ជំរឿនចុងក្រោយរបស់ប្រទេសចិន បង្ហាញថា បុរសជនជាតិចិន ប្រហែល ៣០ លាននាក់មិនទាន់រៀបការ ដោយសារមានចំនួនមនុស្សស្រីតិចមិនសមាមាត្រគ្នា ដែលបញ្ហានេះទំនងជាមិនត្រូវបានដោះស្រាយនៅពេលឆាប់ៗនេះទេ។
យោងតាមជំរឿនប្រជាជនថ្នាក់ជាតិលើកទី៧ របស់ប្រទេសចិន ដែលបានប្រកាសដោយការិយាល័យស្ថិតិជាតិកាលពីសប្តាហ៍មុនក្នុងចំណោមទារក ១២ លាននាក់ ដែលបានកើតកាលពីឆ្នាំមុនមានក្មេងប្រុសចំនួន ១១១,៣ នាក់សម្រាប់ក្មេងស្រី ១០០ នាក់។
លោក Jiang Quanbao សាស្រ្តាចារ្យផ្នែកប្រជាសាស្ត្រនៃសាកលវិទ្យាល័យ Xian Jiaotong បាននិយាយថា៖ «គេប៉ាន់ប្រមាណថានៅចន្លោះ ឆ្នាំ ១៩៨០ និង ២០២០ មានមនុស្សប្រុសប្រហែលជា ៣០ លានទៅ ៤០ លាននាក់ច្រើនជាងកើត នៅប្រទេសចិន ជាងស្ត្រីដែលធ្វើឱ្យមានកង្វះនៃមនុស្សសម្រាប់រៀបអាពាពិពាហ៍»។
លោកបាននិយាយថា គោលនយោបាយកូនតែ១របស់ប្រទេសចិន ដែលបានអនុវត្តនៅឆ្នាំ ១៩៧៩ និងបានដកចេញនៅឆ្នាំ ២០១៦ បានធ្វើឱ្យមានការរំលូតកូនស្រី ដែលភាគច្រើនជនជាតិចិនចង់បានកូនប្រុសជាង។
ការិយាល័យស្ថិតិជាតិចិនបាននិយាយថា អត្រានៃការមានកូន របស់ប្រទេសចិន គឺមានកុមារ ១,៣ នាក់ ក្នុងស្ត្រីម្នាក់ពោល គឺទាបជាងចំនួនដែលត្រូវការ ដើម្បីរក្សាប្រជាជនឱ្យមានស្ថិរភាពគឺ ២,១ នាក់ចំពោះស្រ្តីម្នាក់។
គោលនយោបាយកូនតែ ១ បង្កើតឡើង ដើម្បីកាត់បន្ថយកំណើនប្រជាជន។ អ្វីដែលគួរឱ្យ កត់សម្គាល់នោះ គឺសមាមាត្រភេទទូទៅរបស់ប្រទេសនេះ គឺបុរសមានច្រើនជាងស្រ្តី។
ជាទូទៅកូនប្រុសត្រូវបានប្រជាជនចិនពេញចិត្តជាងកូនស្រីជាពិសេសនៅតំបន់ជនបទ។ តាមទំនៀមទម្លាប់ចិនកូនប្រុសទទួលនាមត្រកូល និងទ្រព្យសម្បត្តិហើយទទួលខុសត្រូវចំពោះការថែទាំឪពុកម្តាយវ័យចំណាស់។
នៅពេលដែលគ្រួសារភាគច្រើនត្រូវបានគេដាក់កម្រិតលើការមានកូនតែ ១ បណ្តាលឱ្យ មានករណីរំលូតកូនស្រីកើនឡើង។ ក្រៅពីការរំលូតកូន កុមារីមួយចំនួនត្រូវបានគេដាក់នៅ ក្នុងមណ្ឌលកុមារកំព្រាឬបោះបង់ចោល។
លោក Cai Yong សាស្ត្រាចារ្យរងផ្នែកប្រជាសាស្ត្រសង្គមនៅសាកលវិទ្យាល័យ North Carolina មាននិយាយថា បុរសមកពីវណ្ណៈសង្គមទាបប្រឈមនឹងការលំបាកបំផុតក្នុងការស្វែងរកកូនក្រមុំ ដើម្បីរៀបការ។
លោកបាននិយាយថា៖ «ពួកគេមិនមានជំនាញច្បាស់លាស់ និងពិបាកក្នុងការប្រកួតប្រជែង។ ពួកគេភាគច្រើនមកពីតំបន់ជនបទហើយមិនសូវទទួលបានការអប់រំច្រើនឡើយ»។
លោក Cai បានបន្តនិយាយថា នៅប្រទេសផ្សេងបុរសទាំងនោះ អាចរៀបការជាមួយនារីនៅ តាមបណ្តាប្រទេសផ្សេង ប៉ុន្តែទំហំនៃបញ្ហានៅក្នុងប្រទេសចិន មិនមែនជាការងាយស្រួលនោះទេ។ លោកបាននិយាយថា មានបុរស ២០ ទៅ ៣០ លាននាក់ ដែលកំពុងស្វែងរកប្រពន្ធដែលចំនួននេះ គឺច្រើនជាងប្រជាជនទាំងមូលនៃប្រទេសមួយចំនួនផងដែរ។
លោកស្រី Isabelle Attane អ្នកស្រាវជ្រាវនៅវិទ្យាស្ថានបារាំងសម្រាប់ការសិក្សាប្រជាសាស្ត្របាននិយាយថា កង្វះស្ត្រីនៅប្រទេសចិន បានធ្វើឱ្យស្ថានភាពសង្គមរបស់ពួកគេមានភាពប្រសើរឡើងបន្តិច។ ឪពុកម្តាយចិនអាចនឹងចាប់ផ្តើមឱ្យតម្លៃកូនស្រី ហើយអាចទុកចិត្តថា មានអ្នកមើលថែពួកគេនៅវ័យចំណាស់។
ជាលទ្ធផលលោកស្រី Attane បាននិយាយថា លោកស្រីរំពឹងថា អត្រាសមាមាត្រភេទរបស់ទារកនៅប្រទេសចិន នឹងមានលក្ខណៈធម្មតានៅទសវត្សរ៍ក្រោយ។ ជាមធ្យមពិភពលោកគឺក្មេងប្រុសប្រហែល ១០៥ នាក់ សម្រាប់ក្មេងស្រី ១០០ នាក់។
បើប្រៀបធៀបនឹងសម័យបុរាណឈ្មោះគ្រួសារមិនសូវសំខាន់នៅក្នុងសតវត្សរ៍ទី២១ ឡើយ ដោយមានកុមារកាន់តែច្រើនឡើងៗបានយកឈ្មោះគ្រួសាររបស់ម្តាយពួកគេ។ ការផ្លាស់ប្តូរមួយនេះ គឺលេចឡើងបន្ទាប់ពីមានការបន្ធូរបន្ថយគោលនយោបាយកូនតែ ១ របស់ប្រទេសចិន៕