អ្នក​វិភាគ​អាមេរិក​បាន​ដក​ស្រង់​ប្រភព​ស៊ើបការណ៍​សម្ងាត់​របស់​ជប៉ុន ដែល​មិន​បាន​បញ្ជាក់​​អត្តសញ្ញាណ​កាល​ពី​ថ្ងៃទី ​១ ខែ​ធ្នូ ថា​ ប្រទេស​ចិន ​បាន​ផ្តល់​វ៉ាក់សាំង​កូវីដ ១៩​ ទៅ​ដល់​មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង​ លោក ​គីម ជុងអ៊ុន ​និង​ក្រុម​គ្រួសារ​របស់​លោក​។

លោក ​Harry Kazianis អ្នក​ជំនាញ​កូរ៉េ​ខាង​ជើង​ប្រចាំ​នៅ​មជ្ឈមណ្ឌល​សម្រាប់​ក្រុម​អ្នក​គិតគូរ​ផល​ប្រយោជន៍​ជាតិ​ (Center for the National Interest think tank) នៅ​ទីក្រុង​វ៉ាស៊ីនតោន​បាន​និយាយ​ថា ​លោក​ គីម និង​មន្ត្រី​ជាន់​ខ្ពស់​កូរ៉េ​ខាង​ជើង​មួយ​ចំនួន​ ត្រូវ​បាន​ចាក់​វ៉ាក់សាំង​កូវីដ ១៩​ ដែល​បាន​​ពី​ប្រទេស​ចិន។​

លោក​បាន​និយាយ​បន្ថែម​ថា មិន​មាន​ព័ត៌មាន​ច្បាស់​ទេ​ថា​ ក្រុមហ៊ុន​ណា​ដែល​បាន​ផ្គត់ផ្គង់​វ៉ាក់សាំង​របស់​ខ្លួន​ទៅ​ឱ្យ​ លោក ​គីម ​ហើយ​ថា​ក៏​មិន​ដឹង​ពី​សុវត្ថិភាព​របស់​វ៉ាក់សាំង​នោះ​ថា​យ៉ាង​ណា​​​ដែរ។

អ្នក​វិទ្យាសាស្ត្រ​វេជ្ជសាស្រ្ត​សហរដ្ឋ​អាមេរិក​លោក ​Peter J. Hotez បាន​និយាយ​ថា​ យ៉ាង​ហោច​ណាស់​មាន​ក្រុមហ៊ុន​ចិន​ចំនួន ៣ កំពុង​បង្កើត​វ៉ាក់សាំង​ការពារ​ការ​ឆ្លង​វីរុស​កូរ៉ូណា​រួម​មាន ​Sinovac Biotech Ltd, CanSinoBio និង Sinophram Group។

ក្រុមហ៊ុន​ Sinophram​ និយាយ​ថា​ វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ខ្លួន​ត្រូវ​បាន​ប្រើប្រាស់​ដោយ​​ប្រជាជន​ជិត ​១ ​លាន​នាក់​នៅ​ក្នុង​ប្រទេស​ចិន​ ទោះបី​ជា​មិន​មាន​​ក្រុមហ៊ុន​ណា​ត្រូវ​បាន​គេ​ដឹង​ថា បាន​បើក​ដំណើរការ​ការ​សាកល្បង​វ៉ាក់សាំង​ដំណាក់កាល​ទី៣ ​ជា​សាធារណៈ​របស់​ពួក​គេ​នៅ​ឡើយ។

ប្រទេស​កូរ៉េ​ខាង​ជើង ​មិន​បាន​​បញ្ជាក់​ពី​ការ​ឆ្លង​ជំងឺ​នេះ​ទេ ​ប៉ុន្តែ​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​​ជាតិ​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង ​បាន​និយាយ​ថា ​ការ​ផ្ទុះ​ឡើង​នៅ​ទីនោះ​ប្រាកដ​ជា​មាន​ ព្រោះ​ប្រទេស​នេះ​មាន​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ចិន​ ដែល​ជា​ប្រភព​នៃ​ជំងឺ​រាតត្បាត​នេះ ​មុន​ពេល​បិទ​ព្រំដែន​នៅ​ចុង​ខែ​មករា ​ដើម​ឆ្នាំ ​២០២០។

ក្រុមហ៊ុន Microsoft ​បាន​និយាយ​កាល​ពី​ខែ​វិច្ឆិកា ថា ​ក្រុម ​hacking ​របស់​កូរ៉េ​ខាង​ជើង​ចំនួន ​២ ​ក្រុម ​បាន​ព្យាយាម​បំបែក​បណ្តាញ​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​នៅ​តាម​បណ្តា​ប្រទេស​ជាច្រើន។

ក្រុមហ៊ុន​ AstraZeneca ​របស់​​ចក្រភព​អង់គ្លេស​ក៏​ត្រូវ​បាន​​គេ​ព្យាយាម​លួច​ចូល​ក្នុង​បណ្តាញ​ផង​ដែរ​។

ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​កូរ៉េ​ខាង​ត្បូង​បាន​និយាយ​កាល​ពី​សប្តាហ៍​មុន​ថា ​ខ្លួន​បាន​ទប់​ការ​ប៉ុនប៉ង​របស់​កូរ៉េ​ខាង​ជើង​ក្នុង​ការ​លួច​ចូល​ទៅ​ក្នុង​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​កូវីដ ​១៩​ អ្នក​តំណាងរាស្ត្រ Ha Tae-keung និង ​Kim Byung-kee ដែល​មិន​បាន​រាយការណ៍​បញ្ជាក់​ថា ​តើ​ក្រុមហ៊ុន​​ណា​ជា​គោលដៅ​នៃ​ការ​ប៉ុនប៉ង​លួច​ចូល​បណ្តាញ​ពី​សំណាក់​កូរ៉េ​ខាង​ជើង​នោះ​ទេ។

វា​កើត​ឡើង​​បន្ទាប់​ពីក្រុម​ Hacker​ ធ្វើ​ការ​ឱ្យ​រដ្ឋាភិបាល​រុស្ស៊ី​ និង​កូរ៉េ​ខាង​ជើង​ ផ្តោត​លើ​ក្រុមហ៊ុន​ឱសថ​​ចំនួន ៧​ និង​អ្នក​ស្រាវជ្រាវ​​វ៉ាក់សាំង​នៅ​កាណាដា ​បារាំង​ ឥណ្ឌា ​កូរ៉េខាងត្បូង​ និង​សហរដ្ឋ​អាមេរិក ដូច​ដែល​បាន​បង្ហាញ​​ដោយ​ក្រុមហ៊ុន ​Microsoft។

ក្រុម​អ្នក​តាក់តែង​ច្បាប់​បាន​និយាយ​ថា​ ការ​ប៉ុនប៉ង​លួច​នេះ ​គឺ​ជា​ផ្នែក​មួយ​នៃ​សកម្មភាព​មិន​សម​ហេតុផល​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ប្រទេស​កូរ៉េ​ខាង​ជើង ​ដោយសារ​តែ​ការ​ប៉ះពាល់​ដែល​បណ្តាល​មក​ពី​កូវីដ ១៩​។

ក្រុម​រុស្ស៊ី​ដែល​មាន​ឈ្មោះ​ហៅ​​ក្រៅ​ថា «Fancy Bear» និង​ក្រុម​​​​កូរ៉េ​ខាង​ជើង​ដែល​មាន​ឈ្មោះ​ថា ​«Zinc» និង «Cerium» ជាប់​​ទាក់ទង​នឹង​ការ​វាយ​ប្រហារ​តាម​អ៊ីនធឺណិត​ថ្មីៗ​នេះ។

មជ្ឈមណ្ឌល​សន្តិសុខ​តាម​អ៊ីនធឺណិត​ជាតិ​អង់គ្លេស (National Cyber Security Centre) ធ្លាប់​បាន​និយាយ​ថា ក្រុម​​ hacker រុស្ស៊ី​កំពុង​កំណត់​គោលដៅ​ស្រាវជ្រាវ​វ៉ាក់សាំង​ ប៉ុន្តែ​រុស្ស៊ី​បាន​បដិសេធ​។

ក្រុមហ៊ុន​ Microsoft ​ដែល​បង្កើត​កម្មវិធី​សុវត្ថិភាព​តាម​អ៊ីនធឺណិត​បាន​និយាយ​ថា​ខ្លួន​បាន​រក​ឃើញ​ការ​ប៉ុនប៉ង​បំបែក​ប្រព័ន្ធ​កុំព្យូទ័រ​របស់​ក្រុមហ៊ុន​ឱសថ​ចំនួន ៧។

អ្នក​ស្រាវជ្រាវ​វ៉ាក់សាំង​នៅ​ក្នុង​ប្រទេស​កាណាដា ​បារាំង ​ឥណ្ឌា​​ កូរ៉េខាងត្បូង​ និង​សហរដ្ឋ​អាមេរិក​ក៏​ត្រូវ​បាន​កំណត់​គោលដៅ​ក្នុង​ការ​លួច​ចូល​បណ្តាញ​ពី​សំណាក់​ក្រុម​ hacker​ ផង​ដែរ​។

ទាំង​អស់​នេះ​ គឺ​ជា​ផ្នែក​មួយ​នៃ​​ការ​ប្រណាំង​ជា​សកល​សម្រាប់​ស្វែងរក​វ៉ាក់សាំង​កូវីដ ១៩​ ខណៈ​ដែល​ប្រទេស​នានា​ស្វែងរក​ផល​ប្រយោជន៍​ពី​គ្នា​ទៅ​វិញ​ទៅ​មក។

ការ​រក​ឃើញ​វ៉ាក់សាំង​នេះ​មាន​អត្ថប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​សង្គម​ និង​សុខភាព​ក៏​ដូច​ជា​កិត្យានុភាព​នៅ​ក្នុង​ការ​អភិវឌ្ឍ​ការ​ព្យាបាល​ និង​វ៉ាក់សាំង​ឱ្យ​បាន​ឆាប់​រហ័ស។​ ភាគ​ច្រើន​នៃ​ការ​វាយ​ប្រហារ​តាម​អ៊ីនធឺណិត​នេះ ​ទាក់ទង​នឹង​ការ​ធ្វើ​ចារកម្ម​លួច​ព័ត៌មាន​៕