ក្រុង​ហា​ណូយៈ ​ អគ្គ​លេខា​ធិ​ការ​បក្ស​កុម្មុ​យ​នីស ​និង​ ជា​ប្រធាន​រដ្ឋ​វៀត​ណាម​ លោក Nguyen PhuTrong គ្រោង​​មក​បំពេញ​ទស្សន​កិច្ច​ប្រទេស​កម្ពុជា​​ពី​រយៈ​ពេល​ពីរ​ថ្ងៃ​ គឺ​ពី​ថ្ងៃ​ទី​២៥​ ដល់​ ២៦ ​ខែកុម្ភៈ​ ដើម្បី​រឹ​ត​ចំណង​ទំនាក់​ទំនង​ការ​ទូត​រវាង​ប្រទេស​ជិត​ខាង​ទាំង​ពីរ​។ នេះ​បើ​យោង​តាម​សារព័ត៌មាន​របស់​ប្រទេស​វៀតណាម Vietnam News បាន​ចុះ​​ផ្សាយ​ថ្ងៃ​នេះ​។ ​

លោក​ PhuTrong គ្រោង​ជួប​ជា​មួយ​មន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋា​ភិបាល​កម្ពុជា ​ក្នុង​គោល​បំណង​ពង្រឹង​ការ​ទំនាក់​ទំនង​និង​មិត្ត​ភាព​ រវាង​ប្រជា​ជន​នៃប្រទេស​ទាំង​ពីរ​។​

កាល​ពី​ពេល​កន្លង​ទៅ ​នៅ​ក្រោម​ការ​ដឹក​នាំ​របស់​លោក​ប្រធាន​រដ្ឋ ​Nguyen PhuTrong ​និង​លោក​នាយករ​ដ្ឋ​មន្ត្រី​ ហ៊ុន​ សែន ​នោះ ​ប្រទេស​ទាំង​ពីរ ​បាន​សម្រេច​សមិទ្ធិ​ផល​ជា​ច្រើន​ ដោយ​បានធ្វើ​​កិច្ច​សហ​ប្រ​តិបតិ្ត​លើ​វិស័យ​ជា​ច្រើន​ដូច​ជា​វិស័យ​សេដ្ឋ​កិច្ច ​នយោបាយ ​និង​សង្គម ​ហើយ​បាន​រៀប​ចំ​ការ​ផ្លាស់​ប្តូរ​គណៈ​ប្រតិ​ភូ​​រវាង​មេ​ដឹក​នាំ​ ក្រសួង​ និង​ស្ថាប័ន​របស់​ប្រទេស​ទាំង​ពីរ។​

លើស​ពី​នេះ​ទៅ​ទៀត​នោះ​ ប្រទេស​វៀត​ណាម និង​កម្ពុជា​ បាន​ធ្វើ​កិច្ច​សហ​ប្រតិ​បត្តិ ​ដើម្បី​ផល​ប្រយោជន៍​របស់​ប្រជា​ជន​នៃ​ប្រទេស​ទាំង​ពីរ ​ដូចជា​វិស័យ​ការ​ដឹក​ជញ្ជូន ​អគ្គិ​សនី ​ទេសចរណ៍ ​ទូរ​គមនា​គមន៍ ​និង​ការ​ងារ​សំខាន់​បំផុត​មួយ​ទៀត ​ដែល​ប្រទេស​ជិត​ខាង​ទាំង​ពីរ​ បាន​ធ្វើ​រួម​គ្នា​នោះ គឺ​ការ​បោះ​បង្គោល​ព្រំ​ដែន​ ដើម្បី​សន្តិ​ភាព​និង​មិត្ត​ភាព​។​​

អគ្គ​លេខា​ធិ​ការ​បក្ស​កុម្មុ​យ​នីស​ និង​ជា​ប្រធាន​រដ្ឋ​វៀត​ណាម​លោក Nguyen PhuTrong គ្រោងចូលគាល់ ​​ព្រះ​ករុណា​ព្រះ​បាទ សម្តេច​ព្រះ​បរម​នាថ នរោត្តម សីហមុនី ព្រះ​មហាក្ស​ត្រ​កម្ពុជា​និង​សម្តេច​ព្រះ​មហាក្ស​ត្រី ​នរោត្តម​មុនី​នាថ​សីហនុ សម្តេច​អគ្គ​មហា​សង្ឃ​រាជា​ធិបតី ទេព វង្ស ​ម្តេច​ព្រះ​មហា​សង្ឃ​រាជ​នៃ​គណៈ​មហានិកាយ​និង​សម្តេច​ព្រះ​អភិ​សិរី​សុគន្ធាម​ហាសង្ឃ​រាជា​ធិបតី បួរ គ្រី​ សម្តេច​ព្រះ​មហា​សង្ឃរាជ​នៃ​គណៈ​ធម្ម​យុត្តិ​ក​និកាយ​នៃ​ព្រះ​រាជា​ណាច​ក្រក​ម្ពុជា​ផង​ដែរ និង​ជួបជាមួយ ​ប្រ​ធានសភា​ សម្តេច​ ហេង សំរិន ប្រ​ធានព្រឹទ្ធសភា​​សម្តេច​ សាយ ​ឈុំ​ និង​នាយក​រដ្ឋ​មន្ត្រី​​នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា​សម្តេច ​ហ៊ុន​ សែន ដែល​​នឹង​ធ្វើ​ជា​សក្សី​ក្នុង​ពិធី​​ចុះហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​នានា​រវា​ង​វៀតណាម ​និង​កម្ពុជា​។

​ប្រទេស​ទាំង​ពីរ ​ជឿ​ជាក់​ថា ​ទស្សន​កិច្ច​នេះ ​នឹង​សម្រេច​បាន​នូវ​ជោគ​ជ័យ​ក្នុង​ទំនាក់​ទំនង​ទ្វេ​ភាគី​យ៉ាង​ត្រចះត្រចង់​៕ Vietnam News/ PSA