នាយក​រដ្ឋ​មន្រ្តី​នូវែល​ហ្សេឡង់​ លោកស្រី ​Jacinda Ardern​ បាន​ចោទ​ប្រកាន់​អូស្រ្តាលី​ថា បាន​លះបង់​ទំនួលខុស​ត្រូវ​របស់​ខ្លួន​ចំពេល​ដែល​ស្ត្រីម្នាក់​ត្រូវ​បាន​ចោទ​ប្រកាន់ថា​មាន​ទំនាក់​ទំនង​ជា​មួយ​រដ្ឋអ៊ីស្លាម ​(IS)។

ស្ត្រីរូបនេះ​ កំពុង​ប្រឈម​មុខ​នឹង​ការ​និរទេស​ទៅ​កាន់​ប្រទេស​នូវែលហ្សេឡង់​ បន្ទាប់​ពីត្រូវ​បាន​ចាប់ខ្លួន​ពី​ប្រទេសតួកគី ពី​ប្រទេស​ស៊ីរី ជា​មួយកូន​ពីរនាក់។ ​ប៉ុន្តែ​លោកស្រី​ Ardern មាន​ប្រសាសន៍ថា​អ្នកដែល​មាន​សញ្ជាតិ​ពីរ គួរ​តែត្រូវ​បាន​បញ្ជូន​ទៅ​អូស្ត្រាលី​វិញ។

គួរ​បញ្ជាក់​ផងដែរថា ​ស្រ្តីរូបនោះ​មាន​សញ្ជាតិ​ពីរគឺ ​អូស្ត្រលី ​និង​នូវែល​ហ្សេឡង់។

ទោះ​យ៉ាងណា​លោកស្រី ​Ardern​ បាន​ឲ្យ​ដឹងថា ​ស្ត្រីមាន​វ័យ ២៦ ​ឆ្នាំ ដែល​ក្រសួង​ការពារជាតិ​តួក គី​បាន​បញ្ជាក់ថា ​ជា​សមាជិកម្នាក់​នៃ​ក្រុមIS​រូបនោះ​មិន​បានរស់​នៅក្នុង​ប្រទេស​នូវែល​ហ្សេឡង់​ទេ​ ចាប់តាំង​ពីនាង​នៅក្មេង​នោះទេ​។

នាយក​រដ្ឋ​មន្រ្តី​អូស្រ្តាលី ​លោក​ Scott Morrison​ បាន​ឆ្លើយតប​ដោយ​និយាយ​ថា មានច្បាប់​អាច​លុបចោល​សញ្ជាតិ​របស់​ពល​រដ្ឋណាដែ​ល​មាន​សញ្ជាតិពីរ​ហើយ​ជាប់ការ​ចោទ​ប្រកាន់ពី​ការ​ចូលរួម​ក្នុង​សកម្មភាព​ភេរវកម្ម៕