កាល​ពី​ថ្ងៃ​អង្គារ ទី ១៦ មីនា ប្រទេស​អូស្ត្រាលី ​នៅ​តែ​បន្ត​ប្រើប្រាស់​វ៉ាក់សាំង AstraZeneca ទោះបី​ជា​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​មួយ​ចំនួន​បាន​ផ្អាក​ការ​ប្រើប្រាស់​ក្រោយ​ពី​មាន​ករណី​ឈាមកក​ក្នុង​សរសៃ​ឈាម​យ៉ាង​ណាក្ដី។

ប្រធាន​ផ្នែក​វេជ្ជសាស្ត្រ​អូស្ត្រាលី​លោក ​Paul Kelly បាន​និយាយ​ថា រដ្ឋាភិបាល​អូស្ត្រាលី​នៅ​តែ​មាន​ទំនុក​ចិត្ត​លើ​វ៉ាក់សាំង AstraZeneca។ លោក​បាន​បន្ត​និយាយ​ថា ខណៈ​ពេល​បច្ចុប្បន្ន​នេះ ​មិនមាន​ភ័ស្តុតាង​ណា​មួយ​បង្ហាញ​ថា វ៉ាក់សាំង​ប្រភេទ​នេះ​បណ្តាល​ឱ្យ​មាន​ភាព​កក​ឈាម​នោះ​ទេ ប៉ុន្តែ​គេ​កំពុងតែ​ស៊ើប​អង្កេត​ពី​ផលប៉ះពាល់ ដែល​បាន​រាយការណ៍​កន្លង​មក។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​សារព័ត៌មាន ​Reuters។

កាល​ពី​ថ្ងៃទី ១៤ មីនា ក្រុមហ៊ុន​ដែល​ផលិត​វ៉ាក់សាំង AstraZeneca បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ពិនិត្យ​មនុស្ស​ជាង ១៧ លាន​នាក់​ដែល​បាន​ទទួល​វ៉ាក់សាំង​រួច​នៅ​ក្នុង​សហភាព​អឺរ៉ុប ​និង​ចក្រភព​អង់គ្លេស​ មិន​មាន​ករណី​កកឈាម​ក្នុង​សរសៃ​ឈាម​ឡើយ៕