ប្រជាជន​រុស្ស៊ី​រាប់​ពាន់​នាក់ និង​ក្រុម​អ្នក​ការ​ទូត​លោក​ខាង​លិច​បាន​ចូលរួម​រំឭក​វិញ្ញាណក្ខន្ធ​នៅ​ស្ពាន​មួយ​នៃ​ទីក្រុង​ម៉ូស្គូ ​កាល​ពី​ថ្ងៃ​សៅរ៍ ជា​ទី​ដែល​អ្នក​នយាបាយ​គណបក្ស​ប្រឆាំង​លោក Boris Nemtsov ត្រូវ​បាន​គេ​បាញ់​សម្លាប់​កាល​ពី ៦ ឆ្នាំ​មុន ខណៈ​ដែល​អាមេរិក​បាន​និយាយ​ថា វា​កាន់​តែ​បញ្ហា​ធ្ងន់ធ្ងរ​ថែម​ទៀត ដោយសារ​វិមាន​ក្រឹមឡាំង​រឹតត្បិត​សេរីភាព​នៃ​ការ​បញ្ចេញ​មតិយោបល់។

លោក Nemtsov គឺ​ជា​អ្នក​រិះគន់​ម្នាក់​នៃ​អ្នក​រិះគន់​ខ្លាំង​បំផុត​របស់​លោក វ្ល៉ាឌីមៀរ ពូទីន រហូត​ដល់​លោក​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​លើ​ស្ពាន​មួយ​នៅ​ក្បែរ​វិមាន​ក្រឹម​ឡាំង​កាល​ពី​ថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០១៥។

ខួប ៦ ឆ្នាំ​នៃ​ការ​ស្លាប់​របស់​លោក Nemtsov បាន​កើត​ឡើង​ក្រោយ​ពី​អ្នក​រិះគន់​ល្បី​បំផុត គឺ​លោក Alexei Navalny ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាត់​ទោស ហើយ​ត្រូវ​ជាប់​ពន្ធនាគារ​ជិត ៣ ឆ្នាំ ​ដែល​លោក​បាន​ប្រកាស​ថា គឺ​ជា​រឿង​នយោបាយ។

វិធានការ​នេះ បាន​ធ្វើ​ឱ្យ​​ទំនាក់ទំនង​តានតឹង​ស្រាប់​ជាមួយ​នឹង​លោក​ខាង​លិច​កាន់​តែ​ឡើង​កម្តៅ​ខ្លាំង​ដោយ​សហភាព​អឺរ៉ុប​បាន​ស្វះស្វែង​ដាក់​ទណ្ឌកម្ម​លើ​ទីក្រុង​ម៉ូស្គូ។

ចាប់​តាំង​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ​ប្រជាជន​រុស្ស៊ី​ជា​ច្រើន​នាក់ និង​អ្នក​ការទូត​លោក​ខាង​លិច​បាន​ប្តូរ​វេន​គ្នា​ដាក់​ផ្កា​នៅ​កន្លែង គោរព​វិញ្ញាណក្ខន្ធ​មួយ​ជា​ទី​ដែល​លោក Nemtsov ត្រូវ​បាន​បាញ់​សម្លាប់​ដោយ​គ្រាប់​កាំភ្លើង​ចំនួន ៤ គ្រាប់។ អតីត​នាយក​រដ្ឋមន្ត្រី និង​អ្នក​នយោបាយ​ប្រឆាំង​លោក Mikhail Kasyanov បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​កន្លែង​ជួបជុំ​នោះ​ថា៖ «យើង​ជួបជុំ​គ្នា​នៅ​ត្រង់​កន្លែង​នេះ នៅ​ថ្ងៃ​នេះ រៀងរាល់​ឆ្នាំ ដើម្បី​បង្ហាញ​អាជ្ញាធរ​ថា យើង​មិន​បាន​ភ្លេច​ទេ ហើយ​ក៏​​នឹង​មិន​បំភ្លេច​ដែរ»។

លោក​បាន​និយាយ​ថា៖ «ខ្ញុំ​ជឿជាក់​ថា ​អ្វី​ដែល​លោក Nemtsov បាន​តស៊ូ ដើម្បី​សេរីភាព​សម្រាប់​ប្រជាជន​រុស្ស៊ី​មនុស្ស​ជាតិ​របស់​ពួក​គេ និង​ជីវិត​ប្រកប​ដោយ​ភាព​ថ្លៃថ្នូរ នឹង​កើត​ឡើង​នៅ​ពេល​ឆាប់ៗ​នេះ»។

ពិធី​រំឭក​នេះ តាម​ធម្មតា​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ការ​ហែក្បួន​រហូត​ដល់​កណ្តាល​ទីក្រុង​ម៉ូស្គូ។

