កាល​ពី​ថ្ងៃ​សៅរ៍ ទី ២៧ មីនា ​ប្រទេស​ចិន និង​អ៊ីរ៉ង់ ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សហប្រតិបត្តិការ​រយៈពេល ២៥ ឆ្នាំ ​រវាង​សម្ព័ន្ធមិត្ត​ទាំង ២។

រដ្ឋមន្ត្រី​ការបរទេស​ចិន លោក Wang Yi និង​ប្រធានាធិបតី​អ៊ីរ៉ង់ ​លោក Hassan Rouhani បាន​ជួបគ្នា​មុន​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​នេះ ​ដែល​រួមបញ្ចូល​ការ​វិនិយោគ​របស់​ចិន​នៅ​ក្នុង​វិស័យ​សំខាន់ៗ​ដូចជា​ថាមពល និង​ហេដ្ឋារចនាសម្ព័ន្ធ។

លោក Saeed Khatibzadeh អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អ៊ីរ៉ង់​បាន​និយាយ​ថា ឯកសារ​នេះ ​គឺ​ជា​ផែនទី​បង្ហាញ​ផ្លូវ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​សេដ្ឋកិច្ច និង​ដឹកជញ្ជូន​ដោយ​ផ្តោត​ជា​ពិសេស​ទៅ​លើ​វិស័យ​ឯកជន​ពី​ភាគី​ទាំង ២៕