កាល​ពីថ្ងៃ​អង្គារ ​ទី ៦ មេសា​ ប្រទេស​កូរ៉េខាង​ជើង​ ប្រកាសថា​នឹងមិន​ចូលរួម​ក្នុង​ព្រឹត្តិ​ការណ៍កី​ឡាអូឡាំពិក​ទីក្រុង​តូក្យូ​នៅឆ្នាំនេះទេ​ ដោយសារ​តែ​ការ​ព្រួយ​បារម្ភអំពី​ការ​រីករាល​ដាល​កូវីដ ១៩។

ការដែល​ប្រទេស​កូរ៉េខាង​ជើង ​មិន​ចូល​រួមព្រឹត្តិ​ការណ៍​អូឡាំពិក​ឆ្នាំនេះ​ធ្វើឱ្យ​ផែនការ​ដែលបាន​ព្រមព្រៀង​គ្នានៅ​ក្នុង​កិច្ច​ប្រជុំកំពូល​ឆ្នាំ​ ២០១៨ ​ថយក្រោយ​មួយ​ជំហាន។ កិច្ច​ព្រមព្រៀង​គ្នានៅ​ក្នុងកិច្ច​ប្រជុំ​កំពូលឆ្នាំ ​២០១៨ រវាង​ប្រទេស​កូរ៉េខាងត្បូង​ និង​កូរ៉េខាងជើង​ គឺ​ធ្វើឡើង​ក្នុង​ការ​សន្យារួម​ដៃគ្នា​រវាង​ប្រទេស​ទាំង ២​ ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ឆ្នាំ ​២០៣២ ។

ក្រសួង​បង្រួបបង្រួម​ជាតិកូរ៉េ​ខាងត្បូង​ទទួល​បន្ទុកកិច្ច​ការ​អន្តរកូរ៉េ​បាន​និយាយថា ​ក្រុងសេអ៊ូល​សង្ឃឹមថា​ កីឡា​អូឡាំពិក​នៅទី​ក្រុង​តូក្យូនឹង​ជា​ឱកាសមួយ​ ដើម្បី​ជំរុញឱ្យ​មាន​សន្តិភាព និង​ការ​បង្រួប​បង្រួម​រវាង​កូរ៉េទាំង ២។

អ្នករៀប​ចំ​ព្រឹត្តិការណ៍​អូឡាំពិកទី​ក្រុងតូក្យូ​បាន​និយាយ​ថា ពួកគេ​បានដឹង​អំពី​ដំណឹង​របស់​កូរ៉េខាង​ជើង​ក្នុងការ​មិន​ចូលរួម​ព្រឹត្តិ​ការណ៍នេះ ​ហើយនឹង​ធ្វើការ​ជាមួយ​ប្រទេស​ដទៃ​ទៀត​ដើម្បីឱ្យ​ ព្រឹត្តិ​ការណ៍​កីឡានេះ​ទទួល​បាន​ជោគជ័យ៕