កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​ទី ​១៥​ ប្រធានាធិបតី​កៀហ្ស៊ីស៊ីស្ថាន ​លោក​ Sooron bay ​Jeenbekov​ បាន​ចុះ​ចេញ​ពី​តំណែង​ បន្ទាប់​ពី​មាន​បាតុកម្ម​តវ៉ា​អស់​រយៈពេល​ ១០ ​ថ្ងៃ​ ពាក់ព័ន្ធ​នឹង​ជម្លោះ​លទ្ធផល​ការ​បោះ​ឆ្នោត​សភា​។​

លោកJeenbekov ​បាន​និយាយ​ថា​ លោក​ចុះ​ចេញ​ពី​តំណែង​ ដើម្បី​បញ្ចៀស​ការ​ប៉ះទង្គិច​គ្នា​ទៀត​ រវាង​កងកម្លាំង​សន្តិសុខ​ និង​ក្រុម​បាតុករ​ដែល​បាន​រៀបចំ​ផែនការ​ហែក្បួន​ទៅ​កាន់​និវេសនដ្ឋាន​របស់​លោក​។​

ក្នុង​សេចក្ដី​ថ្លែងការណ៍ ​១​ លោក ​Jeenbekov ​បាន​សរសេរ​ថា​៖ ​«កងកម្លាំង​យោធា​ និង​ភ្នាក់ងារ​អនុវត្ត​ច្បាប់​មាន​កាតព្វកិច្ច​ប្រើប្រាស់​អាវុធ​ ដើម្បី​ការពារ​និវេសនដ្ឋាន​ប្រធានាធិបតី​។ ​បើ​ដូច្នោះ​ ការ​បង្ហូរ​ឈាម​ គឺ​ចៀស​មិន​ផុត​ទេ​។​ ខ្ញុំ​ទទូច​សុំ​កុំ​ឱ្យ​ភាគី​ទាំង​សង​ខាង​ ​លង់​ទៅ​តាម​ការ​ញុះញង់​»​។​ លោក​បាន​បន្ត​ទៀត​ថា​៖ ​«ខ្ញុំ​មិន​ចង់​ក្រាញ​អំណាច​ទេ​។ ​ខ្ញុំ​មិន​ចង់​មាន​ឈ្មោះ​ក្នុង​ប្រវត្តិសាស្ត្រ​ថា ​ជា​ប្រធានាធិបតី​ដែល​បង្ហូរ​ឈាម​ និង​បាញ់​សម្លាប់​ពលរដ្ឋ​ខ្លួន​ឯង​នោះ​ទេ​»​។​

ការ​ចុះ​ចេញ​ពី​តំណែង​របស់​លោក​ Jeenbekov ​កើត​ឡើង ​១ ​ថ្ងៃ​ ក្រោយ​ពី​លោក​បាន​ចុះ​ហត្ថលេខា​លើ​សេចក្ដី​សម្រេច​របស់​សភា​ដែល​អនុម័ត​ជ្រើសតាំង​អ្នក​នយោបាយ​បក្ស​ប្រឆាំង​លោក ​Sadyr​ Japa rov​ ជា​នាយក​រដ្ឋមន្ត្រី​នៅ​ក្នុង​សម័យ​ប្រជុំ​វិសាមញ្ញ​មួយ​។​

លោក ​Japarov ​គឺ​ជា​អតីត​តំណាងរាស្ត្រ​មក​ពី​បក្ស ​Ata ​Zhurt​ ដែល​កាល​ពី​ឆ្នាំ ​២០១៣​ ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនា​គារ​រយៈពេល​ជាង ​១០ ​ឆ្នាំ ​ពី​បទ​ចាប់​ចំណាប់​ខ្មាំង​ ដែល​នៅ​ពេល​នោះ​ ក្រុម​បាតុករ​របស់​លោក​បាន​ចាប់​អភិបាល​ខេត្ត ​១ ​រូប ​ជា​ចំណាប់​ខ្មាំង​។ ​នៅ​ថ្ងៃទី ​៦​ ខែ​តុលា ​លោក​ត្រូវ​បាន​ក្រុម​បាតុករ​ដោះលែង​ពី​ពន្ធនាគារ​។​

