ប្រទេស​អ៊ូហ្គង់ដា ​នឹង​មាន​ការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ១៤ ខែមករា។​ ការ​បោះឆ្នោត​​របស់​ប្រទេស​អ៊ូហ្គង់ដា ​នាពេល​ឆាប់ៗ​នេះ បេក្ខភាព​ពី​គណបក្ស​វេទិកា​ឯកភាព​ជាតិ ​(National Unity Platform) ​លោក ​Bobi Wine និង​ប្រធានាធិបតី​កាន់​តំណែង​លោក Yoweri Museveni មក​ពី​គណបក្ស​ចលនា​តស៊ូជាតិ ​(National Resistance Movement)។

លោក Yoweri Museveni​ មានវ័យ ​៧៦ ឆ្នាំ ​ជា​បេក្ខភាព​មក​ពី​គណបក្ស​កាន់​អំណាច​បច្ចុប្បន្ន ហើយ​លោក​បាន​ជាប់​ឆ្នោត​ជា​នាយក​រដ្ឋមន្រ្តី​នៅ​ប្រទេស​អ៊ូហ្គង់ដា ​តាំង​ពី​ឆ្នាំ​ ១៩៨៦។ ​អំឡុង​ពេល​លោក ​Museveni ចាប់​ផ្ដើម​កាន់​អំណាច​ប្រទេស​​អ៊ូហ្គង់ដា ​គាំទ្រ​ដោយ​រដ្ឋាភិបាល​អាមេរិក ហើយ​លោក​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​អំពី​ការ​រំលោភ​អំណាច​ផង​ដែរ​។

ដោយ​ស្ថិត​ក្នុង​អំណាច​រយៈពេល​ ​៣៥ ឆ្នាំ​កន្លង​មក​នេះ ​លោក​ Museveni បាន​ជួយ​ធ្វើ​ឱ្យ​ប្រទេស​មាន​ភាព​រស់​រវើក​ឡើង​វិញ​ដោយ​ផ្តល់​នូវ​ស្ថិរភាព​​នយោបាយ​សេដ្ឋកិច្ច និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ប្រសើរ​ឡើង លោក​បាន​បង្កើត​កំណែ​ទម្រង់​មូលធន​និយម​មួយ​ចំនួន​ និង​គាំទ្រ​សារព័ត៌​មាន​សេរី។

ចំពោះ​បេក្ខភាព​មក​ពី​គណបក្ស​ប្រឆាំង​វិញ​ចូលរួម​ដោយ​តន្ត្រីករ​ជនជាតិ​អ៊ូហ្គាន់ដា ​ដែល​បាន​ប្រែក្លាយ​ទៅ​ជា​អ្នក​នយោបាយ​លោក Robert Kyagulanyi ​ដែល​ត្រូវ​បាន​គេស្គា​ល់​ផង​ដែរ​ថា ឈ្មោះ​ Bobi Wine។

មាន​កំណើត​កើត​ជា​ក្នុង​តំបន់​​អនាធិបតេយ្យ​នៅ​ក្នុង​ទីក្រុង​កំប៉ាឡា ​លោក Bobi Wine ​មាន​​វ័យ ៣៨ ឆ្នាំ​ជា​អតីត​អ្នក​ចម្រៀង​ដ៏​ល្បី​មួយ​រូប​ លោក​បាន​​ក្លាយ​ជា​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​នៅ​ឆ្នាំ ២០១៧។ ​ក្រោយ​ពី​លោក Wine ​បាន​ជាប់​​ឈ្មោះ​ក្នុង​គណបក្ស​ប្រឆាំង​លោក​ហាក់​ដូចជា​មាន​ភាព​ពិបាក​ក្នុង​ការ​ធ្វើ​យុទ្ធនាការ​បោះឆ្នោត​នៅ​ឆ្នាំ​នេះ ​ដោយ​ធ្លាប់​មាន​ការ​ចាប់​ខ្លួន​រូប​លោក​ជា​បន្តបន្ទាប់​ពិសេស​ឥឡូវ​នេះ​រូប​លោក ​Wine​ ត្រូវ​បាន​ហាមប្រាម​មិន​ឱ្យ​​ធ្វើ​យុទ្ធនាការ​បោះឆ្នោត​ដោយ​ចុះ​មូលដ្ឋាន​ផ្ទាល់ ​តែ​ទោះ​ជា​យ៉ាង​ណា​រូប​លោក​នៅ​អាច​ធ្វើ​យុទ្ធនាការ​បាន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​យ៉ាង​ផុលផុស។

