ក្រុង​សេអ៊ូល៖​ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ ប្រទេស ​កូ​រ៉េ​ខាង​ជើង ​ប្រដាប់​ដោយ​អាវុធ​នុយក្លេអ៊ែរ​នេះ​បាន​ធ្វើ​តេស្ត​ «ជើង​ទម្រ​បាញ់​គ្រាប់​រ៉ុក្កែត​ធុន​ធ្ងន់​» ​ទទួល​បាន​ជោគ​ជ័យ​ ប៉ុន្តែ​មេ​ដឹកនាំ​​កូ​រ៉េ​ខាង​ជើង ​លោក ​គីម​ ជុង​អ៊ុន​ មិន​បាន​ពិពណ៌នា​ថា​ ជា​ការ​បញ្ជា​ឲ្យ​ធ្វើ​សមយុទ្ធ​ដូច​ក្រុម​អ្នក​វិភាគ​បាន​និយាយ​ថា​ ក្រុង​ព្យុងយ៉ាង​បាន​ស្វះស្វែង​រក​មធ្យោបាយ​ ដើម្បី​ធ្វើ​ទំនើបកម្ម​អាវុធ​របស់​ខ្លួន​នោះ​ទេ។​

ដោយ​ពិភព​លោក​បាន​ផ្តោត​ទៅ​លើ​ការ​ឆ្លង​រីក​រាល​ដាល​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​ ហើយ​ប្រទេស ​កូ​រ៉េ​ខាង​ជើង​ បាន​អះអាង​ថា​ ​ប្រទេស​របស់​ខ្លួន​មិន​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ ​១៩ ​ម្នាក់​នោះ​ទេ​ ហើយ​បាន​ដាក់​ប្រទេស​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​ បាន​ធ្វើ​ឡើង​តាមរយៈ​ការ​បាញ់​មីស៊ីល​បែប​នេះ ​៤ ​លើក​នៅ​ក្នុង​ខែ​នេះ​។​

ទីភ្នាក់ងារ​ព័ត៌មាន​មជ្ឈិម​កូរ៉េ​ផ្លូវ​ការ ​(KCNA) ​មិន​បាន​និយាយ​នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន​ថា​ លោក ​គីម​ ជុង​អ៊ុន ​បាន​បញ្ជា​ផ្ទាល់​នៅ​ក្នុង​ការ​បាញ់​សាកល្បង​ កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​។​

មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង​ជានិច្ចកាល​មិន​សូវ​​បង្ហាញ​មុខ​នៅ​ក្នុង​ការ​ត្រួត​ពិនិត្យ​មើល​ការ​បាញ់​សាកល្បង​របស់​កូរ៉េ​មួយ​នេះ​ ប៉ុន្តែ​នៅ​ក្នុង​​ឱកាស​នេះ​ទីភ្នាក់ងារ​ព័ត៌មាន​ KCNA ​បាន​និយាយ​ថា​ ការ​បាញ់​តេស្ត​មីស៊ីល​ ត្រូវ​បាន​ដឹក​នាំ​ដោយ​អនុប្រធាន​គណបក្ស​ដែល​កំពុង​គ្រប់គ្រង​អំណាច​ គឺ​លោក ​រី​ យ៉ុង​ ចូល​ ហើយ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​បណ្ឌិត្យ​សភា​វិទ្យាសាស្ត្រ​ការពារ​ជាតិ​។​

មេដ​ឹកនាំកូរ៉េខាងជើ​ងលោក​ គីម ជុងអ៊ុន តាមដាននិងពិនិត្យមើលការបាញ់​តេ​ស្ត​សាកល្បង​មីស៊ីល​​បាលីស្ទិក​។ AFP

