កាល​ពី​ថ្ងៃ​ពុធ ទី ១០ ខែ​កុម្ភៈ ក្រុម​បាតុករ​ថៃ​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ទីក្រុង​បាងកក ​ដើម្បី​ទាមទារ​ឱ្យ​មាន​ការ​ដោះលែង​សកម្មជន​ចំនួន ៤ នាក់​ ដែល​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន ហើយ​ពួក​គេ​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ។

ក្រុម​អ្នក​តវ៉ា​ប្រមាណ ១ ០០០ នាក់ ​បាន​ប្រមូល​ផ្តុំ​គ្នា និង​អំពាវនាវ​ឱ្យ​មាន​ការ​ដោះលែង​មេ​ដឹកនាំ​បាតុកម្ម​ទាំង ៤ នាក់ រួម​មាន​លោក ParitChiwarak លោក Arnon Nampa កញ្ញា ​Patiwat Saraiyaem និង​លោក Somyot Prueksakasemsukk។ អ្នក​ទាំង ៤ អាច​ជាប់​ពន្ធនាគារ​រហូត​ដល់ ១៥ ឆ្នាំ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ។

កញ្ញា Panusaya "Rung" Sithijirawattanakul ដែល​ជា​មេ​ដឹកនាំ​តវ៉ា​ម្នាក់​បាន​ប្រកាស​ពី​ការ​តវ៉ា​នេះ បន្ទាប់​ពី​តុលាការ​បាន​បញ្ជូន​មេ​ដឹកនាំ ៤ នាក់​ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​ក្រោម​ការ​ចោទ​ប្រកាន់​​ពី​បទបរិហារកេរ្តិ៍។ អ្នក​ទាំង ៤ មិន​ត្រូវ​បាន​ដោះលែង និង​មិន​អនុញ្ញាត​ឱ្យ​នៅ​ក្រៅ​ឃុំ​នៅ​ឡើយ​ទេ។

ការ​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​បាងកក ពី​ដំបូង​ត្រូវ​បាន​ធ្វើ​ឡើង ដើម្បី​បង្ហាញ​ការ​គាំទ្រ​ក្រុម​អ្នក​តវ៉ា​នៅ​ប្រទេស​មីយ៉ាន់ម៉ា។ ប៉ុន្តែ​បាតុកម្ម​នេះ ត្រូវ​បាន​ក្លាយ​ជា​ការ​អំពាវនាវ​ឱ្យ​មាន​ការ​ផ្លាស់ប្តូរ ​ឬ​បញ្ឈប់​ការ​អនុ-វត្ត​ច្បាប់ «ប្រមាថ​ព្រះរាជា» បន្ទាប់​ពី​សកម្មជន​ទាំង ៤ នាក់ ត្រូវ​បាន​ឃុំ​ខ្លួន​កាល​ពី​ថ្ងៃទី ៨ កុម្ភៈ ថ្មីៗ​នេះ។

មេ​ដឹកនាំ​បាតុកម្ម កញ្ញា Panusaya“ Rung” Sithijirawattanakul បាន​និយាយ​ថា៖ «ប្រសិន​បើ​យើង​ជាច្រើន​នាក់​នាំ​គ្នា​ដើរ​តាម​ផ្លូវ យើង​អាចធ្វើ​​កំណែ​ទម្រង់​រាជានិយម​បាន»។ ការ​តវ៉ា​ដែល​ដឹកនាំ​ដោយ​យុវជន​នៅ​ក្នុង​ប្រទេស​ថៃ កាល​ពី​ឆ្នាំ​មុន​បាន​អំពាវនាវ​ឱ្យ​មាន​ការកែ​ទម្រង់​ច្បាប់​រាជាធិបតេយ្យ។ ការ​តវ៉ា​នោះ គឺ​ទាមទារ​ឱ្យ​មាន​ការ​ធ្វើ​កំណែ​ទម្រង់​សិទ្ធិ​រាជាធិបតេយ្យ និង​បដិសេធ​ការ​ចាប់​ឃុំ​ខ្លួន​មេ​ដឹកនាំ​បាតុករ​ទាំង ៤ នាក់ ​ដែល​ត្រូវ​បាន​កាត់​ទោស​ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ។

