ក្រសួង​ការបរទេស​រុស្ស៊ី​បាន​និយាយ​ថា អ្នក​ទាំង ៣ ដែល​រួម​មាន​អ្នក​ការទូត​ពី​ប្រទេស​អាល្លឺម៉ង់ ស៊ុយអែត និង​ប៉ូឡូញ ​ដែល​បាន​ចូលរួម​ក្នុង​បាតុកម្ម​ខុស​ច្បាប់​នៅ​ថ្ងៃទី ២៣ ខែមករា។ បណ្តា​ប្រទេស​របស់​អ្នក​ការ​ទូត​ទាំង ៣ បាន​ថ្កោល​ទោស​ចំពោះ​ការ​បណ្តេញ​ចេញ​នេះ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​ថ្ងៃទី ២៣ និង ៣១ មករា ​មាន​ការ​ធ្វើ​បាតុកម្ម​តវ៉ា​ក្នុង​ការ​គាំទ្រ​ដល់​លោក Navalny នៅ​ទូទាំង​ប្រទេស​រុស្ស៊ី​ ដែល​មាន​ការ​ចូលរួម​មនុស្ស​ជាច្រើន។ មនុស្ស​រាប់ពាន់​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​អំឡុង​ពេល​បាតុកម្ម​នោះ។

ការ​បណ្តេញ​ចេញ​អ្នក​ការ​ទូត​ទាំង ៣ ត្រូវ​បាន​ប្រកាស​ត្រឹមតែ​ប៉ុន្មាន​ម៉ោង ​បន្ទាប់​ពី​ប្រធាន​កិច្ចការ​បរទេស​សហភាព​អឺរ៉ុប​លោក ​Josep Borrell បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergei Lavrov នៅ​ទីក្រុង​ម៉ូស្គូ។

អ្នក​វិភាគ​មួយ​ចំនួន​បាន​លើក​ឡើង​ថា ប្រទេស​រុស្ស៊ី​ អាច​បណ្តេញ​អ្នក​ការ​ទូត​អឺរ៉ុប​ទាំង​នេះ​នៅ​ថ្ងៃ​ណា​មួយ។ ការ​តវ៉ា​របស់​អ្នក​គាំទ្រ​លោក ​Navalny គឺ​ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី ២ សប្តាហ៍​មុន។ ប៉ុន្តែ​ក្រសួង​ការបរទេស​រុស្ស៊ី​បាន​ធ្វើ​សេចក្តី​ប្រកាស​នេះ​អំឡុង​ពេល​លោក ​Josep Borrell នៅ​ក្រុង​ម៉ូស្គូ​ ប្រទេស​រុស្ស៊ី។

ប្រទេស​អាល្លឺម៉ង់ ​បាន​ប្រកាស​ថា ការ​បណ្តេញ​ចេញ​នេះ ​គឺ​គ្មាន​ហេតុផល​ត្រឹមត្រូវ​ទេ ហើយ​បាន​និយាយ​ថា ខ្លួន​នឹង​មិន​មាន​ចម្លើយ​តប​ទេ ប្រសិន​បើ​ប្រទេស​រុស្ស៊ី ​មិន​ពិចារណា​ឡើង​វិញ។

លោក ​Borrell ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី ៥ មករា ​បាន​និយាយ​ថា៖ «នៅ​ក្នុង​កិច្ច​ប្រជុំ​របស់​ខ្ញុំ​នៅ​ព្រឹក​ថ្ងៃ​នេះ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស ​Sergei Lavrov នៅ​ទីក្រុង​ម៉ូស្គូ​ខ្ញុំ​បាន​ដឹង​ថា​អ្នក​ការទូត​អឺរ៉ុប ៣ នាក់ ​នឹង​ត្រូវ​បណ្តេញ​ចេញ​ពី​ប្រទេស​រុស្ស៊ី»។

លោក​បាន​និយាយ​បន្ត​ថា៖ «ខ្ញុំ​ថ្កោលទោស​យ៉ាង​ខ្លាំង​ចំពោះ​សេចក្តី​សម្រេច​នេះ ហើយ​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ដែល​ថា ពួក​គេ​បាន​ធ្វើ​សកម្មភាព ដែល​មិន​ស្រប​នឹង​តំណែង​របស់​ពួក​គេ​ក្នុង​នាម​ជា​អ្នក​ការទូត​បរទេស។ ការ​សម្រេច​ចិត្ត​គួរ​តែ​ត្រូវ​បាន​ពិចារណា​ឡើង​វិញ។ ខ្ញុំ​បាន​សង្កត់​ធ្ងន់​លើ​សាមគ្គីភាព​របស់​សហគមន៍​អឺរ៉ុប​ជាមួយ​រដ្ឋ​ជា​សមាជិក​ដែល​ពាក់ព័ន្ធ»។

