
ទង់ជាតិថៃនៅមុខក្រុមហ៊ុនផលិតវ៉ាក់សាំង Siam BioScience ក្នុងក្រុងបាងកក។ AFP
កាលពីថ្ងៃចន្ទកន្លងទៅ រដ្ឋាភិបាលថៃចាប់ផ្តើមសាកល្បងវ៉ាក់សាំងផលិតក្នុងស្រុកលើមនុស្សហើយដោយរំពឹងថា នឹងដាក់ឱ្យប្រើប្រាស់នៅឆ្នាំក្រោយក្នុងបំណងផ្តល់នូវសេរីភាពទទួលបានវ៉ាក់សាំងស្របទៅតាមគោលនយោបាយវ៉ាក់សាំងរបស់ប្រទេសខ្លួន។
គម្រោងចាក់វ៉ាក់សាំងនេះ គឺផ្តោតសំខាន់ទៅលើការចាក់វ៉ាក់សាំងជូនមនុស្សពេញវ័យជាងពាក់កណ្តាល ប្រទេសនៅចុងឆ្នាំនេះដោយប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ចំនួន ៦១ លានដូស ដែលគ្រោងនឹងផលិតក្នុងស្រុកចាប់ពីខែមិថុនា នេះតទៅ។
វ៉ាក់សាំងផលិតក្នុងស្រុកនេះ ត្រូវបានផលិតឡើង ដោយក្រុមហ៊ុនផលិតឱសថរបស់រដ្ឋ គឺអង្គការឱសថរដ្ឋាភិបាល (GPO) សហការជាមួយនាយកដ្ឋានឧសថត្រូពិក (Tropical Medicine Department) នៃសាកលវិទ្យាល័យ Mahidol និងអង្គការក្រៅរដ្ឋាភិបាលរបស់អាមេរិកមួយផងដែរ ហើយវានឹងប្រើវីរុសអសកម្មមួយ ដើម្បីរំញោចភាពស៊ាំក្នុងរាងកាយមនុស្ស។
លោកវេជ្ជបណ្ឌិត Piyasakol Sakolsatayadorn ប្រធានក្រុមប្រឹក្សាសាកលវិទ្យាល័យ Mahidol បានប្រាប់សន្និសីទសារព័ត៌មានថា៖ វ៉ាក់សាំងដែលផលិតដោយជនជាតិថៃ គឺសម្រាប់តែប្រជាជនថៃប៉ុណ្ណោះ ហើយយើងរំពឹងថានឹងត្រូវដាក់ឱ្យប្រើប្រាស់នៅឆ្នាំក្រោយ។
វឌ្ឍនភាពនៃការផលិតវ៉ាក់សាំងរបស់ប្រទេសថៃនេះធ្វើឡើងក្រោយបណ្តាប្រទេសរួមមាន ជប៉ុន និងតៃវ៉ាន់ បង្កើនល្បឿនកម្មវិធីអភិវឌ្ឍន៍វ៉ាក់សាំងក្នុងស្រុក ខណៈពេលពិភពលោកកំពុងព្រួយបារម្ភ បញ្ហាកង្វះការផ្គត់ផ្គង់ និងវ៉ារ្យ៉ង់វីរុសកូរ៉ូណាថ្មី (ការបំប្លែងខ្លួនថ្មី) ដែលកំពុងតែកើនឡើងផងដែរ។
ទន្ទឹមនឹងនេះដែរប្រទេសវៀតណាម កាលពីសប្តាហ៍មុនបាននិយាយថា ប្រទេសខ្លួននឹងអាចផលិតវ៉ាក់សាំងក្នុងស្រុក និងអាចដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅត្រីមាសទី៤ ឆ្នាំ ២០២១ នេះ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល AnutinCharnvirakul បាននិយាយថា៖ យើងរំពឹងថា នឹងចាប់ផ្ដើមផលិតវ៉ាក់សាំងនេះនៅឆ្នាំក្រោយ និងរំពឹងថាអាចផលិតបានចន្លោះពី ២៥ ទៅ ៣០ លានដូសជារៀងរាល់ឆ្នាំផងដែរ។
