ក្រុងបាហ្គោសៈ ប្រជាជន​ជាច្រើន​នាក់​បាន​ភៀសខ្លួន​ចេញ​ពី​ទីតាំង​ឈរជើង​ចុងក្រោយ​របស់​ក្រុម​រដ្ឋ​អ៊ិស្លាម​ IS នៅ​ស៊ីរី​ភាគ​ខាងកើត​កាលពី​ថ្ងៃ​អង្គារ ខណៈ​ដែល​កងកម្លាំង​ឃើដ​គាំទ្រ​ដោយ​អាមេរិក​បាន​បង្កើន​ការវាយប្រហារ​ប្រឆាំង​នឹង​ក្រុម​ជីហាដ​និយម​នៅ​ទី​នោះ​។

ប្រជាជន​រាប់រយ​នាក់​បាន​ភៀសខ្លួន​ទាំង​យប់ ប៉ុន្តែ​ខ្លះ​ទៀត​បាន​រត់គេច​ខ្លួន​នៅពេល​ថ្ងៃ ខណៈ​ដុំ​ផ្សែងខ្មៅ​ងងឹត​បាន​ហុយ​ទ្រលោម​ទៅ​លើ​អាកាស​នៅ​ពី​លើ​ក្រុង​បាហ្គោស​ជា​ទី​ដែល​ក្រុម​យុទ្ធជន IS កំពុង​វាយ​ប្រយុទ្ធ​ការពារ​ទីតាំង​ឈរជើង​ចុង​ក្រោយ​របស់​ពួកគេ​។

ក្រុម​ជ្រុលនិយម IS បាន​ប្រកាស​រដ្ឋ​ «​កាលិហ្វ​» ឆ្លង​ព្រំដែន​នៅ​ក្នុង​ប្រទេស​ស៊ីរី និង​អ៊ីរ៉ាក់​នៅក្នុង​ឆ្នាំ​ ២០១៤ ប៉ុន្តែ​យុទ្ធនាការ​យោធា​ជាច្រើន​ត្រូវ​បាន​គេ​ធ្វើ​ឡើង​នៅ​ព្រំដែន​អ៊ីរ៉ាក់​។

ក្រោយពី​ការពន្យារពេល​ជាង​ ១ ​សប្តាហ៍​ដើម្បី​អនុញ្ញាត​ឲ្យ​ក្រុម​ជនស៊ីវិល​ចាកចេញ​ពី​ទី​នោះ កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី (SDF) បាន​ប្រកាស​វាយប្រហារ​ដណ្តើម​ទីតាំង​ក្រុង​នេះ​ពី​ក្រុម IS យក​មក​កាន់កាប់​វិញ​កាលពី​ថ្ងៃ​សៅរ៍​។

ដោយ​មាន​ជំនួយ​ពី​កង​យន្តហោះ​ចម្បាំង និង​កងកាំភ្លើង​ធំ​របស់​ក្រុមចម្រុះ​ដឹកនាំ​ដោយ​អាមេរិក​នោះ ក្រុម​សម្ព័ន្ធមិត្ត​ដឹកនាំ​ដោយ​ឃើដ​បាន​រុលចូល​កាន់កាប់​ជិត ៤ ​គីឡូម៉ែត្រ​ក្រឡា​។

អ្នកនាំពាក្យ SDF លោក Musefa Bali បាន​និយាយ​ថា​ជនស៊ីវិល ៦០០ ​នាក់​បាន​រត់​ភៀសខ្លួន​ចេញ​ពី​តំបន់​ប្រយុទ្ធ​គ្នា​នោះ​នៅពេល​យប់ ហើយ​ក្រុម​ឃ្លាំមើល​សិទ្ធិ​មនុស្ស​និយាយ​ថា មនុស្ស​ ៣៥០ ​នាក់​ផ្សេង​ទៀត​ភៀស​ខ្លួន​នៅពេល​ថ្ងៃ​៕ PSA