រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​នៃ​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប បាន​ផ្តល់​ការ​ឯកភាព​កាល​ពី​ថ្ងៃទី ៤ ខែ​វិច្ឆិកា ឱ្យ​សហភាព​អឺរ៉ុប​បង្កើត​អង្គភាព​ត្រួត​ពិនិត្យ​ការ​លាង​លុយ​កខ្វក់​កម្រិត​សហភាព​អឺរ៉ុប​មួយ ​ដែល​មាន​សិទ្ធិ​អំណាច​ជ្រៀតជ្រែក​ចូល​ក្នុង​យុត្តាធិការ​ថ្នាក់​ជាតិ​របស់​ប្រទេស​សមាជិក​ប្រសិន​បើ​អង្គភាព​នេះ​រក​ឃើញ​ថា ប្រទេស​ណា​មួយ​ខកខាន​ក្នុង​ការ​ប្រឆាំង​ការ​លាង​លុយ។

វិធានការ​ដែល​បាន​ព្រមព្រៀង​គ្នា​នេះ​ នឹង​ក្លាយ​ជា​មូលដ្ឋាន​សម្រាប់​ការ​រៀបចំ​សេចក្តី​ព្រាង​ច្បាប់​លម្អិត​បន្ថែម​​ទៀត ​ដែល​នឹង​ចូល​ជាធរមាន​នៅ​ត្រីមាសទី១ ឆ្នាំ ២០២១។ វិធានការ​ទាំង​នេះ​ត្រូវ​បាន​គេ​លើក​សរសើរ​ថា ជា​ជំហាន​ដំបូង​ដ៏​សំខាន់ ដើម្បី​ទប់​ស្កាត់​រឿង​អាស្រូវ​នៃ​ការ​លាង​លុយ​ក្នុង​សហភាព​អឺរ៉ុប​នា​ពេល​អនាគត។

ទីប្រឹក្សា​ផ្នែក​គោល​នយោបាយ​នៃ​គណៈកម្មាធិការ Helsinki ដែល​មាន​មូលដ្ឋាន​​នៅ​ទីក្រុង​វ៉ាស៊ីនតោន លោក Paul Massaro បាន​ពិពណ៌នា​អំពី​គំនិត​ផ្តួច​ផ្តើម​នេះ​នៅ​លើ Twitter កាល​ពី​ថ្ងៃ​ទី ៥ ខែ​វិច្ឆិកា ថា​ ជា​នគរបាល​ប្រឆាំង​ការ​លាង​លុយ និង​ថា​ការ​គាំទ្រ​របស់​រដ្ឋមន្ត្រី​សហភាព​អឺរ៉ុប​គឺ​ជា​ជំហាន ​១ ​ឆ្ពោះ​ទៅ​មុខ​ប្រកប​ដោយ​សក្តានុពល​មុន​នឹង​មាន​ច្បាប់​ប្រឆាំង​ការ​លាង​លុយ។

អនុប្រធាន​ប្រតិបត្តិ​នៃ​គណៈកម្មការ​អឺរ៉ុប​លោក Valdis Drombrovskis បាន​លើក​ឡើង​​​ថា៖ «លុយ​កខ្វក់​ងាយ​ចរាចរ​ណាស់​ និង​ជា​រឿង​ស្មុគស្មាញ​ពិបាក​ដោះ​ស្រាយ»។ លោក​បាន​បញ្ជាក់​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ យើង​ត្រូវ​មាន​ការ​ឯកភាព​គ្នា​មួយ​កម្រិត​សហភាព​អឺរ៉ុប​តែ​ម្តង​។

អធិការបតីរង និង​ជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាល្លឺម៉ង់​លោក Olaf Scholz បាន​ឯកភាព​ជាមួយ​ការ​លើក​ឡើង​នេះ ដោយ​បាន​សង្កត់​ធ្ងន់​ថា បទប្បញ្ញត្តិ​រួម​គ្នា និង​ការ​ត្រួត​ពិនិត្យ​កម្រិត​សហភាព​អឺរ៉ុប​ទាំង​មូល​នឹង​មាន​ប្រសិទ្ធភាព​ជាង ហើយ​ជួយ​ពង្រឹង​យន្តការ​លាង​លុយ​កខ្វក់​របស់​សហភាព​អឺរ៉ុប។ លោក​បាន​បន្ថែម​ថា ករណី​សង្ស័យ​លាង​​លុយ​កខ្វក់​កាល​ពី​ពេល​ថ្មីៗ​​នេះ​នៅ​ក្នុង​សហភាព​អឺរ៉ុប​គឺ​ជា​សញ្ញា​ប្រាប់​ថា​នេះ​គឺ​ជា​រឿង​បន្ទាន់ និង​ថា​វា​គឺ​ជា​ការ​ចាំបាច់​ដែល​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​នៃ​ប្រទេស​ជា​សមាជិក​ទាំង​អស់​ប្រកាន់​យក​​​ជំហរ​តែ​មួយ ដើម្បី​ចាត់​វិធានការ​តឹងតែង​ប្រឆាំង​ការ​លាង​លុយ​។

