ក្រុង​ណាស៊ីរីយ៉ាហ៍៖ ​ប្រជាជន​អ៊ីរ៉ាក់​ បន្ត​ធ្វើ​ការ​តវ៉ា​ហិង្សា​ប្រឆាំង​នឹង​រដ្ឋាភិបាល​នៅ​ក្នុង​ទីក្រុង​បាកដាដ​ និង​នៅ​តាម​ទីក្រុង​ផ្សេង​ទៀត​នៅ​ភាគ​ខាង​ត្បូង​កាល​ពី​ថ្ងៃ​សៅរ៍​ ដើម្បី​ទាមទារ​ឲ្យ​រុះរើ​ប្រព័ន្ធ​​គ្រប់គ្រង​រដ្ឋាភិបាល​​ទ្រង់ទ្រាយ​ធំ​មួយ​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ជា​អំពើ​ពុក​រលួយ​ និង​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​របស់​ក្រុម​មហា​អំណាច​បរទេស​ ១ ថ្ងៃ​ក្រោយ​ពី​នាយក​រដ្ឋមន្ត្រី ​បាន​ប្តេជ្ញា​លាលែង​ចេញ​ពី​តំណែង​។​

ក្រុម​អ្នក​តវ៉ា​ បាន​ចេញ​តាម​ដង​ផ្លូវ​នានា​ ចាប់​តាំង​ពី​ដើម​ខែ​តុលា​នៅ​ក្នុង​ចលនា​ទ្រង់ទ្រាយ​ធំ​បំផុត​នៅ​ក្នុង​ប្រទេស ​អ៊ីរ៉ាក់​ ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ មាន​ការ​តវ៉ា​អស់​ជា​ច្រើន​ទសវត្សរ៍​ ដែល​បាន​បង្ក​ឡើង​ដោយ​អំពើ​ហិង្សា​យ៉ាង​ឃោរឃៅ​ទៅ​លើ​ក្រុម​បុគ្គលិក​សាធារណៈ​ក្រីក្រ​ ​ភាព​​គ្មាន​ការងារ​ធ្វើ​ និង​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​របស់​រដ្ឋាភិបាល​នៅ​ក្នុង​ទូទាំង​ប្រទេស​ទាំង​មូល។​

យោង​តាម​អ្នក​សារព័ត៌​មាន ​AFP ម្នាក់​ដែល​បាន​ទទួល​បញ្ជី​ឈ្មោះ​សរុប​ពី​ក្រុម​គ្រូ​ពេទ្យ​ និង​គណៈកម្មការ​សិទ្ធិ​មនុស្ស​អ៊ីរ៉ាក់​​បាន​ឲ្យ​ដឹង​ថា ​ក្រុម​កង​កម្លាំង​សន្តិសុខ​ និង​​ប្រដាប់​អាវុធ​ បាន​ឆ្លើយ​តប​ជាមួយ​អំពើ​ហិង្សា​ទៅ​លើ​ក្រុម​បាតុករ​ ដោយ​បាន​បង្ក​ឲ្យ​មនុស្ស​ជាង ​៤២០ ​នាក់​ស្លាប់​ និង ​១៥ ០០០ នាក់​ផ្សេង​ទៀត​បាន​រង​របួស​។​

ចំនួន​អ្នក​ស្លាប់​បាន​កើន​ឡើង​គួរ​ឲ្យ​តក់​ស្លុត​បំផុត​នៅ​ក្នុង​សប្តាហ៍​នេះ​ ខណៈ​ការ​បង្ក្រាប​មួយ​បាន​បណ្តាល​ឲ្យ​មនុស្ស​រាប់​សិប​នាក់​ស្លាប់​នៅ​ទីក្រុង​បាក​ដាដ​៕ AFP/SK