បន្ថែម​ពី​នេះ​អធិការបតី​អាល្លឺម៉ង់ ​Angela Merkel បាន​និយាយ​ថា ការ​ដែល​រុស្ស៊ី​បណ្តេញ​អ្នក​ការទូត​អាល្លឺម៉ង់​នេះ នឹង​មិន​ប៉ះពាល់​ដល់​គម្រោង Nordstrom 2 pipeline ទេ ប៉ុន្តែ​ប្រទេស​អាល្លឺម៉ង់ ​នឹង​បន្ត​អនុវត្ត​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​បុគ្គល​នៅ​ក្នុង​ប្រទេស​រុស្ស៊ី។

គួរ​បញ្ជាក់​ផង​ដែរ​ថា Nordstrom 2 pipeline គឺជា​ប្រព័ន្ធ​បំពង់​បង្ហូរ​ឧស្ម័ន​ធម្មជាតិ​នៅ​ឯនាយសមុទ្រ​ដែល​កំពុង​ដំណើរការ​នៅ​ក្រោម​សមុទ្រ​បាល់ទិក​ពី​ប្រទេស​រុស្ស៊ី​ទៅ​ប្រទេស​អាល្លឺម៉ង់។ គម្រោង Nord Stream នេះ​ត្រូវ​បាន​ជំទាស់​ដោយ​សហរដ្ឋអាមេរិក​ក៏​ដូច​ជា​បណ្តា​ប្រទេស​អឺរ៉ុប​កណ្តាល ​និង​ខាង​កើត​មួយ​ចំនួន​ដោយសារ​ក្តី​បារម្ភ​ថា បំពង់​បង្ហូរ​ប្រេង​នឹង​បង្កើន​ឥទ្ធិពល​របស់​រុស្ស៊ី​នៅក្នុង​តំបន់។

រីឯ​ប្រទេស​ស៊ុយអែត បាន​និយាយ​ថា មិន​មាន​មូលដ្ឋាន​ច្បាស់លាស់​ដែល​ថា អ្នក​ការទូត​របស់​ខ្លួន​បាន​ចូលរួម​ក្នុងការ​តវ៉ា​នៅ​ថ្ងៃទី ២៣ ខែ​មករា នេះ ហើយ​បាន​និយាយថា ស៊ុយអ៊ែត​រក្សា​សិទ្ធិ​ក្នុង​ការ​ឆ្លើយតប​ដែល​សមស្រប​ណាមួយ។ រីឯ​ប៉ូឡូញ​បាន​និយាយ​ថា ការ​បណ្តេញ​ចេញ​អាច​នាំ​ឱ្យ​មាន​វិបត្តិ​កាន់​តែ​ស៊ី​ជម្រៅ​ថែម​ទៀត​នៅ​ក្នុង​ទំនាក់ទំនង​ទ្វេភាគី។

ទោះយ៉ាង​ណា​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី ​Sergei Lavrov បាន​និយាយ​ថា ​ការ​ដាក់​ទណ្ឌកម្ម​ណា​មួយ​របស់​អឺរ៉ុប​ចំពោះ​ករណី​របស់​លោក​ Navalny គឺ​មិន​ស្រប​ច្បាប់​នោះ​ទេ។

ទាំង​ប្រទេស​អាល្លឺម៉ង់ និង​ប៉ូឡូញ​បាន​និយាយ​ថា ពួក​គេ​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​រៀងៗ​ខ្លួន ដើម្បី​សម្តែង​ការ​ព្រួយបារម្ភ​ចំពោះ​ការ​បណ្តេញ​ចេញ​នេះ ដែល​ជា​ការ​ផ្លាស់ប្តូរ​ដែល​អាច​នាំ​ឱ្យ​មាន​វិធានការ​ណាមួយ ហើយ​អ្នក​ការទូត​ជា​ច្រើន​បន្ត​ទៀត នឹង​ត្រូវ​បាន​បណ្ដេញ​បន្ត​ទៀត៕