ក្រុង​អាថែន៖​ នាយក​រដ្ឋមន្ត្រី​របស់​ប្រទេស ​ក្រិក ​លោក ​គីរីអាកូស​ មិតសូតាគីស​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ ប្រទេស ​ក្រិក​ នឹង​ស្វះស្វែង​រក​ការ​គាំទ្រ​ពី​អង្គការ​ណាតូ​ នៅ​ឯ​ជំនួប​កំពូល​សម្ព័ន្ធមិត្ត​មួយ​ នៅ​ក្នុង​ទីក្រុង​ឡុងដ៍​នៅ​សប្តាហ៍​នេះ​ បន្ទាប់​ពី​មាន​កិច្ច​ព្រមព្រៀង​យោធា​មួយ ដែល​​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​ប្រទេស តួកគី ​និង​រដ្ឋាភិបាល​ដែល​​ទទួល​ស្គាល់​ដោយ​អង្គការ​សហប្រជាជាតិ​នៅ​​លីប៊ី​នោះ​។​

ប្រធានាធិបតី​តួកគី​លោក​ រ៉េ​សិបតៃ​យីប​ អេរដូហ្គែន​ បាន​ជួប​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ ​(GNA) ​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ទ្រីប៉ូលី​ គឺ​លោក​នាយក​រដ្ឋមន្ត្រី​ ហ្វាយីដ ​អាល់​-សារ៉ាច ​កាល​ពី​ថ្ងៃ​ពុធ​ ដើម្បី​ចុះ​កិច្ច​ព្រមព្រៀង​ស្តីពី​កិច្ច​សហ​ប្រតិបត្តិការ​​សន្តិសុខ ​និង​យោធា​ និង​​សមត្ថកិច្ច​យុត្ថាធិការ​ដែន​សមុទ្រ​ផង​ដែរ។​

យោង​តាម​ប្រេសិត​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​លោក​ ហ្គាសសាន់​ សាឡាមី​ បាន​ឲ្យ​ដឹង​ថា ​កិច្ច​ព្រមព្រៀង​ទាំង​នោះ​ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស ​អេហ្ស៊ីប​ និង​ប្រទេស ស៊ីប។​

លោក​ គីរីអាកូស​ មិតសូតាគីស ​បាន​ថ្លែង​នៅ​ក្នុង​សុន្ទរកថា​មួយ​ ទៅ​កាន់​គណបក្ស​ប្រជាធិបតេយ្យ​ថ្មី​របស់​លោក​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​៖ «សម្ព័ន្ធមិត្ត​មួយ ​មិន​អាច​មិន​អើពើ​នោះ​ទេ ​នៅ​ពេល​សមាជិក​មួយ​ក្នុង​ចំណោម​សមាជិក​របស់​ខ្លួន ​បាន​បំពាន​ច្បាប់​អន្តរជាតិ ​និង​មាន​បំណង​ធ្វើ​ឲ្យ​មាន​ផល​អាក្រក់​ដល់​សមាជិក​ផ្សេង​ទៀត​នោះ​»​។​

ប្រទេស ​ក្រិក ​កាល​ពី​សប្តាហ៍​មុន​ បាន​សម្តែង​ការ​មិន​ពេញ​ចិត្ត​របស់​ខ្លួន​​ចំពោះ​​កិច្ច​ព្រមព្រៀង​នោះ​ ហើយ​បាន​កោះ​ហៅ​ក្រុម​ឯកអគ្គ​រដ្ឋទូត​របស់​ប្រទេស ​តួកគី​ និង​លីប៊ី​ប្រចាំ​នៅ​ក្នុង​ប្រទេស ​ក្រិក​ ដើម្បី​សួរ​ព័ត៌មាន​ជុំវិញ​កាតព្វកិច្ច​របស់​ខ្លួន​។​

រដ្ឋមន្ត្រី​ការ​បរទេស​ក្រិក​លោក នីកូស​ ឌែនឌៀស​ កាល​ពី​ថ្ងៃ​អាទិត្យ​បាន​ជួប​ជាមួយ​សមភាគី​អេហ្ស៊ីប​របស់​លោក​ គឺ​លោក​ សាមីហ៍​ ឈូគ្រី ​នៅ​ក្នុង​​ទីក្រុង​គែរ​ ដើម្បី​ពិភាក្សា​អំពី​បញ្ហា​នោះ​ដែរ។​

កិច្ច​ព្រមព្រៀង​នោះ បាន​ធ្វើ​ឡើង​ ទោះបី​ជា​មាន​ការ​កោះ​ហៅ​​ពី​សម្ព័ន្ធ​អារ៉ាប់ ​ដែល​រួម​មាន​​លីប៊ី ​ដើម្បី​បញ្ចប់​កិច្ច​សហ​ប្រតិបត្តិ​ការ​ជាមួយ​តួកគី ​នៅ​ក្នុង​ការ​តវ៉ា​យុទ្ធនាការ​​យោធា​ទ្រង់ទ្រាយ​ធំ​របស់​ខ្លួន​ ប្រឆាំង​កង​កម្លាំង​ឃើដ​នៅ​​ស៊ីរី​ក្តី​៕ AFP/SK