បន្ទាប់​ពី​នាយក​រដ្ឋមន្ត្រី លោក Kubatbek ​Boronov ​បាន​លាលែង​ពី​តំណែង​នៅ​ថ្ងៃទី ​៦ ​ដដែល​ លោក​ Japarov ​ត្រូវ​បាន​សមាជិក​សភា ​៣៥​ រូប អនុម័ត​តែងតាំង​ជា​នាយក​រដ្ឋមន្ត្រី​។ ​ការ​អនុម័ត​នេះ​ខ្វះ​ភាព​ស្រប​ច្បាប់​ ព្រោះ​រដ្ឋធម្មនុញ្ញ​កៀហ្ស៊ីស៊ីស្ថាន​តម្រូវ​ឱ្យ​មាន​វត្តមាន​សមាជិក​សភា​យ៉ាង​តិច ​៦១ ​ រូប ​លើ ​១២០ ​រូប ​ចូល​រួម​ក្នុង​សម័យ​ប្រជុំ​តែងតាំង​នាយក​រដ្ឋមន្ត្រី​។ ​ប៉ុន្តែ​ក្រោយ​មក​នៅ​ថ្ងៃ​ពុធ ​ទី​ ១៤​ លោក ​Japarov​ បាន​ទទួល​ការ​អនុម័ត​តែងតាំង​ពី​សភា​ម្តង​ទៀត​ ជាមួយ​នឹង​ចំនួន​សមាជិក​សភា​គ្រប់​កូរ៉ុម​ ក្រោយ​ពី​បាន​ធ្វើ​ការ​ចរចា​ជា​ច្រើន​ថ្ងៃ​។​

តាម​រដ្ឋ​ធម្មនុញ្ញ ​ក្រោយ​ពី​លោក​ប្រធានាធិបតី​ Jeenbekov ​លាលែង​ពី​តំណែង​ប្រធាន​សភា ​គឺ​លោក ​Kanatbek ​Isaev ​នឹង​ត្រូវ​ទទួល​ធ្វើ​ជា​ប្រធានាធិបតី​ស្ដីទី​ ប៉ុន្តែ​មាន​ការ​រាយការណ៍​ថា​លោក ​Isaev​ នឹង​បដិសេធ​មិន​ទទួល​។ ​ដូច្នេះ​តំណែង​ប្រធានាធិបតី​ស្ដីទី​នឹង​ត្រូវ​ធ្លាក់​ក្នុង​ដៃ​របស់​លោក ​Japarov​ ដែល​ទើប​នឹង​ទទួល​តំណែង​នាយក​រដ្ឋមន្ត្រី​នេះ​ដែរ​។​

បាតុកម្ម​បាន​ចាប់​ផ្ដើម​ភ្លាម​ៗ ​ក្រោយ​ពី​គណបក្ស​ចំនួន ​២ ​ដែល​មាន​ភាព​ជិត​ស្និទ្ធ​ជាមួយ​លោក ​Jeenbekov​ បាន​ទទួល​អាសនៈ​ភាគ​ច្រើន​ក្នុង​ការ​បោះ​ឆ្នោត​សភា​កាល​ពី​ថ្ងៃ​អាទិត្យ ​ទី ​៤​ ខែ​តុលា​។ ​លោក ​Jeenbekov​ ត្រូវ​គេ​ចោទ​ថា ​បាន​ទិញ​សន្លឹក​ឆ្នោត​ និង​ធ្វើ​ការ​បំភិត​បំភ័យ​អ្នក​បោះ​ឆ្នោត​។​ ក្រុម​បាតុករ​បាន​ចូល​កាន់​កាប់​អគារ​រដ្ឋាភិបាល​ និង​ពន្ធនា​គារ​ជា​ច្រើន​ ហើយ​​តែងតាំង​មេ​ដឹកនាំ​ពួក​គេ​ឱ្យ​កាន់​តំណែង​សំខាន់​ៗ​ក្នុង​រដ្ឋាភិបាល​រៀងៗ​ខ្លួន​។​

