កាល​ពី​ថ្ងៃ​អាទិត្យ ទី ៧ កុម្ភៈ និយតករ​ទីផ្សារ​ចិន​បាន​ចេញ​ច្បាប់​ប្រឆាំង​នឹង​ការ​ធ្វើ​អាជីវកម្ម​ផ្ដាច់​មុខ ដែល​ផ្ដោត​ទៅ​លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​ដូចជា Alibaba និង Tencent ជា​ដើម។

ច្បាប់​ថ្មី​នេះ បាន​បញ្ជាក់​ពី​សកម្មភាព​អាជីវកម្ម​ផ្ដាច់​មុខ​ជា​ច្រើន​ដែល​និយតករ​គ្រោង​នឹង​បង្ក្រាប ដែល​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​ដាក់​សម្ពាធ​ថ្មី​លើ​សេវាកម្ម​ទីផ្សារ​អ៊ីនធឺណិត​ឈាន​មុខ​គេ​របស់​ប្រទេស​នេះ​ដូចជា​ផ្សារ Taobao របស់ ​Alibaba និង Tmall រួមទាំង​សេវាកម្ម​ទូទាត់​ប្រាក់​ដូចជា Alipay របស់ Ant Group ឬ WeChat Pay របស់ Tencent ជាដើម។

រដ្ឋបាល​សម្រាប់​និយតកម្ម​ទីផ្សារ (SAMR) បាន​និយាយ​ថា ច្បាប់​នេះ​នឹង «បញ្ឈប់​អាកប្បកិរិយា​ផ្តាច់​មុខ​នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច និង​ការពារ​ការ​ប្រកួតប្រជែង​ដោយ​យុត្តិធម៌​នៅ​ក្នុង​ទីផ្សារ»៕