កាលពីថ្ងៃសៅរ៍ ទី ២០ មីនា នេះ រដ្ឋាភិបាលតួកគីបានសម្រេចដកខ្លួនចេញពីកិច្ចព្រមព្រៀងអន្តរជាតិដែលរៀបចំឡើង ដើម្បីការពារស្ត្រី។
ការសម្រេចចិត្តរបស់លោក Erdogan ធ្វើឡើងបន្ទាប់ពីលោកបានបង្ហាញពីការធ្វើកំណែទម្រង់ប្រព័ន្ធតុលាការនៅខែមីនា។ លោកបាននិយាយថា កំណែទម្រង់នេះធ្វើឡើងដោយធានាសិទ្ធិ និងសេរីភាពហើយជួយបំពេញតាមបទដ្ឋានរបស់សហភាពអឺរ៉ុប។
អនុសញ្ញាទីក្រុងអ៊ីស្តង់ប៊ុលលើកឡើងថា បុរស និងស្ត្រីមានសិទ្ធិស្មើគ្នា និងកាតព្វកិច្ចអាជ្ញាធររដ្ឋ ដើម្បីចាត់វិធានការ ដើម្បីទប់ស្កាត់អំពើហិង្សាប្រឆាំងនឹងភេទ ការពារស្ត្រី ជនរងគ្រោះ និងកាត់ទោសជនល្មើស។
មន្ត្រីខ្លះមកពីគណបក្សរបស់លោក Erdogan បានធ្វើការតស៊ូមតិ ដើម្បីពិនិត្យមើលកិច្ចព្រមព្រៀងនេះ ដោយលើកហេតុផលថា កិច្ចព្រមព្រៀងនេះគឺមិនសមស្របនឹងតម្លៃអភិរក្សរបស់ប្រទេសតួកគី។
មន្ត្រីនោះបានលើកឡើងថា កិច្ចព្រមព្រៀងនេះលើកទឹកចិត្តឱ្យមានការលែងលះគ្នា និងធ្វើឱ្យខូចដល់ប្រពៃណីគ្រួសារ។
អគ្គលេខាធិការក្រុមប្រឹក្សាអឺរ៉ុបលោកស្រី Marija Pejcinovic Buric បានហៅការសម្រេចនេះថា ជាការបំផ្លិចបំផ្លាញ។
លោកស្រីបាននិយាយថា៖ «សកម្មភាពនេះ គឺជាការបោះជំហានថយក្រោយចំពោះកិច្ចខិតខំប្រឹងប្រែងកន្លងមក ពីព្រោះវាអាចធ្វើឱ្យប៉ះពាល់ដល់ការការពារស្ត្រីនៅក្នុងប្រទេសតួកគី នៅទូទាំងទ្វីបអឺរ៉ុប និងលើសពីនេះ»។
បន្ថែមពីនេះប្រទេសអាល្លឺម៉ង់ ក៏បាននិយាយថា ការសម្រេចចិត្តរបស់តួកគី ជាការដើរទៅផ្លូវមិនសមស្របមួយ។ ក្រសួងការបរទេសអាល្លឺម៉ង់បាននិយាយថា៖ «ទាំងវប្បធម៌ សាសនា និងប្រពៃណីជាតិផ្សេងទៀត មិនអាចធ្វើជាលេសសម្រាប់ការព្រងើយកន្តើយនឹងអំពើហិង្សាប្រឆាំងនឹងស្ត្រីនោះទេ»៕