វ៉ាក់សាំង​កូវីដ ១៩ ដែល​បាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​អង់គ្លេស និង​ស៊ុយអែត​ឈ្មោះថា ​AstraZeneca និង​សាកល​វិទ្យាល័យ Oxford ឥឡូវ​នេះ​ត្រូវ​បាន​ផ្អាក​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​នៅ​ទូទាំង​ទ្វីប​អឺរ៉ុប និង​អាស៊ី បន្ទាប់​ពី​មាន​របាយការណ៍​ស្ដីអំពី​ផល​ប៉ះពាល់​នៃ​វ៉ាក់សាំង​ដែល​ធ្វើ​ឱ្យ​មាន​ឈាមកក​នៅ​ក្នុង​សរសៃឈាម។

កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​ប្រទេស​ថៃ បាន​ក្លាយ​ជា​ប្រទេស​អាស៊ី​ដំបូង​គេ ដែល​បញ្ឈប់​ការ​ប្រើប្រាស់​វ៉ាក់សាំង​នេះ ដោយ​សម្ដែង​ក្ដីបារម្ភ​ពី​ផល​ប៉ះពាល់​នៃ​វ៉ាក់សាំង​នេះ។ ចំណាត់​ការ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រទេស​ដាណឺម៉ាក ប្រកាស​ផ្អាក​ចាក់​វ៉ាក់សាំង​នេះ រយៈពេល ២ សប្តាហ៍ ក្រោយ​មាន​របាយការណ៍​អំពី​ករណី​កកឈាម​នៅ​សរសៃ និង​ករណី​ស្លាប់​ចំនួន ១ ករណី​ផង​ដែរ។

ក្រោយ​មក​ទៀត នៅ​ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​របស់​អឺរ៉ុប​ប្រទេស​ចំនួន ៧ ផ្សេង​ទៀត ក៏​បាន​បញ្ឈប់​ការ​ប្រើប្រាស់​វ៉ាក់សាំង ​AstraZeneca ចេញ​ពី Oxford រួមមាន​ដូចជា​ប្រទេស​ន័រវែស អាយឡែន ​ប៊ុលហ្គារី លុចសំបួ អេស្តូនៀ លីទុយអានី និង​ឡាតវី​ជាដើម។

ទន្ទឹម​នឹង​នេះ​ដែរ ប្រទេស​អូទ្រីស និង​អ៊ីតាលី ប្រកាស​ឈប់​ប្រើ​វ៉ាក់សាំង​ជាច្រើន​ដូស ជា​វិធាន​ការ​បង្ការ​​ជា​មុន។

ដោយ​ឡែក រដ្ឋាភិបាល​ហូឡង់​កាល​ពី​ថ្ងៃ​អាទិត្យ កន្លង​ទៅ​ក៏​បាន​ប្រកាស​ថា ប្រទេស​នេះ​នឹង​ពន្យារពេល​ប្រើប្រាស់​វ៉ាក់សាំង AstraZeneca រហូត​ដល់​យ៉ាង​ហោចណាស់​ក៏​ថ្ងៃទី ២៩ ខែ​មីនា ដែរ​ដើម្បី​ជា​ការ​ប្រុងប្រយ័ត្ន។

ទោះ​ជា​យ៉ាង​ណាក្ដី ប្រទេស​មួយ​ចំនួន​ផ្សេង​ទៀត បាន​អះអាង​ថា មិនមាន​ផល​ប៉ះពាល់​ពី​វ៉ាក់សាំង​នេះ​ទេ ហើយ​ក៏​​បន្ត​យុទ្ធនាការ​វ៉ាក់សាំង​ខ្លួន​តាម​ធម្មតា។

ភ្នាក់ងារ​ថ្នាំ​ពេទ្យ​អឺរ៉ុប​បាន​សង្កត់ធ្ងន់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា គ្មាន​ការ​បង្ហាញ​ណា​មួយ​ដែល​ថា វ៉ាក់សាំង​នេះ​បង្ក​ឱ្យ​មាន​ការ​កកឈាម​នោះ​ទេ។ ប្រភព​ដដែល​បាន​បន្ថែម​ថា បើទោះ​ជា​ប្រទេស​មួយ​ចំនួន​ពន្យារពេល​នៃ​ការ​ប្រើប្រាស់​វ៉ាកសាំង​នេះ​ក្ដី តែ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​នៅ​តែ​បន្ត​ដដែល ហើយ​ការ​ស៊ើបអង្កេត​ទាក់ទិន​នឹង​ករណី​នេះ នៅ​តែ​បន្ត​ដូច​ធម្មតា។

គួរ​បញ្ជាក់​ផង​ដែរ​ថា បើ​គិត​ត្រឹម​ថ្ងៃ​ពុធ​សប្ដាហ៍​មុន ប្រជាជន​ប្រមាណ ៥ លាន​នាក់​នៅ​អឺរ៉ុប ដែល​ទទួល​បាន​វ៉ាក់សាំង AstraZeneca របស់ Oxford ដោយ​ក្នុង​នោះ​មាន​គេ​រក​ឃើញ​ថា ប្រមាណ ៣០ ករណី «ព្រឹត្តិការណ៍​កក​ឈាម​នៅ​សរសៃ» សំដៅ​លើ​គ្រាប់​ឈាម​តូចៗ ដែល​ផ្គុំ​គ្នា​នៅ​ក្នុង​សរសៃ​ឈាម និង​រារាំង​មិន​ឱ្យ​ឈាម​ហូរ​នៅ​តាម​សរសៃ។

