កាលពី​ថ្ងៃសៅរ៍ ​ទី ១៥ ​ឧសភា​ករណីវិជ្ជមាន​កូវីដ ១៩​ នៅ​ប្រទេស​ឥណ្ឌា​ មាន​ចំនួន​តិចបំផុត ​កំឡុង​ករណីឆ្លង​ក្នុង​សហគមន៍​លើកនេះ។ ​នៅថ្ងៃទី ១៥ ​ឧសភានេះ ​ឥណ្ឌា​មានករណី​អ្នក​ស្លាប់ត្រឹម ៤ ០០០​ ករណី​ ដែល​ឥណ្ឌា​សង្ឃឹមថា​ អាចនឹង​ធ្វើ​ឱ្យ​ស្ថាន ការណ៍​នៅក្នុង​ប្រទេស​មានលំនឹង​ឡើងវិញ។

លោក Vinod Paul​ ដែលជា​សមាជិក​វិទ្យាស្ថានជាតិ​សម្រាប់​ការផ្លាស់ប្តូរ​ ប្រទេស​ឥណ្ឌា​ បាន​និយាយថា ​ស្ថានភាព​កូវីដ ១៩​ នៅក្នុង​ប្រទេស​ឥណ្ឌា​ កំពុងមាន​សិ្ថរភាព​ ហើយរដ្ឋាភិបាល​នឹងខិតខំ​រក​វិធានការ​ធ្វើយ៉ាងណា​មាន​ស្ថិរភាព​បន្ថែមទៀត។ ​នេះបើ​យោងតាម ការ​ដកស្រង់​សម្តីរបស់​ Business Today។

យោងតាម​ការដកស្រង់​សម្តីរបស់​សារព័ត៌មាន​ Strait Times ​នៅក្នុង​សេចក្តីថ្លែង​ការណ៍ របស់​រដ្ឋាភិបាល​ឥណ្ឌា​បានឱ្យ​ដឹងថា​ លោក​នាយក​រដ្ឋមន្រ្តី​ឥណ្ឌា​ Narendra Modi បានប្រាប់​មន្រ្តី​របស់ខ្លួនឱ្យ​ផ្តោតការ​យកចិត្ត​ទុកដាក់​លើការ​ចែកចាយ​ធនធាន​រួមទាំង ការផ្គត់​ផ្គង់អុកស៊ីហ្ស៊ែន​ នៅតំបន់​ជនបទ​ដែល​រងផល​ប៉ះពាល់​ខ្លាំង។

លោក​ក៏បានអំពាវ​នាវឱ្យមាន​ការធ្វើតេស្ត​បន្ថែមទៀត ​នៅតាម​ទី​ជនបទ​របស់​ឥណ្ឌាដែល​កំពុងមាន​ការរីករាល​ដាលវីរុសនេះ​ឆាប់រហ័ស​។

នៅក្នុង​សន្និសីទកា​សែតកាលពី​ថ្ងៃទី ១៥​ ឧសភា​ មន្ត្រី​សុខាភិបាល​កំពូល​បាន និយាយថា ​រដ្ឋចំនួន ១០​ មានករណី​វិជ្ជមាន​កូវីដ​ ៨៥​ ភាគរយ​ សរុបនៅ​ក្នុង​ប្រទេស។

ក្រសួង​សុខាភិបាល​ បាន​និយាយថា​រដ្ឋចំនួន ១១ ​មានករណី​អ្នកឆ្លង​ជាង ១០​ ម៉ឺន​ករណី។ រដ្ឋ ៨ ទៀត​មាន​ករណីសកម្ម​ចន្លោះពី ​៥ ទៅ ​១០ ម៉ឺន​ករណី។​ ក្រសួងក៏​បានបន្ត​និយាយថា ​រដ្ឋ Maharashtra, Uttar Pradesh, Gujarat និង Chhattisgarh​ ដែលមាន​ចំនួន​ករណី​វិជ្ជមានច្រើនកំពុង​មាន​ការថយចុះ​នៃ​ចំនួន​ករណី​សកម្ម​។

ការឆ្លងជា​សហគមន៍​នៅក្នុង​ប្រទេសឥណ្ឌានេះ ​កើនឡើង​ដោយការ​ជឿលើ​ជំនឿ ជំនួស​វិធីសាស្រ្ត​ការពារ​ផ្អែក​លើវិទ្យាសាស្ត្រ​ក្នុងការ​ទប់ទល់​នឹង​រោគរាតត្បាតនេះ។

រដ្ឋាភិបាលឥណ្ឌា ​ធ្លាប់បាន​អនុញ្ញាតឱ្យ​មានការ​ជួបជុំពិធី​បុណ្យបែប​សាសនា ​និង​ការ​ប្រមូលផ្តុំដើម្បី​ឃោសនា​នយោបាយ​បាន​ជំរុញឱ្យ​មានករណី​វិជ្ជមានកូវីដ ១៩ ​គួរឱ្យ​កតក់​សម្គាល់។

បន្ថែមពីនេះ​ ការមិន​អើពើ​នឹង ​ដំបូន្មាន​របស់​អង្គការ​សុខភាព​ពិភព ​លោក​ចាប់តាំង​ពី ការ​ចាប់ផ្តើម​នៃ​វិបត្តិនេះ​។ អង្គការ​សុខភាព​ពិភព​លោក​បានផ្តល់​អនុសាសន៍​នូវយុទ្ធ​សាស្ត្រមួយ​ចំនួន ដែល​តម្រូវឱ្យ​មានការ​ធ្វើតេស្ត​ការទាក់ទង​អ្នកជាប់​ពាក់ព័ន្ធ ​ការ​រក្សាគម្លាត​សង្គម និង​ការ​ព្យាបាល​៕