អាជ្ញាធរ​ទីក្រុង​ម៉ូស្គូ​បាន​បដិសេធ​សំណើ​សុំ​ធ្វើ​ការ​ហែក្បួន​រំឭក​ដោយសារ​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ ប៉ុន្តែ​ការ​ជួបជុំ​កាល​ពី​ថ្ងៃ​សៅរ៍ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បន្ត​ធ្វើ។

សេចក្តី​ថ្លែងការណ៍​មួយ​ដែល​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​អ្នក​នយោបាយ​ប្រឆាំង​ជាច្រើន និង​ត្រូវ​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​ថា៖ «នេះ​គឺ​ជា​ព្រឹត្តិការណ៍​រំឭក មិនមែន​ការ​ជួបជុំ ឬ​ការ​ហែ​ក្បួន​ទេ»។

ក្រុម​ឃ្លាំមើល White Counter ដែល​បាន​សរុប​ចំនួន​អ្នក​ចូលរួម​ព្រឹត្តិការណ៍​រំឭក​នោះ​បាន​និយាយ​ថា មនុស្ស ៧ ៨០០ នាក់ បាន​ជួបជុំ​គ្នា​ត្រឹម​ម៉ោង ៥ ល្ងាច​ទេ។

លោក Irina Drozdova ជា​មេធាវី​ម្នាក់​មាន​វ័យ ៤៤ ឆ្នាំ បាន​ប្រាប់​សារព័ត៌មាន ​AFP ថា «គាត់ (Nemtsov) និយាយ​ការ​ពិត ហើយ​ដោយសារ​តែ​បញ្ហា​នេះ​នៅ​ក្នុង​ប្រទេស​យើង​អ្នក​ត្រូវ​គេ​សម្លាប់»។

ប្រពន្ធ​របស់​លោក Navalny គឺ​អ្នកស្រី Yulia Navalnaya ក៏​នៅ​ទីនោះ​ដែរ​ហើយ​បាន​ដាក់​កម្រង​ផ្កា​មួយ​ដែរ។

ឯកអគ្គរដ្ឋទូត​អាមេរិក អង់គ្លេស និង ​EU ប្រចាំ​នៅ​ប្រទេស​រុស្ស៊ី ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​តំណាង​លោក​ខាង​លិច​ដទៃ​ទៀត ក៏​បាន​ដាក់​ផ្កា​នៅ​កន្លែង​រំឭក​កាលពី​ថ្ងៃ​សៅរ៍​នោះ​ដែរ។

អ្នក​នាំពាក្យ​ស្ថានទូត​អាមេរិក​លោកស្រី Rebecca Ross បាន​និយាយ​ថា លោក​ឯកអគ្គរដ្ឋទូត John Sullivan បាន​រំឭក​វិញ្ញាណក្ខន្ធ​បុរស​ម្នាក់​ដែល​បាន​ប្តេជ្ញា​ស្វែងរក​អនាគត​ល្អ​ប្រសើរ ដើម្បី​ប្រទេស​របស់​គាត់»។

លោកស្រី​បាន​និយាយ​តាម​ធ្វីធើរ​ថា៖ «គាត់​នៅ​តែ​ជា​កម្លាំង​ជំរុញ​ទឹក​ចិត្ត​ដល់​មនុស្ស​ជា​ច្រើន ដែល​តស៊ូ​ដើម្បី​យុត្តិធម៌ តម្លាភាព និង​សេរីភាព»។

នៅ​ក្នុង​ឆ្នាំ ២០១៧ តុលាការ​មួយ​បាន​រក​ឃើញ​អតីត​មន្ត្រី​កងកម្លាំង​សន្តិសុខ​ម្នាក់​មកពី​ប្រទេស​ឆេឆេនី មាន​ទោស​ពី​បទ​សម្លាប់​លោក Nemtsov ហើយ​បាន​កាត់​ទោស​គាត់​ឱ្យ​ជាប់​គុក ២០ ឆ្នាំ។ បុរស ៤ នាក់​ផ្សេង​ទៀត​ត្រូវ​បាន​រ​កឃើញ​ថា មាន​ទោស​ជាប់​ទាក់ទិន​ក្នុង​ការ​សម្លាប់​នោះ។

ប៉ុន្តែ​ក្រុម​គ្រួសារ​របស់​អ្នក​នយោបាយ​ប្រឆាំង​ដែល​ត្រូវ​គេ​សម្លាប់​នេះ និង​ក្រុម​អ្នក​គាំទ្រ​បាន​បញ្ជាក់​ថា អាជ្ញាធរ​ខកខាន​មិន​បាន​នាំ​យក​ក្រុម​មេគំនិត​នៃ​ការ​សម្លាប់​នោះ​មក​កាត់​ទោស​ទេ៕