កាលពីថ្ងៃចន្ទ ទី ១៧ ឧសភា ក្រសួងសុខាភិបាលប្រទេសម៉ាឡេស៊ី បាននិយាយថា ខ្លួនអាចនឹងជំរុញឱ្យមានការបិទខ្ទប់រដ្ឋដែលមានផលិតកម្មឧស្សាហកម្មច្រើន ប្រសិនបើការរីករាលដាលករណីកូវីដ ១៩ មិនអាចទប់ស្កាត់បាន។
រដ្ឋាភិបាលបានហាមឃាត់សកម្មភាពសង្គម និងការធ្វើដំណើររវាងស្រុក និងរដ្ឋកាលពី ២ សប្តាហ៍មុនដែលជាផ្នែក ១ នៃបទបញ្ជាការធ្វើដំណើរ (Movement Control Order)។
រដ្ឋមន្រ្តីក្រសួងសុខាភិបាលម៉ាឡេស៊ី លោក Adham Baba បាននិយាយថា សកម្មភាពអាជីវកម្មនៅតែអាចដំណើរការបាន ប៉ុន្តែរដ្ឋាភិបាលប្រហែលជាបិទខ្ទប់រដ្ឋ Selangor ប្រសិនបើស្ថានការណ៍នៅតែមិនមានភាពប្រសើរឡើង។
លោក Adham បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា៖ «ប្រសិនបើបទបញ្ជាការធ្វើដំណើរមិនអាចទប់ស្កាត់ការរីករាលដាលទេ នោះយើងនឹងអាចសម្រេចការបិទខ្ទប់ដោយប្រើបទបញ្ជាការធ្វើដំណើរទាំងស្រុង»៕