ក្រុង​ប៉េកាំង៖ ​ប្រទេស​ចិន ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​ថា​ ​ខ្លួន​បាន​ឈាន​ដល់ ​«ការ​ឯកភាព​​ជា​វិជ្ជមាន​» ​​ជាមួយ​នឹង​ឥណ្ឌា​ ជុំវិញ​ការ​ដោះ​ស្រាយ​ភាព​តានតឹង​នៅ​តាម​ព្រំដែន​រវាង​ប្រទេស​ទាំង ​២ ​ជា​ទី​ដែល​កងកម្លាំង​ភាគី​ទាំង ​២​ បាន​ប្រឈម​មុខ​ដាក់​គ្នា​កាល​ពី​ប៉ុន្មាន​សប្តាហ៍​ថ្មី​ៗ​នេះ​។​

ភាព​តានតឹង​បាន​ផ្ទុះ​ឡើង​ជាប្រចាំ​ រវាង​ប្រទេស​មហា​អំណាច​ក្នុង​តំបន់​ទាំង ​២​ នៅ​តាម​ព្រំដែន​របស់​ពួក​គេ​មាន​ប្រវែង ​៣ ៥០០ ​គីឡូម៉ែត្រ​ ដែល​មិន​បាន​កំណត់​ព្រំដែន​ឲ្យ​បាន​ត្រឹម​ត្រូវ​នោះ​ទេ​។​

ទាហាន​ជា​ច្រើន​ពាន់​នាក់​ មក​ពី​ប្រទេស​ជិត​ខាង​គ្នា​ប្រដាប់​ដោយ​អាវុធ​នុយក្លេអ៊ែរ​ទាំង ​២ ​នេះ​បាន​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​ការ​ប្រឈម​មុខ​ដាក់​គ្នា​ចុង​ក្រោយ​បំផុត​ចាប់​តាំង​ពី​ខែ​ឧសភា​ នៅ​​តំបន់​ឡាដាក់ហ៍​របស់​​ប្រទេស​ឥណ្ឌា​ នៅ​ទល់​មុខ​តំបន់​ទីបេ​នៅ​មុន​ចុះ​កិច្ច​ព្រមព្រៀង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​ ដែល​ជិត​ឈាន​ដល់​ដំណោះស្រាយ​មួយ​រវាង​ប្រទេស​ទាំង ​២ ​នៅ​អាស៊ី​។​

អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​ លោកស្រី ​ហ៊ួ ​ឈុនយីង​ បាន​ថ្លែង​នៅ​ឯសន្និសីទ​សារព័ត៌មាន​មួយ​ថា​៖ ​«​ការ​ឯកភាព​វិជ្ជមាន» ​មួយ​ស្តីពី​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ចុង​ក្រោយ​បំផុត​ គឺ​ទទួល​បាន​​លទ្ធផល​ផ្លែផ្កា​បន្ទាប់​ពី ​«​ការ​ទំនាក់ទំនង​យ៉ាង​មាន​ប្រសិទ្ធភាព​» ​តាមរយៈ​ការ​ទូត​ និង​យោធា​។​

លោកស្រី ​ហ៊ួ​ ឈុន​យីង ​បាន​ថ្លែង​ថា​៖ «​បច្ចុប្បន្ន​ភាគី​ប្រទេស​ទាំង ​២​ កំពុង​ចាត់​វិធានការ​យ៉ាង​ត្រឹមត្រូវ​ ដើម្បី​បន្ធូរ​បន្ថយ​ស្ថានការណ៍​នៅ​តាម​ព្រំដែន​ ដែល​ពឹង​​​ផ្អែក​ទៅ​លើ​ការ​ឯកភាព​គ្នា​នេះ​»​។​

ក្រុង​ញូវដែលី​បាន​ថ្លែង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ ប្រទេស​ទាំង ​២ ​បាន​យល់ព្រម ​«​ដោះស្រាយ​ភាព​​តានតឹង​​ផ្ទុះ​ឡើង​នៅ​តាម​ព្រំដែន​ដោយ​សន្តិវិធី​»​ ក្រោយ​ពី​កិច្ច​ប្រជុំ​កម្រិត​ខ្ពស់​មួយ​រវាង​មេ​បញ្ជា​ការ​យោធា​​នៃ​ប្រទេស​ទាំង ​២ ​នេះ​។​

ប្រទេស​ឥណ្ឌា ​បាន​ថ្លែង​ថា​ មេ​បញ្ជាការ​នៃ​ប្រទេស​ទាំង ​២​ បាន​ឯកភាព​គ្នា​ទៅ​លើ ​«​ដំណោះ​ស្រាយ​បឋម​» ​មួយ​ គឺ​មាន ​«​សារៈសំខាន់​» ចំពោះ​​ការ​ទំនាក់ទំនង​រវាង​ប្រទេស​ ដែល​មាន​ប្រជាជន​ច្រើន​ជាង​គេ​បំផុត ​២ ​នៅ​ពិភព​លោក​។​

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ ​ក្រសួង​ការ​បរទេស​ឥណ្ឌា​បាន​ថ្លែង​ថា​ ភាគី​ប្រទេស​ទាំង ​២ ​នឹង ​«​បន្ត​ទំនាក់​ទំនង​ការ​ទូត ​និង​យោធា​ ដើម្បី​ដោះស្រាយ​ស្ថានការណ៍​ និង​ធានា​សន្តិភាព​ និង​ភាព​សុខសាន្ត​នៅ​តាម​តំបន់​ព្រំដែន​»​។​

ប្រភព​ជា​ច្រើន ​និង​សារព័ត៌មាន​ឥណ្ឌា​បាន​រាយការណ៍​ថា​ ប្រទេស​ឥណ្ឌា ​ទំនង​ជា​បាន​ធ្វើ​សម្បទាន​តំបន់​ខ្លះ​ទៅ​ឲ្យ​ប្រទេស​ចិន​ ដែល​យោធា​រំដោះ​ប្រជាជន​ចិន​បាន​កាន់កាប់​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មី​ៗ​នេះ​ ជា​ពិសេស​នៅ​តាម​ផ្នែក​ខ្លះ​នៃ​បឹង ​Pangong ​Tso ​និង​ផ្នែក​នៃ​ជ្រលង​ទន្លេ​ហ្គាល់​វ៉ាន់​ដ៏​​សំខាន់​នោះ៕ AFP/SK​