កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ អាជ្ញាធរ​តួកគី​បាន​សម្រេច​ឃុំ​ខ្លួន​អតីត​ឧត្តមនាវី​ចំនួន ១០ នាក់ ក្រោយ​មាន​ក្រុម​នាយ​ទាហាន​ជើង​ទឹក​ចូល​និវត្តន៍​ជាង ១០០ នាក់​នេះ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ចោទ​ប្រកាន់​ថា មន្ត្រី​រដ្ឋាភិបាល​តួកគី​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ប្រវត្តិ​រដ្ឋប្រហារ​នៅ​តួកគី។

ទីភ្នាក់ងារ​ព័ត៌មាន​របស់​រដ្ឋ​បាន​ឱ្យ​ដឹង​ថា អតីត​ឧត្តមនាវី​ទាំង ១០ នាក់ ​ត្រូវ​បាន​ឃុំ​ខ្លួន​ជា​បណ្ដោះអាសន្ន ខណៈ​រដ្ឋាភិបាល​កំពុង​ស៊ើបអង្កេត​លើ​សេចក្តីប្រកាស ដែល​ចេញ​ដោយ​អគ្គ​ព្រះរាជអាជ្ញា​នៅ​ទីក្រុង​អង់ការ៉ា។

នាយ​ទាហាន​ជើង​ទឹក​ចូលនិវត្តន៍​សរុប ១០៣ នាក់ បាន​ចុះហត្ថលេខា​លើ​សេចក្តីប្រកាស​នេះ ដោយ​បង្ហាញ​ពី​ក្ដី​ព្រួយបារម្ភ​ចំពោះ​សន្ធិសញ្ញា​អន្តរជាតិ​ស្ដីអំពី​ការ​គ្រប់គ្រង​ការ​ដឹក​ជញ្ជូន​តាម​ច្រក​សមុទ្រ ​Bosporus និង Dardanelles ដែល​ភ្ជាប់​សមុទ្រ​មេឌីទែរ៉ាណេ ទៅ​សមុទ្រ​ខ្មៅ។ ជនសង្ស័យ​ប្រមាណ ១៤ នាក់ ​ត្រូវ​បាន​គេ​ជឿជាក់​ថា ជា​អ្នក​រៀបចំ​សេចក្ដី​ប្រកាស​នេះ។

សេចក្តី​ថ្លែងការណ៍​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​អំឡុង​ពេល​មាន​ការ​ជជែក​ដេញដោល​គ្នា​ថា តើ​ប្រធានាធិបតី​តួកគី ​លោក Recep Tayyip Erdogan ដែល​ទើប​ដក​តួកគី​ចេញ​ពី​អនុសញ្ញា​អន្តរជាតិ​ការពារ​ស្ត្រី​កាល​ពី​ខែ​មុន អាច​នឹង​ដក​ប្រទេស​តួកគី ​ចេញ​ពី​សន្ធិសញ្ញា​ម៉ុងត្រឺ (Treaty of Montreux) ឆ្នាំ ១៩៣៦ ស្ដី​អំពី​ការ​ធ្វើ​និយតកម្ម​ច្រក​ឆ្លង​កាត់​ព្រំដែន​សមុទ្រ និង​សន្ធិសញ្ញា​អន្តរជាតិ​ផ្សេងៗ​ទៀត ដែរ​ឬ​យ៉ាង​ណា?

ជាមួយ​គ្នា​នេះ​ដែរ គម្រោង​របស់​លោក Erdogan ក្នុង​ការ​កសាង​ផ្លូវ​ទឹក​ជំនួស​នៅ​ភាគ​ខាង​ជើង​នៃ​ទីក្រុង​អ៊ីស្តង់ប៊ុល ដែល​នឹង​ឆ្លង​កាត់​ដែន​សមុទ្រ​ Bosporus ក៏​បាន​បង្ក​ឱ្យ​មាន​ការ​ជជែក​វែកញែក​អំពី​សន្ធិសញ្ញា​ម៉ុងត្រឺ​នេះ​ផង​ដែរ។

សេចក្តី​ប្រកាស​របស់​ក្រុម​មន្ត្រី​ចូល​និវត្តន៍​បាន​ឱ្យ​ដឹង​ថា៖ «ការ​ដែល​រដ្ឋាភិបាល​លើក​យក​រឿង​តួកគី​ពិចារណា​ដក​ខ្លួន​ចេញ​ពី​អនុសញ្ញា​ម៉ុងត្រឺ និង​សិទ្ធិ​ក្នុង​ការ​ចាក​ចេញ​ពី​សន្ធិសញ្ញា​អន្តរជាតិ​មក​ពិភាក្សា​ក្នុង​កិច្ច​ពិភាក្សា​ស្តីពី​ការ​សាងសង់​ព្រែកជីក​អ៊ីស្ដង់ប៊ុល គឺ​ជា​អ្វី​ដែល​យើង​ព្រួយ​បារម្ភ»។