លោក Wine ​បាន​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​ជា​ផ្លូវ​ការ​នៅ​ឆ្នាំ ​២០១៧ នៅ​ពេល​​ដែល​លោក​បាន​ឈ្នះ​កៅអី​មួយ​​នៅ​ក្នុង​រដ្ឋសភា​ជាតិ​អ៊ូហ្គង់ដា ហើយ​ចាប់​តាំង​ពី​ពេល​នោះ ​មក​​លោក​បាន​ត្រូវ​គេ​ឃុំ​ខ្លួន​ជា​ច្រើន​ដង​។ លោក​មាន​ប្រជាប្រិយភាព​ក្នុង​ចំណោម​យុវជន​វ័យ​ក្មេង​យ៉ាង​ខ្លាំង​ផង​ដែរ។ ​នយោបាយ​តស៊ូ​មតិ​ចម្បងៗ​របស់​លោក​រួម​មាន​ភាព​មាន​ការងារ​ធ្វើ​ក្នុង​ចំណោម​យុវជន​ការ​លុប​បំបាត់​អំពើ​ពុក​រលួយ​កំណែ​ទម្រង់​វិស័យ​អប់រំ​ និង​សុខភាព​ផង​ដែរ។

បេក្ខជន​ប្រធានាធិបតី​បក្ស​ប្រឆាំង​លោក​ Bobi Wine បាន​ធ្លាប់​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​លោក​កាល​ពី​​ចុ​ងឆ្នាំ​មុន ប៉ុន្តែ​ត្រូវ​បាន​ហាម​ឃាត់​ និង​រូប​លោក​នៅ​ស្ថិត​ក្នុង​ការ​ចាប់​ខ្លួន​មក​ទល់​ពេល​ថ្មីៗ​នេះ។ ​ មូលហេតុ​ផ្លូវ​ការ​ចំពោះ​ការ​ចាប់​​ខ្លួន​លោក ​Wine គឺ​ប៉ូលិស​​មាន​ភ័ស្តុតាង​ដែល​ថា លោក​បាន​រៀបចំ​ផែនការ​ប្រមូល​ផ្តុំ​មនុស្ស​លើស​ចំនួន​ដែល​បាន​កំណត់​នៅ​អំឡុង​ពេល​មាន​ការ​រីក​រាលដាល​វីរុស​កូវីដ ១៩។

ការ​ចាប់​ខ្លួន​លោក ​Wine​ និង​​ការ​ប្រើប្រាស់​អំពើ​ហិង្សា​ដែល​កំពុង​កើន​ឡើងនៅ​ក្នុង​រដ្ឋ​អាហ្វ្រិក​ខាង​កើត​បាន​ធ្វើ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ជា​អន្តរជាតិ។ ក្រុម​អ្នក​ជំនាញ​របស់​អង្គការ​សហ​ប្រជាជាតិ​បាន​​និយាយ​នៅ​សប្តាហ៍​មុន​ថា៖ «យើង​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​អំពើ​ហិង្សា​ដែល​ទាក់ទង​នឹង​ការ​បោះឆ្នោត ​ការ​ប្រើកម្លាំង​ហួស​ប្រមាណ​ដោយ​សន្តិសុខ​ក៏​ដូច​ជា​ការ​កើន​ឡើង​នៃ​ការ​បង្ក្រាប​ទៅ​លើ​ក្រុម​អ្នក​តវ៉ា​ដោយ​សន្តិវិធី​មេ​ដឹកនាំ​សង្គម​ស៊ីវិល​ និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស»។

