ក្រុងសេអ៊ូលៈ កូរ៉េខាងជើង​បាន​ទាមទារ​ឲ្យ​ក្រុង​សេអ៊ូល​បញ្ជូន​អ្នក​បម្រើ​ស្រី​រាប់​សិប​នាក់​ដែល​បាន​ភៀស​ខ្លួន​ទៅ​កូរ៉េខាងត្បូង​កាល​ពី​ឆ្នាំ​មុន។ ការ​ទាមទារ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ការ​លុប​ចោល​កិច្ច​ជំនួប​អន្តរ​កូរ៉េ​នៅ​ក្រោយ​ពេល​ដែល​ការ​ខិត​ចូល​គ្នា​បាន​រយៈពេល​ជាច្រើន​សប្ដាហ៍​កន្លង​មក។

រឿងនេះ​គឺជា​សំណុំរឿង​ដ៏​ចម្រូងចម្រាស​មួយ ដោយសារតែ​ក្រុង​ព្យុងយ៉ាង​បាន​អះអាង​ថា ស្ត្រី​ទាំង​អស់​ត្រូវ​បាន​ចាប់ ជំរិត​ពី​ភោជ​នីយដ្ឋាន​រដ្ឋ​របស់​កូរ៉េខាងជើង ដែល​ស្ថិត​នៅ​ក្នុ​ងប្រទេស​ចិន ខណៈ​ខាង​ភាគី​ទីក្រុង​សេអ៊ូល​វិញ បាន​ទទូច​ថា​ពួកគេ​បាន​រត់​គេច​មក​ទីនេះ​ដោយ​ខ្លួន​គេ​ផ្ទាល់​ទេ។

ប៉ុន្តែ​អ្នកគ្រប់គ្រង​ភោជនីយដ្ឋាន​ថ្លែង​នៅក្នុង​កិច្ចសម្ភាសន៍​ថ្មីៗ​នេះ​ថា លោក​បាន​ភូតកុហក ស្ត្រី​ទាំង​នោះ និង​បាន គំរាម​ពួកគេ​ឲ្យ​ធ្វើ​តាម​រូប​លោក​នៅ​ក្រោម​បញ្ជា​របស់​ភ្នាក់ងារ​ចារកម្ម​របស់​ក្រុង​សេអ៊ូល។

សេចក្តីថ្លែងការណ៍​រប​ស់​ក្រុម​កាកបាទ​ក្រហម​កូរ៉េខាងជើង​ដែល​បាន​ផ្សាយ​ដោយ​ភ្នាក់ងារ​សារ​ព័ត៌មាន​ផ្លូវការ​កូរ៉េខាងជើង KCNA កាល​ពី​ថ្ងៃ​សៅរ៍ បាន​ឲ្យ​ដឹង​ថា វាសនា​នៃ​អ្នក​បម្រើ​ស្ត្រី​ទាំង​នោះ អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់​ទំនង​នៃ​ប្រទេស​ទាំង ២។

សេចក្ដីថ្លែងការណ៍​នោះ បាន​ឲ្យ​ដឹងថា៖ «អាជ្ញាធរ​កូរ៉េខាងត្បូង គួរតែ​បញ្ជូន​ស្ត្រី​ទាំងនោះ មក​ឲ្យ​គ្រួសារ​របស់​ពួកគេ​វិញ ហើយ​ការ​ធ្វើ​នោះ​នឹង​ជួយ​ទំនាក់​ទំនង​កូរ៉េ​ទាំង ២»។

នៅឯ​កិច្ចប្រជុំ​កាលពី​ខែ​មុន​ដែល​ត្រូវបាន​ធ្វើឡើង​នៅ​ក្នុង​តំបន់​គ្មាន​កងទ័ព ដែល​ខណ្ឌ​ចែក​ឧបទ្វីប​កូរ៉េ​នោះ លោក​គីម ជុងអ៊ុន មេដឹកនាំ​កូរ៉េខាងជើង​និង​លោក​ប្រធានា​ធិបតី​កូរ៉េខាងត្បូង​ម៉ូន ជេអ៊ីន សន្យា​ថា​នឹង​ព្យាយាម​លុប​បំបាត់​អាវុធ​នុយក្លែអ៊ែរ៕