គួរ​រំឭក​ផង​ដែរ​ថា អនុសញ្ញា​ម៉ុងត្រឺ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ធានា​ការ​ឆ្លង​កាត់​ដោយ​សេរី​តាមរយៈ​ច្រក​សមុទ្រ Bosphorus និង ​Dardanelles ទាំង​ពេល​មាន​សន្តិភាព និង​សង្គ្រាម។ សន្តិសញ្ញា​នេះ ក៏​ជា​ការ​កំណត់​ឱ្យ​មាន​ការ​ប្រើ​ច្រក​សមុទ្រ​ដោយ​នាវា​យោធា​មក​ពី​រដ្ឋ​ដែល​មិនមែន​នៅ​ក្នុង​តំបន់​សមុទ្រ​ខ្មៅ​ផង​ដែរ។

ផ្លូវ​ទឹក​រវាង​អឺរ៉ុប និង​អាស៊ី​កាត់​តាម​ច្រក​ទាំង ២ នៅ​តួកគី ត្រូវ​បាន​រាំង​ស្ទះ តាម​ផ្លូវ​សមុទ្រ ហើយ​គេ​សង្កេត​ឃើញ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ជាច្រើន​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។

អ្នក​នាំពាក្យ​ប្រធានាធិបតី​លោក​ Ibrahim Kalin បាន​និយាយ​នៅ​លើ​បណ្តាញ​សង្គម Twitter ថា៖ «ក្រុម​ឧត្តមនាវី គួរ​តែ​ដឹង​ហើយ​ថា រដ្ឋាភិបាល​ប្រាកដ​ជា​មិន​អនុញ្ញាត​ឱ្យ​មាន​បញ្ហា​បែប​ទាំង​នេះ​កើត​ឡើង​ចំពោះ​ប្រជាជន​របស់​ខ្លួន​ទេ»។

ក្រសួង​ការពារ​ជាតិ​តួកគី​ក៏​បាន​និយាយ​ថា «សេចក្ដី​ប្រកាស​នេះ គ្មាន​គោល​បំណង​អ្វី​ក្រៅ​ពី​​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​លទ្ធិ​ប្រជាធិបតេយ្យ​របស់​យើង​នោះទេ។

សេចក្តី​ថ្លែងការណ៍​នេះ បាន​ធ្វើ​ឱ្យ​មាន​ការ​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ពី​សំណាក់​គណបក្ស​កាន់​អំណាច និង​មន្ត្រី​រដ្ឋាភិបាល ដែល​មិន​ពេញ​ចិត្ត​នឹង​សេចក្ដី​ថ្លែងការណ៍​ចោទ​ប្រកាន់​ថា មន្ត្រី​រដ្ឋាភិបាល​តួកគី​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ប្រវត្តិ​រដ្ឋប្រហារ​នៅ​តួកគី។

យ៉ាងណា​មិញ ទីភ្នាក់ងារ​ព័ត៌មាន​របស់​រដ្ឋ​បាន​ឱ្យ​ដឹង​ថា អតីត​ឧត្តមនាវី​ត្រូវ​បាន​គេ​ឃាត់​ខ្លួន​សិន ​ក្នុង​ដំណាក់កាល​ស៊ើបអង្កេត​ពី​បទ «កិច្ច​ព្រមព្រៀង​ដែល​មាន​គោល​បំណង​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​សន្តិសុខ​របស់​រដ្ឋ និង​បទបញ្ជា​រដ្ឋធម្មនុញ្ញ»។

គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រទេស​តួកគី ​ធ្លាប់​បាន​ជួប​ប្រទះ​រដ្ឋប្រហារ​នៅ​ឆ្នាំ ១៩៦០, ១៩៧១ និង ១៩៨០ និង​អន្តរាគមន៍​យោធា​ឆ្នាំ ១៩៩៧ ដែល​បណ្តាល​ឱ្យ​រដ្ឋាភិបាល​ចម្រុះ​ដឹកនាំ​អ៊ិស្លាម​លាលែង​ពី​តំណែង។ នៅ​ឆ្នាំ ២០១៦ រដ្ឋប្រហារ​បណ្តាល​ឱ្យ​​មនុស្ស​ជាង ២៥០ នាក់​បាន​ស្លាប់៕