កាល​ពី​ថ្ងៃ​សុក្រ ​ទី ១២ កុម្ភៈ ​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergey Lavrov បាន​និយាយ​ថា ប្រទេស​រុស្ស៊ី បាន​ត្រៀម​ខ្លួន​ផ្តាច់​ទំនាក់ទំនង​ជាមួយ​សហភាព​អឺរ៉ុប ប្រសិន​បើ​សហភាព​អឺរ៉ុប​បន្ត​មាន​គម្រោង​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ប្រទេស​រុស្ស៊ី។

លោក ​Lavrov បាន​និយាយ​ថា ប្រទេស​រុស្ស៊ី បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ហើយ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​ដាក់​ទណ្ឌកម្ម​ណាមួយ​នៅ​ក្នុង​តំបន់ ដែល​អាច​បង្ក​ឱ្យ​មាន​ហានិភ័យ​ដល់​សេដ្ឋកិច្ច​រុស្ស៊ី។

ការ​អត្ថាធិប្បាយ​របស់​រុស្ស៊ី​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​អ្នក​ការ​ទូត​ជាន់​ខ្ពស់​របស់​សហភាព​អឺរ៉ុប​លោក ​Joe Borrell បាន​និយាយ​កាល​ពី​ថ្ងៃទី ៩ កុម្ភៈ ​ថា ​ប្រទេស​រុស្ស៊ី ​ចង់​ផ្តាច់​ខ្លួន​ចេញ​ពី​អឺរ៉ុប និង​បែងចែក​លោក​ខាង​លិច។

កាល​ពី​ថ្ងៃទី ១០ កុម្ភៈ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​បាន​ពិភាក្សា​ពី​វិធាន​ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ប្រទេស​រុស្ស៊ី ​ចំពោះ​ករណី Alexi Nalvany។ នៅ​ក្នុង​កិច្ច​ពិភាក្សា​នោះ មិន​មាន​រដ្ឋ​ជា​សមាជិក​ណាមួយ​ជំទាស់​នឹង​សំណើ​ដាក់​ទណ្ឌកម្ម​នេះ​ទេ។ កិច្ច​ពិភាក្សា​ស្តីពី​ការ​ដាក់​ទណ្ឌកម្ម​នេះ​កើត​ឡើង​បន្ទាប់​ពី​លោក Borrell បាន​ទៅ​ទីក្រុង​ម៉ូស្គូ ប្រទេស​រុស្ស៊ី ​កាល​ពី​សប្តាហ៍​មុន។ នៅ​ពេល​ដែល​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergei Lavrov បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​រួមគ្នា ហើយ​រិះគន់​សហភាព​អឺរ៉ុប​ថា ជា​ដៃគូ​ដែល​មិន​អាច​ជឿ​ទុក​ចិត្ត​បាន។

ប្រទេស​រុស្ស៊ី បាន​ប្រកាស​ក្នុង​ពេល​ដំណាល​គ្នា​ថា ខ្លួន​នឹង​បណ្តេញ​អ្នក​ការ​ទូត​ចំនួន ៣ រូប ​ដែល​មាន​អ្នក​ការ​ទូត​ប្រទេស​ប៉ូឡូញ អាល្លឺម៉ង់ និង​ស៊ុយអែត​ប្រចាំ​នៅ​ប្រទេស​រុស្ស៊ី។ ការ​បណ្តេញ​ចេញ​នេះ ​គឺ​ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​អ្នក​ទាំង ៣ ពី​ការ​ចូលរួម​ក្នុង​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​ដាក់​ពន្ធនាគារ​លោក ​Alexie Nalvany។

សហភាព​អឺរ៉ុប​បាន​បង្ហើប​ពី​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​ប្រឆាំង​នឹង​ទីក្រុង​ម៉ូស្គូ ​ជុំវិញ​ការ​ឃុំ​ខ្លួន​មេ​ដឹកនាំ​ប្រឆាំង​រុស្ស៊ី​លោក ​Alexei Navalny និង​ការ​បង្ក្រាប​ទៅ​លើ​ក្រុម​បាតុករ​នៅ​ប្រទេស​រុស្ស៊ី។

យោង​តាម​របាយការណ៍​មួយ​ចំនួន​សហភាព​អឺរ៉ុប​គ្រោង​នឹង​ហាមឃាត់​ការ​ធ្វើដំណើរ ​និង​ការ​បង្កក​ទ្រព្យ​សម្បត្តិ​ទៅ​លើ​អ្នក​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​លោក ​Vladimir Putin។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​សារព័ត៌មាន DW។

លោក Andrea Sasse រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាល្លឺម៉ង់​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ដោយ​និយាយ​ថា អាល្លឺម៉ង់​មាន​ការ​មិន​ពេញ​ចិត្ត​ជាមួយ​ប្រទេស​រុស្ស៊ី ​ចំពោះ​ករណី​នេះ។ ប៉ុន្តែ លោក​ក៏​បាន​និយាយ​ផងដែរ​ថា អាល្លឺម៉ង់​ចាប់​អារម្មណ៍​នឹង​ការ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​រុស្ស៊ី។

អ្នក​ជំនាញ​ខាង​គោល​នយោបាយ​ការ​បរទេស​លោក​ Gernot Erler បាន​និយាយ​ថា​ ការ​លើក​ឡើង​របស់​លោក​ Lavrov គឺ​មាន​ន័យថា ជា​កាយវិការ​គំរាមកំហែង។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​សារព័ត៌មាន DW។

សមាជិកសភា​សហភាព​អឺរ៉ុប​លោក​ Michael Gahler បាន​និយាយ​ថា ប្រទេស​រុស្ស៊ី​ អាច​នឹង​ជា​អ្នក​ខាត​បង់​ប្រយោជន៍ បើ​សិន​ជា​រុស្ស៊ី​ផ្តាច់​ទំនាក់ទំនង​ជា​ឯកតោ​ភាគី​ជាមួយ​សហភាព​អឺរ៉ុប៕