គម ដែល​គំរាមកំហែង​ដល់​ស្ថិរភាព​ជាតិ។

រដ្ឋប្រហារ​យោធា​នេះ គឺ​ជា​ឧបសគ្គ​ដ៏​ធំ​មួយ​ចំពោះ​អន្តរកាល​របស់​ប្រទេស​មីយ៉ាន់ម៉ា ឈាន​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ ក្រោយ​ពី​យោធា​គ្រប់គ្រង​រយៈពេល ៥០ ឆ្នាំ ដែល​បាន​ចាប់​ផ្តើម​ដោយ​រដ្ឋប្រហារ​ឆ្នាំ ១៩៦២។

លោកស្រី ​អ៊ុងសាន ស៊ូជី បាន​ឡើង​កាន់​អំណាច ក្រោយ​ពី​គណបក្ស​របស់​លោកស្រី​បាន​ឈ្នះ​ការ​បោះឆ្នោត​ឆ្នាំ ២០១៥ ប៉ុន្តែ​ក្រុម​ឧត្តមសេនីយ៍​បាន​រក្សា​អំណាច​យ៉ាងច្រើន នៅ​ក្រោម​ច្បាប់​រដ្ឋធម្មនុញ្ញ ​ដែល​ត្រូវ​បាន​អនុម័ត​នៅ​ក្រោម​របប​យោធា។

ចំណែក​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នោះ​ដែរ ក្រុម​រដ្ឋមន្ត្រី​ការបរទេស​ EU ត្រូវ​បាន​គេ​រំពឹង​ទុក​ថា នឹង​អនុម័ត​ទណ្ឌកម្ម​ប្រឆាំង​អ្នក​ដែល​នៅ​ពី​ក្រោយ​ការ​បង្ក្រាប​របស់​ប្រ-ទេស​រុស្ស៊ី​ ទៅ​លើ​អ្នក​រិះគន់​វិមាន​ក្រឹមឡាំង​លោក Alexei Navalny និង​ក្រុម​អ្នក​គាំទ្រ​របស់​លោក និង​អ្នក​ទាំងឡាយ​ណា​ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​រដ្ឋប្រហារ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា៕

អត្ថបទគួរចាប់អារម្មណ៍