សេចក្តី​ព្រាង​ច្បាប់​ថ្មី​នេះ​នឹង​ផ្តល់​ឱ្យ​សហភាព​អឺរ៉ុប​នូវ​សិទ្ធិ​អំណាច​កម្រិត​ខ្ពស់​ជាង​ប្រទេស​សមាជិក​ក្នុង​ការ​ដោះ​ស្រាយ​រឿង​អាស្រូវ​ធំៗ ក្នុង​ករណី​ដែល​ប្រទេស​សមាជិក​ខកខាន​ម្តង​ហើយ​ម្តង​ទៀត​ក្នុង​ការ​អនុវត្ត​តាម​វិធាន​លាង​លុយ​កខ្វក់​របស់​សហភាព​អឺរ៉ុប។ ក្រុម​ប្រឹក្សា​អឺរ៉ុប​បាន​លើក​ឡើង​ថា ការ​ធ្វើ​បែប​នេះ​ គឺ​ដើម្បី​គាំទ្រ​ដល់​យន្តការ​ត្រួត​ពិនិត្យ​របស់​សហភាព​អឺរ៉ុប​ក៏​ដូច​ជា​អាជ្ញាធរ​ត្រួត​ពិនិត្យ​នៃ​ប្រទេស​សមាជិក​ផង​ដែរ​។

ក្រៅ​ពី​បង្កើត​ឱ្យ​មាន​បទប្បញ្ញត្តិ​រួម​គ្នា​ប្រឆាំង​ការ​លាង​លុយ ​ដើម្បី​ជំរុញ​ការ​អនុវត្ត «បទប្បញ្ញត្តិ​ផ្ទាល់​ដែល​អាច​អនុវត្ត​បាន» ឱ្យ​បាន​ល្អ​ប្រសើរ​ជាង​មុន ក្រុម​ប្រឹក្សា​អឺរ៉ុប​ គាំទ្រ​ការ​បង្កើត​អង្គភាព​ត្រួត​ពិនិត្យ​កម្រិត​សហភាព​អឺរ៉ុប​មួយ ដែល​មាន​សិទ្ធិ​អំណាច​ត្រួត​ពិនិត្យ​ផ្ទាល់​លើ​អង្គភាព​ជាប់​កាតព្វកិច្ច​មួយ​ចំនួន​ដែល​មាន​ហានិភ័យ​ខ្ពស់ ក៏​ដូច​ជា​សិទ្ធិ​អំណាច​ត្រួត​ពិនិត្យ​បន្ត​ពី​អាជ្ញាធរ​ត្រួត​ពិនិត្យ​របស់​ប្រទេស​សមាជិក​ក្នុង​ករណី​ជាក់​លាក់ ​និង​ពិសេស​នានា។

អង្គភាព​នេះ​អាច​ត្រួត​ពិនិត្យ​ជា​ទូទៅ រួម​ទាំង​ការ​ត្រួត​ពិនិត្យ​នៅ​នឹង​កន្លែង​ដោយ​សហការ​ជាមួយ​​អាជ្ញាធរ​ត្រួត​ពិនិត្យ​នៃ​ប្រទេស​សមាជិក​ក៏​ដូច​ជា​ចេញ​សេចក្តី​ណែនាំ​ផ្ទាល់ ឬ​ដាក់​ទោស​​​លើ​ស្ថាប័ន​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​លាងលុយ​កខ្វក់។ យុត្តាធិការ​របស់​អង្គភាព​នេះ​អាច​គ្របដណ្តប់​ទៅ​លើ​ស្ថាប័ន​ឥណទាន​ការិយាល័យ​ប្តូរ​ប្រាក់ ប្រព័ន្ធ​ផ្ទេរ​លុយ​អេឡិចត្រូនិក និង​ស្ថាប័ន​ហិរញ្ញវត្ថុ​ផ្សេង​ទៀត​។

សហភាព​អឺរ៉ុប​ត្រូវ​បាន​ញាំញី​ដោយ​ករណី​លាង​លុយ​កខ្វក់​ធំៗ​​ជាច្រើន​ដែល​ហួស​ផុត​ពីក​ម្រិត​យុត្តាធិការ​នៃ​ប្រទេស​ជា​សមាជិក​​តែ​មួយ ដូច​ជា​ករណី​រឿង​អាស្រូវ​ធនាគារ Danske នៃ​ប្រទេស​ដាណឺម៉ាក ដែល​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ប្រតិបត្តិការ​គួរ​ឱ្យ​សង្ស័យ​កាល​ពី​ឆ្នាំ ២០១៨ ជាមួយ​ទឹក​ប្រាក់​ចំនួន ​២៣០ ​ពាន់​លាន​អឺរ៉ូ ​(ប្រហែល ​២៧១,៥០ ​ពាន់​លាន​ដុល្លារ​អាមេរិក) ឆ្លង​កាត់​សាខា​របស់​ខ្លួន​ក្នុង​ប្រទេស​អេស្តូនី ទៅ​កាន់​ប្រទេស​ជា​ច្រើន​ទាំង​ក្នុង និង​ក្រៅ​សហភាព​អឺរ៉ុប។

