កាល​ពី​ថ្ងៃ​ចន្ទ ទី ៥ មេសា រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​ប្រេស៊ីល​ប្រកាស​ស្វែងរក​ជំនួយ​បរទេស ១ ពាន់​លាន​ដុល្លារ​អាមេរិក ​ពី​បណ្តា​ប្រទេស​នានា ​ដើម្បី​ជួយ​កាត់​បន្ថយ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ក្នុង​តំបន់​អាម៉ាហ្សូន។

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​លោក Ricardo Salles បាន​ផ្តល់​កិច្ចសម្ភាសន៍​ឱ្យ​សារព័ត៌មាន ​Estado de Sao Paulo ថា៖ «ផែនការ​នេះ​មាន​ទឹក​ប្រាក់ ១ ពាន់​លាន​ដុល្លារ​អាមេរិក ​ដោយ​ប្រើប្រាស់​ក្នុង​រយៈពេល ១២ ខែ។ ប្រសិន​បើ​ថវិកា​នោះ​ប្រើ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ព្រៃ​អាម៉ាហ្សូន យើង​អាច​កាត់​បន្ថយ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ចន្លោះ​ពី ៣០ ភាគរយ ​ទៅ ៤០ ភាគរយ​ ក្នុង​រយៈពេល ១២ ខែ»។

លោក ​Salles បាន​និយាយ​ថា ថវិកា​ចំនួន ១ ភាគ​នឹង​ត្រូវ​ប្រើ​ដើម្បី​ចាត់​វិធានការ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ដោយ​ផ្ទាល់។ លោក​បាន​បន្ថែម​ទៀត​ថា លោក​បាន​ស្នើសុំ​ថវិកា​ពី​សហរដ្ឋអាមេរិក និង​ប្រទេស​ន័រវេស ​ផងដែរ៕