ប្រទេស ​កូរ៉េ​ខាង​ត្បូង​ បាន​ថ្លែង​ថា​ ការ​បាញ់​មីស៊ីល ​២ ​គ្រាប់​ ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា ​ជា​ប្រភេទ​មីស៊ីល​បាលីស្ទិក​ ត្រូវ​បាន​បាញ់​កាល​ពី​ថ្ងៃ​អាទិត្យ​ ចេញ​ពី​កំពង់​ផែ​ទីក្រុង​វ៉ុនសាន ​ប្រទេស ​កូ​រ៉េ​ខាង​ជើង ចូល​ទៅ​ក្នុង​សមុទ្រ​ជប៉ុន​ ត្រូវ​បាន​គេ​ស្គាល់​ថា ​ជា​សមុទ្រ​ខាង​កើត​។​

រូបភាព​ជា​ច្រើន​បាន​ថត​ដោយ​កាសែត​រូដុង​ ស៊ីនម៉ុន ​ផ្លូវ​ការ​របស់​កូរ៉េ​ខាង​ជើង​ បាន​បង្ហាញ​រ៉ុក្កែត​ជា​ច្រើន​គ្រាប់​បាន​ផ្ទុះ​ចេញ​ពី​ជើង​ទម្រ​ ដែល​មាន ៦ ​កាណុង​ ដោយ​បាន​បាញ់​អ្វី​ដែល​បង្ហាញ​ថា​ ត្រូវ​បាន​កំណត់​គោល​ដៅ​ទៅ​លើ​កោះ​មួយ​ ហើយ​លោក ​គីម​ ជុង​អ៊ុន ​មិន​ត្រូវ​បាន​គេ​មើល​ឃើញ​នៅ​ក្នុង​រូបថត​នោះ​ទេ​។​

លោក ​ហ្គូ​ យ៉ុង​-យ៉ុន​ ជា​អ្នក​វិភាគ​ម្នាក់​នៅ​វិទ្យាស្ថាន​សម្រាប់​ការ​សិក្សា​នយោបាយ​បាន​ថ្លែង​ថា៖ ​«តាមរយៈ​ការ​អវត្តមាន​របស់​លោក ​គីម​ ជុងអ៊ុន​ ប្រទេស ​កូ​រ៉េ​ខាង​ជើង កំពុង​ព្យាយាម​កាត់​បន្ថយ​ការ​បាញ់​សាកល្បង​ដ៏​សំខាន់​ ហើយ​បាន​បញ្ជាក់​ថា​ ការ​បាញ់​តេស្ត​មីស៊ីល​នោះ​ ​គឺ​គ្រាន់​តែ​ជា​ផ្នែក​មួយ​នៃ​ការ​ធ្វើ​សមយុទ្ធ​ធម្មតា​តែ​ប៉ុណ្ណោះ​»​។​

ការ​បាញ់​សាកល្បង​លើក​ចុង​ក្រោយ​ លោក ​គីម​ ជុងអ៊ុន ​មិន​ត្រូវ​បាន​គេ​មើល​ឃើញ​នៅ​កន្លែង​ព្រឹត្តិការណ៍​មួយ​បែប​នេះ​នោះ​ទេ​ គឺ​នៅ​ពេល​កូរ៉េ​ខាង​ជើង​ បាន​បាញ់​សាកល្បង​មីស៊ីល​បាលីស្ទិក ​ចេញ​ពី​នា​វា​មុជ​ទឹក​ថ្មី​មួយ​កាល​ពី​ខែ​តុលា​ បាន​ប៉ុន្មាន​ថ្ងៃ​នៅ​មុន​មន្ត្រី​មក​ពី​ក្រុង​ព្យុងយ៉ាង ​និង​ក្រុង​វ៉ាស៊ីនតោន​ គ្រោង​ជួប​ប្រជុំ​នៅ​ក្នុង​ទីក្រុង​ស្តុកហូលម៍​ ដើម្បី​បន្ត​ដោះ​ស្រាយ​បញ្ហា​ជាប់​គាំង​នោះ​តាម​ផ្លូវ​ការ​ទូត​ឡើង​វិញ៕ Yonhap/SK