រឿង​អាស្រូវ​នេះ​ បាន​បង្ហាញ​ពី​​គុណវិបត្តិ​នៃ​ចន្លោះ​ប្រហោង​ផ្នែក​ច្បាប់​របស់​សហភាព​អឺរ៉ុប និង​កង្វះ​អង្គភាព​ត្រួត​ពិនិត្យ​រួម​មួយ។ រឿង​អាស្រូវ​នេះ ​បាន​ធ្វើ​ឱ្យ​ធនាគារ​ Danske ដែល​ជា​អ្នក​ផ្តល់​ប្រាក់​កម្ចី​ច្រើន​ជាង​គេ​បង្អស់​នៃ​ប្រទេស​ដាណឺម៉ាក ប្រឈម​មុខ​នឹង​ការ​សង្ស័យ ការ​ស៊ើប​អង្កេត ​និង​ការ​ចោទ​ប្រកាន់​នៅ​ក្នុង​ប្រទេស​ជា​ច្រើន ចំពោះ​ការ​ត្រួត​ពិនិត្យ ការ​រាយការណ៍ និង​ការ​ដោះស្រាយ​របស់​ធនាគារ​នេះ​លើ​ទឹក​ប្រាក់​ប្រមាណ ២០០ ពាន់​លាន​អឺរ៉ូ ឬ​ជាង ២២៤ ពាន់​លាន​ដុល្លារ ក្នុង​ប្រតិបត្តិការ​ផ្ទេរ​ប្រាក់​ដែល​គេ​សង្ស័យ​ថា​ មាន​ជាប់​ពាក់ព័ន្ធ​នឹង​ប្រទេសរុស្ស៊ី ចន្លោះ​ឆ្នាំ​ ២០០៧ និង​ឆ្នាំ ​២០១៥​។ រឿង​​​អាស្រូវ​នេះ​បាន​នាំ​ឱ្យ​មាន​ការ​បណ្តេញ​ប្រធាន​ធនាគារ​កំពូលៗ​មួយ​ចំនួន​ចេញ​ពី​តំណែង​ក្នុង​ប្រទេស​ដាណឺម៉ាក និង​ស៊ុយអែត បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ជាប់​ពាក់ព័ន្ធ​របស់​ធនាគារ Deutsche Bank និង​បាន​ធ្វើ​ឱ្យ​ក្រុម​និយតករ​ក្នុង​តំបន់​ប្រឈម​នឹង​ការ​ត្រួត​ពិនិត្យ​ដ៏​តឹងតែង​ផង​ដែរ​។

នៅ​ប្រទេស​បែលហ្ស៊ិក ក្រោយ​បរាជ័យ​ក្នុង​ការ​ប្រឆាំង​ការ​លាង​លុយ​កខ្វក់ ក្រុម​ធនាគារ​ធំៗ​បំផុត​របស់​ប្រទេស​នេះ ​បាន​ស្នើសុំ​ឱ្យ​មាន​ការ​បង្កើត​យន្តការ ដើម្បី​ផ្លាស់​ប្តូរ​ព័ត៌មាន​គ្នា​ទៅ​វិញ​ទៅ​មក​ជាមួយ​អាជ្ញាធរ​បែលហ្ស៊ិក​អំពី​ការ​ផ្ទេរ​ប្រាក់​ដែល​សង្ស័យ​ថា​ ជា​ការ​លាង​លុយ​កខ្វក់ ខណៈ​ពេល​ដែល​កិច្ច​ខិតខំ​​ប្រឹងប្រែង​ដើម្បី​ទប់ស្កាត់​លំហូរ​លុយ​កខ្វក់​ទទួល​បាន​ការ​គាំទ្រ​នៅ​ទូទាំង​ពិភព​លោក។

