ក្រុងប៉ារីសៈ ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​មូ​ន ជេអ៊ី​ន កាលពី​ថ្ងៃ​ចន្ទ បាន​ថ្លែង​ថា ក្រុម​ប្រទេស​មហា​អំណាច​ពិភពលោក​ចាំបាច់​ត្រូវ​បញ្ជាក់​អះអាង​ចំពោះ​មេ​ដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន ជា​ថ្មី​ថា លោក បាន​សម្រេច​ចិត្ត​ត្រឹម​ត្រូវ​ក្នុង​ការ​ប្តេជ្ញា​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​នៅ​លើ​ឧបទ្វីប​កូរ៉េ។

លោក​មូ​ន ដែល​បាន​ជួប​លោក​គីម ជុង-អ៊ុន ៣ ដង ក្នុងឆ្នាំនេះ បាន​ពាំ​នាំសារ​នេះ​ទៅជូន​ប្រធានា​ធិបតី​បារាំង​លោក​អេម៉ានុយអែល ម៉ា​ក្រុង នៅ​ក្នុង​ក្រុង​ប៉ារីស​កាល​ពី​ថ្ងៃ​ចន្ទ ជា​ផ្នែក​នៃ​ដំណើរ​ទស្សនកិច្ច​នៅ​អឺរ៉ុប​រយៈពេល ៧ ថ្ងៃ ដែល​នឹង​ឈប់​នៅ​ក្រុង​រ៉ូម ប្រ៊ុចសែល និង​កូប៉ែនហាក។

នៅក្នុង​ការអធិប្បាយ ដែល​ត្រូវបាន​បោះពុម្ពផ្សាយ ជា​ភាសា​បារាំង​លោក​មូ​ន បាន​ថ្លែង​ប្រាប់​កាសែត Le Figaro ថា លោក​គីម ជុង​អ៊ុន បាន​សម្តែង​ការមិន​សប្បាយ​ចិត្ត​ចំពោះ​ការបន្ត​សង្ស័យ​ចំពោះ​សហគមន៍​អន្តរជាតិ​នៅ​ក្នុង​អំឡុង​កិច្ច​ពិភាក្សា​របស់​ពួកគេ​នោះ។

លោក​មូ​ន បាន​បន្ថែមថា៖ «យើង​ត្រូវតែ​បញ្ជាក់​អះអាង​ចំពោះ​លោក​គីម ជុង​អ៊ុន​ជាថ្មី​ថា លោក បាន​ធ្វើការ​ជ្រើសរើស​ត្រឹម​ត្រូវ​នៅ​ក្នុង​ការ​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​និង​ត្រូវការ​គាំទ្រ​ដល់​បំណង​ប្រាថ្នា​របស់​លោក​ចង់​បាន​សន្តិភាព​រឹង​មាំ និង​យូរអង្វែង។

លោក​មូន ដែល​បាន​ជួប​មេដឹកនាំ​កូរ៉េខាងជើង​កាល​ពី​ខែ​មេសា ឧសភា និង​ខែ​កញ្ញា បាន​ចូលរួម​ក្នុងការ​សម្រប​សម្រួល​ជំនួប​កំពូល​ជា​ប្រវត្តិសាស្ត្រ​មួយ​នៅ​ក្នុង​ប្រទេស​សិង្ហបុរី រវាង​ប្រធានា​ធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ និង​លោក​គីម ជុងអ៊ុន កាល​ពី​ខែ​មិថុនា ប៉ុន្តែ​អ្នក​វិភាគ​ខ្លះ​ជឿ​ថា មេដឹកនាំ​កូរ៉េខាងជើង នេះ បាន​ទាម​ទារ​ឲ្យ​បញ្ចប់​ភាព​អរិភាព នៅ​លើ​ឧបទ្វីប​កូរ៉េ៕