កាល​ពី​ថ្ងៃ​ពុធ ទី ៧ មេសា ប្រទេស​អូស្ត្រាលី បាន​ប្រកាស​ថា ​នឹង​ស្នើសុំ​វ៉ាក់សាំង​កូវីដ ១៩ របស់ ​AstraZeneca ចំនួន​ជាង ៣ លាន​ដូស។

នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក ​Scott Morrison មាន ប្រសាសន៍​ថា ប្រសិន​បើ​សហភាព​អឺរ៉ុប​ឥឡូវ​នេះ បង្ហាញ​ពី​ឆន្ទៈ​របស់​ខ្លួន​ក្នុង​ការ​នាំចេញ​វ៉ាក់សាំង​កូវីដ ១៩ លោក​នឹង​ស្នើសុំ​វ៉ាក់សាំង​ម្តង​ទៀត ​ដែល​មាន​ចំនួន ៣,១ លាន​ដូស។

ចំនួន ៣,១ លាន​ដូស ត្រូវ​បាន​គ្រោង​នឹង​ទៅ​ដល់​ប្រទេស​អូស្ត្រាលី ​នៅ​ចុង​ខែ​មេសា។ លោក​ក៏​បាន​និយាយ​ថា សហភាព​អឺរ៉ុប​ធ្លាប់​ស្នើ​ឱ្យ​អូស្ត្រាលី​ដក​ពាក្យសុំ​លិខិត​អនុញ្ញាត​នាំចេញ​វ៉ាក់សាំង។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​សារព័ត៌មាន Channel News Asia។

កាល​ពី​ខែ​មុន សហគមន៍​អឺរ៉ុប​បាន​រារាំង​ការ​ដឹកជញ្ជូន​វ៉ាក់សាំង​របស់​ក្រុមហ៊ុន ​AstraZeneca ចំនួន ២៥០ ០០០ ដូស ​ទៅ​អូស្ត្រាលី​ដោយ​លើក​ឡើង​ពី​កង្វះ​វ៉ាក់សាំង​នៅ​អឺរ៉ុប៕