ក្នុង​សក្ខីកម្ម​ចំពោះ​មុខ​គណៈកម្មាធិការ​ហិរញ្ញវត្ថុ​របស់​សភា​បែលហ្ស៊ិក កាល​ពី​សប្តាហ៍​មុន ក្រុម​ធនាគារ​បែលហ្ស៊ិក រួម​មាន​ធនាគារ ING Belgium ធនាគារ KBC ធនាគារ​ និង​ក្រុមហ៊ុន​ធានា​រ៉ាប់រង Belfius និង​ធនាគារ BNP Paribas Fortis បាន​រួម​គ្នា​ស្នើសុំ​បង្កើត​ច្បាប់​ដែល​ផ្តល់​សិទ្ធិ​ឱ្យ​ពួក​គេ​បង្កើត​ប្រព័ន្ធ​សុវត្ថិភាព​មួយ ដើម្បី​ចែក​រំលែក​ព័ត៌មាន​អំពី​ករណី​សង្ស័យ​ការ​លាង​លុយ​កខ្វក់ និង​អំពី​ស្ថាប័ន​នានា​ដែល​នៅ​ពី​ក្រោយ​ប្រតិបត្តិ​ការ​ផ្ទេរ​ប្រាក់​ទាំង​នេះ។

សំណើ និង​ការ​ផ្តល់​សក្ខីកម្ម​របស់​ក្រុម​ធនាគារ​នេះ គឺ​ជា​លទ្ធផល​នៃ​ការ​បញ្ចេញ​សំណុំ​ឯកសារ​របស់​បណ្តាញ​ត្រួត​ពិនិត្យ​ឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុ (FinCEN Files) ដែល​បាន​មក​ពី​ការ​ស៊ើបអង្កេត​នៅ​ទូទាំង​ពិភព​លោក​របស់​អ្នក​សារព័ត៌មាន​អន្តរជាតិ​ជាង ​៤០០ ​នាក់។

សំណុំ​ឯកសារ​នេះ​បាន​បង្ហាញ​ឱ្យ​ដឹង​ថា ធនាគារ​ជា​ច្រើន​បាន​បន្ត​ផ្ទេរ​លុយ​កខ្វក់​ដែល​មាន​ប្រភព​មក​ពី​ក្រុម​ជួញ​ដូរ​គ្រឿង​ញៀន របប​ពុក​រលួយ ក្រុម​ជួញ​ដូរ​អាវុធ​ខុស​ច្បាប់ និង​ឧក្រិដ្ឋជន​អន្តរជាតិ និង​ឱ្យ​ដឹង​ពី​វិធីសាស្ត្រ​ដែល​ប្រព័ន្ធ​ត្រួត​ពិនិត្យ​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​បើក​ដៃ​ឱ្យ​សកម្មភាព​បែបនេះ​ប្រព្រឹត្ត​ទៅ​បាន។ ការ​ស៊ើប​អង្កេត​នេះ​ផ្អែក​លើ​របាយការណ៍​សម្ងាត់​អំពី​សកម្មភាព​គួរ​ឱ្យ​សង្ស័យ​ចំនួន ​២ ១០០ ​ឯកសារ ដែល​សារព័ត៌មាន BuzzFeed បាន​ទទួល និង​បាន​ចែកចាយ​ជាមួយ​សមាគម​អ្នក​សារព័ត៌មាន​ផ្នែក​ស៊ើបអង្កេត​អន្តរជាតិ និង​ដៃគូ​សារព័ត៌មាន​របស់​ខ្លួន។

របាយការណ៍​ទាំង​នេះ​ ត្រូវ​បាន​ធនាគារ​នៅ​ទូទាំង​ពិភព​លោក​ផ្ញើ​ទៅ​កាន់​បណ្តាញ​ត្រួត​ពិនិត្យ​ឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុ FinCEN (Financial Crimes Enforcement Network) ដែល​ជា​អង្គភាព​ស៊ើប​អង្កេត​មួយ​នៅ​ក្រោម​ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក។

ការ​ស៊ើប​អង្កេត​របស់​ក្រុម​អ្នក​សារព័ត៌មាន​ស៊ើប​អង្កេត​អន្តរជាតិ​ទៅ​លើ​សំណុំ​ឯកសារ​របស់​បណ្តាញ​ត្រួត​ពិនិត្យ​ឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុបាន​រក​ឃើញ​ថា ធនាគារ​ពិភព​លោក​ជា​ច្រើន​ដែល​មាន​ប្រតិបត្តិការ​នៅ​សហរដ្ឋ​អាមេរិក​បាន​ប្រើប្រាស់​សិទ្ធិ​ដែល​ខ្លួន​ទទួល​បាន​ក្នុង​ប្រព័ន្ធ​រតនាគារ​ជាតិ​អាមេរិក ដើម្បី​ផ្ទេរ​ប្រាក់​ជាង​ ២ ពាន់​ពាន់​លាន​ដុល្លារ​នៅ​ចន្លោះ​ឆ្នាំ ១៩៩៩ ​និង​ឆ្នាំ ២០១៧ ដែល​គេ​ជឿ​ថា​ មាន​ការ​សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​លាង​លុយ​របស់​អតិថិជន​ធនាគារ​នៅ​ក្នុង​ប្រទេស​ចំនួន​ជាង ១៧០​៕