ក្រុង​សេអ៊ូល៖ ​នាយ​សេនាធិការ​យោធា​ចម្រុះ​នៃ​ប្រទេស កូរ៉េ​ខាង​ត្បូង ​(JCS) ​បាន​ថ្លែង​ថា​ កូរ៉េ​ខាង​ជើង​បាន​បាញ់​ទៅ​នឹង​អ្វី​ដែល​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ គឺ​ទំនង​ជា​មីស៊ីល​បាលីស្ទិក​ចម្ងាយ​​​ជិត​ចំនួន ​២​ គ្រាប់ ​ឆ្ពោះ​ទៅ​សមុទ្រ​ខាង​កើត​កាល​ពី​ថ្ងៃ​អាទិត្យ​ ជា​ការ​បាញ់​សាកល្បង​ជា​បន្ត​បន្ទាប់​​ថ្មី​​​បំផុត ទោះបី​ជា​ប្រទេស​នេះ​ ​កំពុង​​ស្ថិត​នៅ​ក្នុង​ការ​ប្រកាស​អាសន្ន​ក្នុង​កម្រិត​ខ្ពស់​​ប្រឆាំង​វីរុស​កូរ៉ូណា​​ក្តី​។​

នាយ​សេនាធិការ​យោធា​ចម្រុះ​របស់​ប្រទេស ​កូរ៉េ​ខាង​ត្បូង ​​បាន​ថ្លែង​ថា ​មីស៊ីល ​២ ​គ្រាប់ ​ត្រូវ​បាន​គេ​បាញ់​ឆ្ពោះ​ទៅ​ទិស​ភាគ​ឦសាន​ចេញ​ពី​ទីក្រុង​ឆ្នេរ​សមុទ្រ​វ៉ុនសាន​ភាគ​ខាង​កើត​នៅ​ម៉ោង ​៦ ​និង ​១០ នាទី​ព្រឹក​ ហើយ​មីស៊ីល​​ទាំង​នោះ ​ហោះ​បាន​ចម្ងាយ​ប្រហែល ​២៣០ ​គីឡូម៉ែត្រ​ ស្ថិត​ក្នុង​រយៈ​កម្ពស់​​ប្រហែល ​៣០ ​គីឡូ​ម៉ែត្រ​ ដោយ​បាន​បន្ថែម​ថា​ អាជ្ញាធរ​ចារកម្ម​កូរ៉េ​ខាង​ត្បូង និង​អាមេរិក​ កំពុង​វិភាគ​ការ​បាញ់​សាកល្បង​មីស៊ីល​ឲ្យ​បាន​ច្បាស់​លាស់​​ថែម​​ទៀត​។​

JCS បាន​ថ្លែង​ថា៖ «​នៅ​ក្នុង​ស្ថានការណ៍​មួយ​ដែល​ពិភព​លោក​ទាំង​មូល​ កំពុង​ជួប​ប្រទះ​ផល​វិបាក​ជា​ច្រើន​ ដោយសារ​ជំងឺ​កូវីដ ​១៩​ សកម្មភាព​យោធា​បែប​នេះ​របស់​ប្រទេស ​កូរ៉េ​ខាង​ជើង​ គឺ​ជា​ទង្វើ​មិន​ត្រឹមត្រូវ​យ៉ាង​ខ្លាំង​ ហើយ​យើង​អំពាវនាវ​ឲ្យ​បញ្ឈប់​ជា​បន្ទាន់​»​។​

JCS ​បាន​បន្ថែម​ថា​ យោធា​កូរ៉េ​ខាង​ត្បូង​កំពុង​ត្រួត​ពិនិត្យ​មើល​ស្ថានការណ៍​នោះ ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត​ ខណៈ​ដែល​យោធា​របស់​ខ្លួន ​បាន​ត្រៀម​លក្ខណៈ​ប្រុង​ជើង​ការ​រួច​ជា​ស្រេច​។​

ប្រទេស ​កូរ៉េ​ខាង​ជើង​ បាន​ធ្វើ​សមយុទ្ធ​បាញ់​សាកល្បង​អាវុធ​ និង​កាំភ្លើង​ធំ​ជា​បន្តបន្ទាប់​នៅ​ឆ្នាំ​នេះ​ លើកលែង​តែ​ការ​ធ្វើ​សមយុទ្ធ​បាញ់​កាំភ្លើង​ធំ​ទ្រង់ទ្រាយ​តូច​ ការ​បាញ់​កាល​ពី​ថ្ងៃ​អាទិត្យ​ ត្រូវ​បាន​គេ​ជឿ​ថា​​ទំនង​ជា​តេស្ត​អាវុធ​ទ្រង់ទ្រាយ​ធំ​លើក​ទី ​៤​ របស់​កូរ៉េ​ខាង​ជើង​នៅ​ឆ្នាំ​នេះ​។​

ការ​សាកល្បង​ចុង​ក្រោយ​បែប​នេះ​ បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃទី ​២១​ ខែ​មីនា​ នៅ​ពេល​កូរ៉េ​ខាង​ជើង​បាន​បាញ់​មីស៊ីល​បាលីស្ទិក​ចម្ងាយ​ជិត​ ​២ ​គ្រាប់​ ត្រូវ​បាន​គេ​ជឿ​ថា​ ទំនង​ជា​អាវុធ​ប្រភេទ​ថ្មី​របស់​ខ្លួន​ នៃ​ប្រព័ន្ធ​មីស៊ីល​យុទ្ធសាស្ត្រ​យោធា​របស់​អាមេរិក ​(ATACMS) ​ ចេញ​ពី​ប្រទេស​លោក​ខាង​លិច​ នៃ​តំបន់​ស៊ុនចុន​នៅ​​ក្នុង​ខេត្ត​ព្យុងហ្គាន៕ Yonhap/SK