លោក Wine ​បាន​និយាយ​ថា៖ ​“រាល់​ថ្ងៃ​យើង​ជួប​ជា​មួយ​មន្រ្តី​យោធា​ដែល​ប្រដាប់​ដោយ​អាវុធ។ ខ្ញុំ​ខ្លាច និង​បារម្ភ​រាល់​ថ្ងៃ។ ​ខ្ញុំ​ខ្លាច​ជីវិត​ខ្ញុំ​ និង​ជីវិត​អ្នក​ដែល​គាំទ្រ​ខ្ញុំ​ក្នុង​ការ​តស៊ូ​” ​ហើយ​ថ្មីៗ​នេះ ​រូប​លោក​បាន​សម្រេច​ចិត្ត​បញ្ជូន​កូនៗ​ចំនួន ​២ នាក់ ​របស់​លោក​ទៅ​សហរដ្ឋ​អាមេរិក ​ដើម្បី​បញ្ចៀស​ពី​ការ​បៀតបៀន​នានា។​

ចំពោះ​ការ​បោះឆ្នោត​នៅ​អាណត្តិ​នេះ ​បេក្ខភាព​ពី​គណបក្ស​ទាំង ២ ហាក់​ដូចជា​មាន​ភាព​ខុស​គ្នា​គួរ​ឱ្យ​កត់​សម្គាល់​​មួយ​ចំនួន​ដោយ​លោក​ Museveni ​កាន់​អំណាច​តាំង​ពី​លោក ​Wine នៅ​ក្មេង។​ ដោយ​ក្នុង​ចំណោម​អ្នក​ដែល​បាន​ចុះ​ឈ្មោះ​នៅ​អាណត្តិ​នេះ​ចំនួន​ជាង ​១៨ ​លាន​នាក់ មាន​២ ភាគ ​​៣ មាន​អាយុ​ក្រោម ​៣០ ​ឆ្នាំ​ដូច្នេះ​មាន​ន័យ​ថា ប្រជាជន​ដែល​មាន​ឈ្មោះ​បោះឆ្នោត​ទាំង​នេះ​រស់នៅ​ក្រោម​ការ​ដឹកនាំ​ដោយ​ប្រធានាធិបតី​តែ ​១ ​គត់ ​គឺលោក ​Museveni​ នេះ​ឯង​​ប្រជាជន​អ៊ូហ្គង់ដា​ភាគ​ច្រើន​ក៏​ចាត់​ទុក​លោក ​Museveni ​ប្រៀប​ដូច​ជា​ឪពុក ​ឬ​ជា​ជីតា​​របស់​ខ្លួន​ផង​ដែរ​។​

ក្នុង​រដ្ឋបាល​លោក Museveni កាន់​អំណាច​អត្រា​ភាព​ក្រីក្រ​របស់​ប្រទេស​អ៊ូហ្គង់ដា ​បាន​​ធ្លាក់​ចុះ​ពី ​៦០ ​ភាគរយ ​មក​នៅ​ក្រោម ​២០ ​ភាគរយ​ ប៉ុន្តែ​ភាព​អត់​ការងារ​ធ្វើ និង​ការ​អភិវឌ្ឍ​សេវាកម្ម​សាធារណៈ​នៅ​មាន​កម្រិត​នៅ​ឡើយ។

​ក្រោម​ការ​គ្រប់គ្រង​របស់​លោក​ Museveni ក្នុង​អំឡុង​ពេល ២ ​ឆ្នាំ​ចុង​ក្រោយ​នៃ​អាណត្តិ​របស់​លោក អត្រា​អ្នក​ដែល​មិនមាន​ការងារ​ធ្វើ​បាន​កើន​ឡើង​ពី ​២,៥ ​ភាគរយ ​ទៅ ​២,៩ ភាគរយ។ ​នេះ​បើ​យោង​តាម​ស្ថិតិ​ធនាគារ​ពិភព​លោក៕