កាល​ពី​ថ្ងៃ​អង្គារ ទី ៦ មេសា​ ប្រទេសតួកគី​ បានកោះ​ហៅឯក​អគ្គរដ្ឋទូត​ចិន​បន្ទាប់ពី​ស្ថានទូត​ចិន​បាន​និយាយ​ថា ខ្លួនមាន​សិទ្ធិក្នុង​ការឆ្លើយតប​ចំពោះ​មេដឹកនាំ​ប្រឆាំង​តួកគី​ ដែលបាន​រិះគន់​សកម្មភាព​របស់ចិន​ទៅលើមូស្លីម​អ៊ុយហ្គ័រ។

មេដឹកនាំ​គណបក្ស ​IYI លោកស្រី ​MeralAksener​ និង​អភិបាល​ក្រុងអង់ការ៉ា​ Mansur Yavas នៃ​បក្សប្រឆាំង​បាន​រិះគន់​ចំពោះ​សកម្មភាព​ចិន​ទៅលើ​ជនជាតិ មូស្លីម​អ៊ុយហ្គ័រ​ដែល​សំដៅ​ទៅលើ​អំពើហឹង្សា​កាលពី​ ៣ ​ទសវត្សរ៍។

ស្ថានទូត​ចិនបាន​និយាយថា៖ «ភាគីចិន​ប្រឆាំង​ដាច់ខាត​ចំពោះបុគ្គល​ដែលមាន​អំណាចណា​មួយដែល​ប្រឆាំងនឹង​អធិប​តេយ្យភាព​ និង​បូរណភាព​ទឹកដី​របស់​ចិន។ ភាគីចិន​សូមរក្សា​សិទ្ធិ​ស្របច្បាប់​របស់ខ្លួន​ក្នុងការ​ឆ្លើយតប​»។

កាលពី​ថ្ងៃទី ៧ ​មេសា ​អ្នកនាំ​ពាក្យក្រសួង​ការបរទេស​ចិន លោក​ Liu Shaobin​ បាន​និយាយ​ថា មនុស្សមួយ​ចំនួន​នៅក្នុង​ប្រទេសតួកគី​ កំពុង​លើកទឹក​ចិត្តដល់​ក្រុម​ភេរវករ​និង​ជំរុញ​ឱ្យ​មាន​ការបែងចែក​នៅក្នុង​ប្រទេសចិន​ នៅលើ​បណ្តាញ​សង្គម​របស់​ពួកគេ៕