អគ្គនាយកនៃអង្គការសុខភាពពិភពលោក (WHO) លោក TedrosAdhanom Ghebreyesus បានព្រមានថា ការដែលប្រទេសអ្នកមានទិញវ៉ាក់សាំងស្តុកទុកអាចនឹងពន្យារការរាតត្បាតនៃកូវីដ ១៩ ហើយការរឹតត្បិតនៅតែបន្តដែលនឹងបង្កើនការរងគ្រោះដល់មនុស្ស និងសេដ្ឋកិច្ច។
កាលពីម្សិលមិញ លោក Tedros បានលើកឡើងទាក់ទងនឹងការចែកចាយវ៉ាក់សាំងកូវីដ ១៩ មិនស្មើភាពគ្នារវាងប្រទេសអ្នកមាន និងប្រទេសក្រីក្រ។ លោកបានស្តីបន្ទោសប្រទេសអ្នកមានចំពោះការទិញ និងប្រើប្រាស់វ៉ាក់សាំងដែលមានទាំងអស់នាពេលបច្ចុប្បន្ន។
ប្រធានអង្គការសុខភាពពិភពលោកបានស្តីបន្ទោសក្រុមហ៊ុនផលិតវ៉ាក់សាំងក្នុងការផ្តោតទៅលើប្រាក់ចំណេញខ្ពស់ជាជាងស្វែងរកការយល់ព្រមជាសកលជាមួយអង្គការសុខភាពពិភពលោក។ លោកបាននិយាយថា ប្រទេសអ្នកមាននឹងស្ថិតនៅក្នុងហានិភ័យប្រសិនបើពួកគេមិនអើពើនឹងតម្រូវការរបស់ប្រជាជនក្រីក្រ។ លោកបាននិយាយថា សកម្មភាពទាំងនេះនឹងធ្វើឱ្យការឆ្លងវីរុសនេះនៅតែបន្ត។
People''s Vaccine Alliance បាននិយាយថា មានប្រទេសចំនួន ៧០ ដែលមានប្រាក់ចំណូលទាប ហើយក្នុងចំណោម ១០ នាក់ មានតែ ១ នាក់តែប៉ុណ្ណោះ ដែលអាចទទួលបានវ៉ាក់សាំង។ ទោះបីជាមានក្រុមហ៊ុនឱសថមួយចំនួនដែលនឹងផ្តល់វ៉ាក់សាំងទៅប្រទេសកំពុងអភិវឌ្ឍន៍ក៏ដោយ ក៏ប្រជាជនដែលនៅប្រទេសក្រីក្រអាចមិនទទួលបានវ៉ាក់សាំង ដោយសារខ្វះវ៉ាក់សាំង។
មកដល់ពេលបច្ចុប្បន្ន ៩៦ ភាគរយ នៃវ៉ាក់សាំងរបស់ Pfizer/BioNTech ត្រូវបានទិញដោយប្រទេសអ្នកមាន។ ក្រុមហ៊ុន Pfizer ក៏បានបញ្ជាក់ពីគោលបំណងរបស់ពួកគេក្នុងការរកប្រាក់ចំណេញ និងពង្រឹងកម្មសិទ្ធិបញ្ញាផងដែរ។ បើគ្មានរដ្ឋាភិបាលចាត់វិធានការទេនោះ វ៉ាក់សាំងប្រភេទនេះ គឺសម្រាប់តែប្រទេសដែលមានប្រាក់ច្រើនតែប៉ុណ្ណោះ។
Covax ទទួលបានវ៉ាក់សាំងកូវីដ ១៩ ចំនួន ៧០០ លានដូស ដើម្បីចែកចាយទៅបណ្តាប្រទេស ដែលមានប្រាក់ចំណូលទាបចំនួន ៩២ ប្រទេស។ ក្រុមហ៊ុន Oxford Astra Zeneca សន្យានឹងផ្តល់វ៉ាក់សាំងកូវីដ ១៩ ទៅប្រជាជនប្រមាណ ៦៤ ភាគរយ ទៅប្រទេសកំពុងអភិវឌ្ឍន៍។
គួរបញ្ជាក់ផងដែរថា COVAX ត្រូវបានបង្កើតឡើងនៅពេលមានការរីករាលដាលរោគរាតត្បាតកូវីដ ១៩ បានចាប់ផ្តើមដែលកម្មវិធីនេះបង្កើតឡើងក្នុងគោលបំណង ដើម្បីធានាបាននូវការទទួលបានការចែកចាយវ៉ាក់សាំងដោយយុត្តិធម៌ និងស្មើភាពគ្នាសម្រាប់បណ្តាប្រទេសនានា។
យោងទៅតាមការវិភាគមួយចំនួនបណ្តាប្រទេសមហាអំណាចបានស្តុកវ៉ាក់សាំងលើសពីចំនួនដែលប្រទេសខ្លួនត្រូវការដល់ទៅ ៣ ដង។ ទោះបីជាបណ្តាប្រទេសទាំងនោះ មានប្រជាជនប្រមាណ ១៤ ភាគរយនៃចំនួនប្រជាជនសរុបក្នុងពិភពលោកក៏ដោយពួកគេបានទិញវ៉ាក់សាំងប្រមាណ ៥៣ ភាគរយនៃវ៉ាក់សាំងកូវីដសរុបដែលបានដាក់សាកល្បងនៅដំណាក់កាលទី៣ នេះ។ នេះបើយោងតាមការរាយការណ៍របស់សារព័ត៌មាន BBC កាលពីខែធ្នូ ឆ្នាំ ២០២០។
អង្គការ The People''s Vaccine Alliance បានអំពាវនាវឱ្យក្រុមហ៊ុនឱសថដែលកំពុងផលិតវ៉ាក់សាំងនេះចែករំលែកបច្ចេកវិទ្យា និងកម្មសិទ្ធិបញ្ញាក្នុងការផលិតដើម្បីផលិតវ៉ាក់សាំងនេះគ្រប់គ្រាន់។ ដោយកាលពីខែធ្នូ ឆ្នាំ ២០២០ សមាជិកអង្គការពាណិជ្ជកម្មពិភពលោកបានប្រជុំពិភាក្សាគ្នាពិភាក្សាសំណើក្នុងការអនុញ្ញាតឱ្យប្រទេសទាំងអស់មិនចាំបាច់មានប៉ាតង់ទៅលើបច្ចេកវិទ្យាក៏ដូចជាឧបករណ៍វេជ្ជសាស្ត្រដែលទាក់ទងនឹងកូវីដ ១៩។
ប៉ុន្តែសំណើនេះត្រូវបានបដិសេធដោយប្រទេសមួយចំនួន ដែលនៅក្នុងបញ្ជីនោះក៏មានប្រទេសអង់គ្លេស ផងដែរ។ ជាការឆ្លើយតបទៅការបដិសេធនេះ អង់គ្លេសបាននិយាយថា គឺទាក់ទងនឹងកម្មសិទ្ធិផ្តាច់មុខរបស់ក្រុមហ៊ុនឱសថនីមួយៗ៕