កាល​ពី​ថ្ងៃ​អង្គារ ​ទី ៣០ មីនា ​សភា​ចិន​បាន​ឯកភាព​ជា​ឯកច្ឆន្ទ​លើ​ផែនការ​កំណែ​ទម្រង់​ប្រព័ន្ធ​បោះឆ្នោត​របស់​ហុងកុង។ គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា​តំណាង​ប្រជាជន​ជាតិ​បាន​អនុម័ត​ផែនការ​នេះ ​ដោយ​មាន​សំឡេង​គាំទ្រ​ ១៦៧ ​សំឡេង។

គណៈកម្មាធិការ​បោះឆ្នោត​នឹង​ជ្រើសរើស​តំណាង ៤០ នាក់ ដែល​គណៈកម្មាធិការ​គាំទ្រ​ក្រុង​ប៉េកាំង អាច​ទុក​ចិត្ត​ដោយ​មិន​រាប់​បញ្ចូល​សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​ទៀត​ទេ។ កាល​ពី​មុន​សមាជិក​ពាក់​កណ្តាល​នៃ​សមាជិក​ទាំង​អស់​ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ដោយ​សាធារណៈ។

តាម​ច្បាប់​ថ្មី​របស់​ហុងកុង​អសនៈ​នឹង​ត្រូវ​បង្កើន​ចំនួន​ពី ៧០ ទៅ ៩០ អាសនៈ។ ប្រតិភូ​ហុងកុង​នៅ​សភា​ប្រទេស​ចិន លោក Tam Yiu-chung បាន​និយាយ​ថា​មាន​តែ ២០ អាសនៈ​តែ​ប៉ុណ្ណោះ ដែល​នឹង​ត្រូវ​បោះឆ្នោត​ជ្រើសរើស​ដោយ​ផ្ទាល់ ដែល​ចំនួន​នេះ គឺ​ថយ​ប្រមាណ ១៥ អាសនៈ ។ នេះ​បើ​យោង​តាម​ការ​រាយការណ៍​របស់​សារព័ត៌មាន France24 ។

អាសនៈ​ចំនួន ៣០ ដែល​នៅ​សេសសល់​នឹង​ត្រូវ​ជ្រើស​ដោយ​មណ្ឌល​បោះឆ្នោត​ដែល​មាន​មុខងារ​ជា​អង្គភាព​ដែល​តំណាង​ឱ្យ​វិស័យ​ជាក់លាក់​ និង​ក្រុម​ដែល​មាន​ប្រវត្តិ​ស្មោះត្រង់​ជាមួយ​ទីក្រុង​ប៉េកាំង៕