សេចក្តី​ថ្លែងការណ៍​របស់​ក្រុមហ៊ុន AstraZeneca ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ សប្ដាហ៍​នេះ បាន​ឱ្យ​ដឹង​ថា អត្រា​នៃ​ការ​ស្ទះ​សរសៃ​ឈាម​វ៉ែន​ជ្រៅ និង​ការ​ស្ទះ​សរសៃ​ឈាម​នៅ​សួត ដែល​កើត​ឡើង​លើ​អ្នក​ទទួល​បាន​វ៉ាក់សាំង​រាប់​លាន​នាក់​នោះ «មាន​អត្រា​ទាប​ជាង​ចំនួន​ប្រជាជន​ទូទៅ​ដែល​គេ​ព្យាករ​ថា អាច​កើត​ជំងឺ​នេះ​ពី​ធម្មជាតិ​ទៀត ដូចគ្នា​នេះដែរ អត្រា​នេះ​ក៏​មាន​ចំនួន​តិច​ជាង​វ៉ាក់សាំង​កូវីដ ដែល​មាន​អាជ្ញាប័ណ្ណ​ផ្សេង​ទៀត​ផង​ដែរ»។

ប្រធាន​ផ្នែក​វេជ្ជសាស្ត្រ​របស់ AstraZeneca លោកស្រី Ann Taylor បាន​មាន​ប្រសាសន៍​ថា៖ «ដោយសារ​តែ​វីរុស​នៃ​ជំងឺ​កូវីដ ទើប​ធ្វើ​ឱ្យ​មនុស្ស​ម្នា​ដាក់​សម្ពាធ​មក​លើ​ករណី​បុគ្គល​នីមួយៗ ដែល​ទទួល​បាន​វ៉ាក់សាំង​យើង ខណៈ​ករណី​នេះ​អាច​កើត​ឡើង​ពី​ធម្មជាតិ​ក៏​មាន ប៉ុន្តែ​ពួក​យើង​ប្ដេជ្ញា​អនុវត្តតាម​ស្តង់ដា​នៃ​ការ​ត្រួតពិនិត្យ​សុវត្ថិភាព​វ៉ាក់សាំង ដែល​មាន​អាជ្ញាប័ណ្ណ ដើម្បី​ធ្វើ​របាយការណ៍​ស្ដីអំពី​ករណី​ទាំង​នេះ ដោយ​ធានា​សុវត្ថិភាព​ដល់​សាធារណជន»។

លោកស្រី​បាន​បន្ថែម​ថា ទាក់ទិន​នឹង​គុណភាព​មិនមាន​ទិន្នន័យ​ណា​ដែល​បង្ហាញ​ថា វ៉ាក់សាំង​ដែល​បាន​ប្រើប្រាស់​រួច​នៅ​ទូទាំង​អឺរ៉ុប ​ឬ​នៅ​លើ​ពិភព​លោក​មាន​បញ្ហា​នោះឡើយ។ ការ​ធ្វើ​តេស្ត​បន្ថែម​ទៀត កំពុ​ងតែ​ធ្វើ​ឡើង​ដោយ​គិត​ត្រឹម​ថ្ងៃ​ចន្ទ​នេះ​គ្មាន​ទិន្នន័យ​ណាមួយ​បង្ហាញ​ថា វ៉ាក់សាំង​នេះ​បង្ក​ឱ្យ​មាន​ឈាមកក​នៅ​សរសៃ​ឡើយ។

សាស្ត្រាចារ្យ​ឯកទេស​ខាង​សុខភាព​សាធារណៈ​មក​ពី​សាកលវិទ្យាល័យ Queensland University of Technology លោក​ Gerard Fitzgerald បាន​និយាយ​ថា បណ្តា​ប្រទេស​ដែល​បាន​បញ្ឈប់​ការ​ចាក់​វ៉ាក់សាំង ​AstraZeneca «បាន​អនុវត្ត​យ៉ាង​ប្រុងប្រយ័ត្ន»។ ប៉ុន្តែ វា​ជា​ការ​សំខាន់​ដែល​ត្រូវ​ចងចាំ​ថា ការ​កកឈាម គឺ​ជា​រឿង​ធម្មតា​ហើយ​ក៏​អាច​កើត​ឡើង​មុន​ពេល​ចាក់​វ៉ាក់សាំង​ទៀត​នោះ។

លោក​បាន​បន្ត​ថា៖ «បើ​យោង​តាម​មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ និង​បង្ការ​ជំងឺ​នៅ​អាមេរិក មនុស្ស​ប្រមាណ​ពី ៦០ ទៅ ១០០ ០០០ នាក់​ស្លាប់ ​ដោយសារ​ការ​កក​ឈាម​នៅ​សួត​ក្នុង ១ ឆ្នាំ។ ករណី​នេះ​កើត​ឡើង​ច្រើន​ជាង​គេ​ចំពោះ​មនុស្ស​ចាស់ និង​អ្នក​ដែល​មាន​ជំងឺ​រ៉ាំរ៉ៃ​ដែល​ជា​ប្រភេទ​គោលដៅ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដូស​ដំបូង។ អ៊ីចឹង យើង​ក៏​ត្រូវ​ពិចារណា​លើ​ករណី​នេះ​ផង​ដែរ»៕