លោករដ្ឋមន្ត្រីជឿជាក់ថា ភាពជោគជ័យនៃការផលិតវ៉ាក់សាំងក្នុងស្រុកដោយខ្លួនឯងនេះនឹង អាចជួយប្រទេសថៃ ក្នុងការគ្រប់គ្រងយុទ្ធសាស្ត្រចាក់វ៉ាក់សាំងរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព។
ព្រឹទ្ធបុរសនៃសាកលវិទ្យាល័យ Mahidol លោក BangjongMahaisavariya បាននិយាយថា អ្នកស្ម័គ្រចិត្តចំនួន ៤៦០ នាក់ នឹងត្រូវមកទទួលវ៉ាក់សាំងសាកល្បងក្នុងចំណោមនោះអ្នកស្ម័គ្រចិត្ត ២១០ នាក់ នឹងត្រូវចាក់សាកល្បងនៅដំណាក់កាលដំបូង។ ដោយឡែក ដំណាក់កាលទី២ ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមនៅខែកក្កដា ហើយនឹងចេញលទ្ធផលថា អាចប្រើប្រាស់បាន ឬអត់នៅដំណាច់ឆ្នាំនេះ។
លោក Anutin បានបន្តថា៖ ទោះបីជាយើងអាចផលិតវ៉ាក់សាំងនៅក្នុងប្រទេសក៏ដោយ ប៉ុន្តែនេះគឺជាការផ្ទេរបច្ចេកវិទ្យាពីក្រុមហ៊ុនបរទេស និងស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនវ៉ាក់សាំងដើមនៅឡើយ។ ប៉ុន្តែបើថ្ងៃនេះ យើងទទួលបានជោគជ័យយើងអាចកំណត់ប្រតិបត្តិការទៅដោយខ្លួនឯងហើយ។
ដោយឡែក វ៉ាក់សាំងផលិតក្នុងស្រុក ១ ប្រភេទផ្សេងទៀត កំពុងត្រូវបានផលិតឡើងដោយសាកលវិទ្យាល័យ Chulalongkorn និងប្រើប្រាស់បច្ចេកវិទ្យា Messenger RNA (mRNA) ហើយ គេរំពឹងថា នឹងចាប់ផ្តើមការសាកល្បងលើមនុស្សនាពេលឆាប់ៗនេះដែរ។
លោក KiatRuxrungtham អ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលស្រាវជ្រាវនៃសាកលវិទ្យាល័យជូឡាឡុងកន (Chulalongkorn) នាទីក្រុងបាងកក បាននិយាយថា វ៉ាក់សាំងនេះ ទទួលបានជោគជ័យក្នុងការសាកល្បងជាមួយ សត្វកណ្តុរ និងសត្វស្វាហើយក៏គ្រោងនឹងធ្វើតេស្តលើមនុស្សនៅចុងខែមេសា ឬដើមខែឧសភា ខាងមុខនេះ។
សម្រាប់ដំណាក់កាលសាកល្បងលើមនុស្សនេះផងដែរ ក្រុមអ្នកស្រាវជ្រាវនឹងស្វែងរកអ្នកស្ម័គ្រចិត្តចំនួន ៧២ នាក់ ក្នុងដំណាក់កាលដំបូង និងចន្លោះពី ៣០០ ទៅ ៦០០ នាក់ ក្នុងដំណាក់កាលទី២។
ជំហានថ្មីនេះធ្វើឡើងក្រោយមានការរិះគន់ថា យុទ្ធសាស្ត្រចាក់វ៉ាក់សាំងរបស់ប្រទេសថៃ មានភាពយឺតយ៉ាវ និងពឹងផ្អែកខ្លាំងលើវ៉ាក់សាំង AstraZeneca ដែលផលិតដោយក្រុមហ៊ុនផលិតក្នុងស្រុក Siam Bioscience (ជាកម្មសិទ្ធិរបស់ស្តេចថៃ)៕