អ្នក​ដឹកនាំ​បាតុកម្ម​ម្នាក់​លោក Panupong Jadnok ថ្លែង​ថា៖ «ថ្ងៃ​នេះ គឺ​ជា​ការ​ជួបជុំ​ដំបូង​ការ​បើក​ដំបូង និង​ការ​ប្រយុទ្ធ​គ្នា បន្ទាប់​ពី​ច្បាប់​ដែល​អយុត្តិធម៌​បាន​ធ្វើ​ឱ្យ​មិត្ត​របស់​យើង​ជាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ»។

ក្រុម​បាតុករ​បាន​ទាមទារ​សំណើ​ចំនួន ៣ ដូច​កាល​ពី​ឆ្នាំ​មុន​ដែរ​គឺ ការ​ទម្លាក់​លោក​នាយក​រដ្ឋមន្ត្រី Prayut Chan-o-cha ចេញ​ពី​តំណែង សរសេរ​ឡើង​វិញ​នូវ​រដ្ឋធម្មនុញ្ញ​ដែល​គាំទ្រ​ដោយ​យោធា និង​ធ្វើ​កំណែ​ទម្រង់​របប​រាជានិយម។

ចំណែក​ឯ​លោក Prayut Chan-o-cha វិញ​បាន​និយាយ​ថា ការ​ត្រឡប់​មក​វិញ​នៃ​ការ​តវ៉ា​នេះ​នឹង​ធ្វើ​ឱ្យ​មាន​ការ​បង្ក​គ្រោះថ្នាក់​ដល់​ប្រទេស​ថៃ។

កាល​ពី​ថ្ងៃទី ១០ ខែកុម្ភៈ ​សមាជិកសភា​គណបក្ស​ប្រឆាំង​ថៃ ប្រហែល ៤៤ នាក់ ​បាន​ដាក់​សំណើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ។ សមាជិក​សភា​គណបក្ស​ប្រឆាំង​ថៃ​បាន​និយាយ​ថា ការ​ធ្វើ​វិ​សោធនកម្ម​ច្បាប់​នេះ អាច​បន្ធូរបន្ថយ​ភាព​តានតឹង​ផ្នែក​នយោបាយ និង​បង្កើន​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​អំឡុង​ពេល​មាន​ការ​ប្រឆាំង​នឹង​រដ្ឋាភិបាល។

នៅ​ក្នុង​សំណើ​នោះ អ្នក​ដែល​បរិហារកេរ្តិ៍ ឬ​គំរាម​ព្រះមហាក្សត្រ​នៅ​តែ​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ។ ប៉ុន្តែ​អាច​ជាប់​ពន្ធនាគារ​រយៈ​ពេល ១ ឆ្នាំ ឬ​ពិន័យ​ជា​ប្រាក់ ៣០ ម៉ឺន​បាត។ ការ​ធ្វើ​វិសោធនកម្ម​នេះ ត្រូវ​ការ​សំឡេង​គាំទ្រ​ច្រើន​ពី​ព្រឹទ្ធសភា ដែល​មាន​យោធា និង​សភា​ជាន់​ទាប។

កាល​ពី​ថ្ងៃទី ១០ កុម្ភៈ​គណបក្ស​រាជានិយម​ថៃ Pakdee បាន​ដាក់​សំណើ​មួយ​ដែល​មាន​ហត្ថលេខា​ជាង ១០០ ០០០ នាក់ ​ដើម្បី​បញ្ឈប់​រាល់​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ណា​មួយ​ទាក់ទង​នឹង​ព្រះមហាក្សត្រ៕