កាលពីថ្ងៃចន្ទ ទី ១ ខែកុម្ភៈ ចក្រភពអង់គ្លេសបានស្នើសុំចូលជាសមាជិកដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ដើម្បីពង្រីកទំនាក់ទំនងពាណិជ្ជកម្មជាមួយតំបន់អាស៊ីប៉ាស៊ីហ្វិកបន្ទាប់ពីចាកចេញពីសហភាពអឺរ៉ុបកាលពីឆ្នាំមុន។
ប្រសិនបើចក្រភពអង់គ្លេសត្រូវបានអនុញ្ញាតឱ្យចូលជាសមាជិកក្នុងកតិកាសញ្ញាដៃគូអន្តរប៉ាស៊ីហ្វិកនេះ ចក្រភពអង់គ្លេសអាចក្លាយជាប្រទេសដំបូងដែលបានចូល TPP-11 បន្ទាប់ពីអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដកសហរដ្ឋអាមេរិកចេញពីកតិកាសញ្ញាក្នុងឆ្នាំ ២០១៧។
គួរបញ្ជាក់ផងដែរថា ភាពជាដៃគូអន្តរ-ប៉ាស៊ីហ្វិក គឺជាកិច្ចព្រមព្រៀងរវាងបណ្តាប្រទេសចំនួន ១១ នៅតំបន់ប៉ាស៊ីហ្វិក។ បណ្តាប្រទេសទាំងនោះរួមមាន ប្រទេសអូស្ត្រាលី ប្រ៊ុយណេ កាណាដា ស៊ីលី ជប៉ុន ម៉ាឡេស៊ី ម៉ិកស៊ិក នូវែលសេឡង់ ប៉េរូ សិង្ហបុរី និងវៀតណាម។
កតិកាសញ្ញានេះ អាចជួយអនុគ្រោះពន្ធទៅលើផលិតផលមួយចំនួននៅពេលដែលបណ្តាប្រទេសទាំងនោះធ្វើពាណិជ្ជកម្មនៅក្នុងទីផ្សារបណ្តាប្រទេសនានា ដែលជាសមាជិក។
នៅក្នុងសេចក្តីប្រកាសមួយកាលពីថ្ងៃទី ៣០ មករា នាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិចក្រភពអង់គ្លេសបាននិយាយថា នឹងមានការពិភាក្សាការដាក់សំណើសុំចូលកតិកាសញ្ញានេះ។ ការពិភាក្សានេះនឹងធ្វើឡើងដោយមានវត្តមានលោក Yasutoshi Nishimura រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ TPP-11 របស់ប្រទេសជប៉ុន និងលោក Damien O''Connor រដ្ឋមន្ត្រីពាណិជ្ជកម្ម និងសេដ្ឋកិច្ច។
បន្ទាប់មកពីការដាក់សំណើរួច គណៈកម្មការនឹងជាអ្នកសម្រេចក្នុងការចូលជាសមាជិកនៃកតិកាសញ្ញាដៃគូអន្តរ-ប៉ាស៊ីហ្វិក។
ប្រសិនបើទទួលបានជោគជ័យ ចក្រភពអង់គ្លេសនឹងក្លាយជាប្រទេសមានសេដ្ឋកិច្ចធំទី២ បន្ទាប់ពីប្រទេសជប៉ុន។
នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បាននិយាយថា៖ “ការដាក់សំណើធ្វើជាប្រទេសថ្មីដំបូងគេដែលចូលរួមជាមួយ CPTPP បង្ហាញពីមហិច្ឆតារបស់អង់គ្លេសក្នុងការធ្វើពាណិជ្ជកម្មតាមលក្ខខណ្ឌល្អបំផុតជាមួយនឹងដៃគូនៅទូទាំងពិភពលោកនឹងក្លាយជាម្ចាស់ជើងឯកនៃពាណិជ្ជកម្មសេរីសកល។
បណ្តាប្រទេសដែលនៅក្នុង កតិកាសញ្ញានេះ គឺអាចធ្វើពាណិជ្ជកម្មទៅកាន់ទីផ្សាររបស់ប្រទេសនានាទៅវិញទៅមកហើយពន្ធទំនិញទាំងនោះទទួល បានការកាត់បន្ថយពន្ធប្រមាណ ៩៥ ភាគរយ។
លើសពីនេះទៀត ក្រុមហ៊ុនផលិតផលដែលយកសារធាតុដើមពីតំបន់ផ្សេងគ្នាច្រើនអាចមានលក្ខខណ្ឌអនុគ្រោះពន្ធផងដែរ។ ទោះយ៉ាងណា CPTPP មិនដូចសហភាពអឺរ៉ុបទេមិនមែនជាទីផ្សារតែមួយទេ។ ដូច្នេះប្រទេសនានាមិនតម្រូវឱ្យមានបទបញ្ជា និងស្តង់ដាដូចគ្នាទេហើយបណ្តាប្រទេសអាចធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្ទាល់ ខ្លួនជាមួយប្រទេសដទៃបានផងដែរ។
ប្រទេសអង់គ្លេស ចង់មានទំនាក់ទំនងពាណិជ្ជកម្មជាមួយបណ្តាប្រទេសផ្សេងទៀត បន្ទាប់ពីប្រទេសនេះបានចាកចេញពីសហភាពអឺរ៉ុប ជាការដែលប្រទេសអង់គ្លេស សម្រេចចិត្តស្នើសុំចូលទៅកតិកាសញ្ញាភាពជាដែគូអន្តរប៉ាស៊ីហ្វិកនេះធ្វើឱ្យទំនាក់ទំនងជាមួយប្រទេសជប៉ុន និងអង់គ្លេស កាន់តែមានសារៈសំខាន់បំផុត។
វិធីសាស្ត្រទ្វេភាគីរបស់អង់គ្លេសចំពោះពាណិជ្ជកម្មគឺមានលក្ខណៈសមហេតុសមផល ខណៈពេលដែលចូលរួមជាមួយ CPTPP ដោយសារប្រទេសអង់គ្លេស ដើរតួប្រមាណ ១៣ ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក។
ប្រទេសអង់គ្លេស នឹងមានភាពល្អប្រសើរជាមួយប្រទេសជប៉ុន ដោយបច្ចុប្បន្នប្រទេសជប៉ុន ដើរតួប្រមាណ ៥០ ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិកបានដកខ្លួនចេញពីកតិកាសញ្ញានេះកាលពីឆ្នាំ ២០១៧។ ការឈានចូលរបស់ប្រទេសអង់គ្លេស អាចនឹងក្លាយជាការអភិវឌ្ឍព្រមទាំងអាចនឹងមានលទ្ធភាពពង្រីកប្លុកបន្ថែមទៀតនិងអាចធ្វើឱ្យមានតែការចូលជាសមាជិកបន្ថែមនាពេលអនាគត៕