ក្រុង​គែរ៖ ​កង​កម្លាំង​ប្រដាប់​អាវុធ​នៅ​ប្រទេស​អេហ្ស៊ីប​ បាន​ប្រកាស​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ ការ​ធ្វើ​សមយុទ្ធ​យោធា​រួម ​៦​ ប្រទេស​ហៅ​ថា​«Sword ​of Arabs​»​ បាន​ចាប់​ផ្តើម​ធ្វើ​ឡើង​ នៅ​មូលដ្ឋាន​យោធា​ធំ​ជាង​គេ​បំផុត​នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប ​មួយ​នេះ​។​

អ្នក​នាំពាក្យ​មន្ត្រី​របស់​កងកម្លាំង​ប្រដាប់​អាវុធ​ប្រទេស​អេហ្ស៊ីប​ គឺ​លោក ​តាមើរ អាល់-រីហ្វៃ​​ ដែល​បាន​បង្ហោះ​ឃ្លីប​វីដេអូ​ខ្លី​មួយ​ បង្ហាញ​អំពី​ផ្នែក មួយ​នៃ​ការ​ធ្វើ​សមយុទ្ធ​រួម ​(Sword of Arabs) នៅ​​លើ​គេហទំព័រ​ហ្វេសប៊ុក​ផេក​ផ្លូវ​ការ​របស់​កងកម្លាំង​ប្រដាប់​អាវុធ​ប្រទេស​អេហ្ស៊ីប។

សេចក្តី​ថ្លែងការណ៍​មួយ​បាន​ចេញ​ផ្សាយ​ដោយ​កង​កម្លាំង​ប្រទេស​អេហ្ស៊ីប​ បាន​ឲ្យ​ដឹង​ថា ​ការ​ធ្វើ​សមយុទ្ធ​យោធា​នោះ​ បាន​ចូលរួម​ដោយ​ប្រទេស​អេហ្ស៊ីប​ អារ៉ាប៊ី​ សាអ៊ូឌីត​ ប្រទេស​អារ៉ាប់​រួម​ ហ្ស៊កដានី​ បារ៉ែន​ និង​ប្រទេស​ស៊ូដង់ ​នឹង​ធ្វើ​ឡើង​បន្ត​រហូត​ដល់​ថ្ងៃ​ព្រហស្បតិ៍​ ខាង​មុខ​នេះ​។​

សេចក្តី​ថ្លែងការណ៍​នោះ​ បាន​បន្ថែម​ថា ​ការ​ធ្វើ​សមយុទ្ធ​ថ្មើរ​ជើង​ផ្លូវ​អាកាស​ និង​នាវា​ជើង​ទឹក​ នឹង​ត្រូវ​អនុវត្ត​ធ្វើ​ឡើង​នៅ​ក្នុង​មូលដ្ឋាន​យោធា​មូហា-ម៉េដ ​ណាហ្គីប​ នៅ​ខេត្ត​ម៉ាត្រូហ៍​សមុទ្រ​មេឌីទែរ៉ាណេ​ និង​តំបន់​មួយ​ចំនួន​នៃ​ទីបញ្ជាការ​យោធា​ភាគ​ខាង​ជើង​។​

សេចក្តី​ថ្លែងការណ៍​នោះ ​បាន​និយាយ​ថា​ ការ​បណ្តុះបណ្តាល​​ គឺ​មាន​បំណង​ចង់​អភិវឌ្ឍ ​និង​ពង្រឹង​ទំនាក់ទំនង​យោធា ​រវាង​ប្រទេស​អេហ្ស៊ីប​ និង​​ប្រទេស​អារ៉ាប់​ផ្សេង​ទៀត​ ដោយ​​បន្ថែម​ថា​ ​សមយុទ្ធ​នេះ ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​សមយុទ្ធ​មួយ​ក្នុង​ចំណោម​ការ​ធ្វើ​សមយុទ្ធ​បច្ចេកទេស​ដ៏​ធំ​បំផុត​ ដែល​​ធ្វើ​ឡើង​នៅ​ក្នុង​ពិភព​អារ៉ាប់​៕ Xinhua/SK