ក្រុង​រីយ៉ាដ៖ ​ប្រទេស អារ៉ាប៊ី​ សាអ៊ូឌីត ​កាល​ពី​ថ្ងៃ​ពុធ​បាន​អំពាវនាវ​ឲ្យ​អាមេរិក​ដក​ប្រទេស ​ស៊ូដង់ ​ចេញ​ពី​បញ្ជី​ឈ្មោះ​ប្រទេស​ឧបត្តម្ភ​ភេរវកម្ម​ នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​ជាមួយ​ប្រេសិត​ពិសេស​របស់​អាមេរិក​។​

អាមេរិក​កាល​ពី​ខែ​មុន​បាន​ធ្វើ​ការ​ផ្លាស់ប្តូរ​យ៉ាង​ឆាប់​រហ័ស ដោយ​បាន​​ដក​ប្រទេស ​ស៊ូដង់ ​ចេញ​ពី​បញ្ជី​ខ្មៅ​ជុំវិញ​ការ​រំលោភ​សិទ្ធិ​សេរីភាព​ខាង​សាសនា​ ប៉ុន្តែ​ក្រុង​ខារ​ទុំ ​បាន​រង់ចាំ​រង្វាន់​ធំ​ជាង​នេះ​អំពី​ការ​ដក​ប្រទេស​មួយ​នេះ ​ចេញ​ពី​បញ្ជី​ភេរវកម្ម​។​

ការ​រៀបចំ​ដក​នោះ​​ បាន​បង្ក​ឧបសគ្គ​យ៉ាង​ខ្លាំង​ដល់​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​មួយ​នេះ​ ដែល​កំពុង​បង្ហាញ​ពី​ការ​គ្រប់គ្រង​យោធា​ និង​ជម្លោះ​អស់​ជា​ច្រើន​ទសវត្សរ៍​នៅ​ក្នុង​ប្រទេស​នេះ​​។​

ប្រព័ន្ធ​ផ្សព្វផ្សាយ​អារ៉ាប៊ី​ សាអ៊ូឌីត ​បាន​និយាយ​ថា​ រដ្ឋមន្ត្រី​ការ​បរទេស​របស់​ព្រះរាជាណាចក្រ​ទទួល​បន្ទុក​ផ្នែក​កិច្ច​ការ​អាហ្វ្រិក​លោក​ អាហ៍ម៉េដ ​ប៊ិនអាប់ឌុលឡាហ្ស៊ីស​ កាត់​តាន់​ បាន​ជួប​គ្នា​នៅ​ក្នុង​ទីក្រុង​រីយ៉ាដ​ ជាមួយ​ប្រេសិត​ពិសេស​អាមេរិក​ប្រចាំ​នៅ​ប្រទេស ​ស៊ូដង់​ ​លោក ​ដូណាល់​ ប៊ូត ​ហើយ «​បាន​បញ្ជាក់​ប្រាប់​ទៅ​កាន់​ទីក្រុង​វ៉ាស៊ីនតោន ​អំពី​ភាព​ចាំបាច់​នៃ​ការ​ដក​ប្រទេស ​ស៊ូដង់ ​ចេញ​ពី​បញ្ជី​ឈ្មោះ​ភេរវកម្ម​»​។​

យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ Al-Ekhbaria​ បាន​ឲ្យ​ដឹង​ថា​ រដ្ឋមន្ត្រី​រូប​នោះ​បាន​សង្កត់​ធ្ងន់​ថា ​«ការ​គាំទ្រ​របស់​អារ៉ាប៊ី​ សាអ៊ូឌីត​ ជុំវិញ​សន្តិសុខ​ និង​ស្ថិរភាព​របស់​ប្រទេស ​ស៊ូដង់​»។​

ក្រុង​វ៉ាស៊ីនតោន​បាន​ដាក់​ក្រុង​ខារទុំ​ថា ​ជា​រដ្ឋ​ឧបត្ថម្ភ​ភេរវកម្ម​ចូល​ក្នុង​បញ្ជី​ខ្មៅ​របស់​ខ្លួន​ចាប់​តាំង​ពី​ឆ្នាំ ​១៩៩៣​ ជុំវិញ​ការ​ចោទ​ប្រកាន់​ពី​បទ​ចូលរួម​ជាមួយ​ក្រុម​អ៊ិស្លាម​ជ្រុល​និយម​ ជាពិសេស​ក្រុម​អាល់កៃដា​។​

នៅ​ក្នុង​ឆ្នាំ ​២០១៧ ​អាមេរិក​បាន​ដក​ទណ្ឌកម្ម​ពាណិជ្ជកម្ម​ដែល​បាន​ដាក់​ទៅ​លើ​ប្រទេស ​ស៊ូដង់ ​អស់​ជា​ច្រើន​ទសវត្សរ៍​កាល​ពី​មុន​៕ AFP/SK