ភាព​ចលាចល​ជា​ច្រើន​ថ្ងៃ​ដែល​បង្ក​ឱ្យ​មាន​មនុស្ស​រាប់​រយ​នាក់​រង​របួស​ និង​យ៉ាង​ហោច​ណាស់​មនុស្ស​ម្នាក់​ស្លាប់ ​បាន​បង្ខំ​ឱ្យ​អាជ្ញាធរ​រៀបចំ​ការ​បោះឆ្នោត​លុប​ចោល​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ និង​បង្ខំ​ឱ្យ​លោក ​Jeenbekov​ គេច​លាក់​ខ្លួន​ផង​ដែរ​។​

អាជ្ញាធរ​រៀបចំ​ការ​បោះ​ឆ្នោត​កៀហ្ស៊ីស៊ីស្ថាន​បាន​ប្រកាស​ថា​ ការ​បោះឆ្នោត​សភា​នឹង​ត្រូវ​រៀបចំ​ឡើង​វិញ​ក្នុង​រយៈពេល ​៣ ​ខែ​ខាង​មុខ​។​

លោក ​Jeenbekov ​គឺ​ជា​ប្រធានាធិបតី​កៀហ្ស៊ីស៊ីស្ថាន​ទី​៣ ​ក្នុង​រយៈពេល ​១៥ ​ឆ្នាំ​ចុង​ក្រោយ​នេះ​ ដែល​លាលែង​ពី​តំណែង​ ដោយសារ​បាតុកម្ម​តវ៉ា​របស់​ប្រជាជន​។ ​ក្រោយ​ការ​លាលែង​របស់​លោក ​Jeenbekov​ អ្នក​នាំពាក្យ​លោក​ប្រធានាធិបតី​រុស្ស៊ី​ Vladimir ​Putin​ បាន​និយាយ​ថា​ ប្រទេស​រុស្ស៊ី ​នឹង​បង្កក​ជំនួយ​ហិរញ្ញវត្ថុ​ដល់​កៀហ្ស៊ីស៊ីស្ថាន​ រហូត​ដល់​ស្ថានការណ៍​មាន​ភាព​ស្ងប់ស្ងាត់​ឡើង​វិញ​ ហើយ​រដ្ឋាភិបាល​ថ្មី​ចាប់​ផ្ដើម​ដំណើរការ​។​

កៀហ្ស៊ីស៊ីស្ថាន​មាន​មូលដ្ឋាន​ទ័ព​អាកាស​រុស្ស៊ី​មួយ​ក្នុង​ទឹក​ដី​ខ្លួន​ និង​ទទួល​ជំនួយ​ហិរញ្ញវត្ថុ​រាប់​លាន​ដុល្លារ​ពី​វិមាន​ក្រឹមឡាំង​។ ​ទីក្រុង​ម៉ូស្គូ​ធ្លាប់​បាន​និយាយ​ថា ​ខ្លួន​នឹង​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ធានា​ស្ថិរភាព​នៅ​កៀហ្ស៊ីស៊ីស្ថាន​ ប៉ុន្តែ​រុស្ស៊ី​មិន​បាន​ចូល​ធ្វើ​អន្តរាគមន៍​ក្នុង​ចលាចល​នយោបាយ​នេះ​ទេ​។​

ប្រទេស​រុស្ស៊ី ​ក៏​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​អស្ថិរភាព​នៅ​ក្នុង​អតីត​រដ្ឋ​សហភាព​សូវៀត​ចំនួន ​៣ ផ្សេង​ទៀត​ផង​ដែរ​។​ នៅ​បេឡារូស ​ជម្លោះ​លទ្ធផល​បោះ​ឆ្នោត​ធ្វើ​ឱ្យ​មាន​បាតុកម្ម​ប្រឆាំង​ប្រធានា​ធិបតី​លោក ​Alexander​ Lukashenko​។ ​ប្រទេស​អាមេនី​ និង​អាស៊ែបៃហ្សង់ ​គឺ​កំពុង​ប្រយុទ្ធ​គ្នា​ដណ្ដើម​តំបន់​មាន​ជម្លោះ​ Nagorno ​Karabakh​៕