ការិយាល័យ​ប្រធានាធិបតី​បារាំង​កាលពី​ថ្ងៃពុធ​ បាន​និយាយ​ថា​ លោក​អេម៉ានុយអែល​ ម៉ាក្រុង​ បាន​បដិសេធ​ការ​សុំទោស​ជាផ្លូវ​ការ​ចំពោះ​ការរំលោភ​បំពាន​​អាណា​និគម​នៅក្នុង​ប្រទេស​អាល់ហ្សេរី។

ការិយាល័យ​របស់លោក​ម៉ាក្រុង​ បាន​និយាយ​ថា ​នឹង​មិនមាន​ការ​ទទួលស្គាល់​ ហើយ​ក៏​គ្មាន​ការ​សុំ​ទោស​ចំពោះ​ការ​កាន់​កាប់​ប្រទេស​ អាល់ហ្សេរី​ ឬ​ក៏​សង្គ្រាម​បង្ហូរឈាម​រយៈពេល​ ៨ ឆ្នាំ​ ដែល​បាន​បញ្ចប់​ការគ្រប់​គ្រង​របស់​ប្រទេស​បារាំងនោះដែរ ​ដោយ​បាន​បន្ថែម​ថា​ ជំនួស​មក​វិញ ​លោក​ប្រធានាធិបតី​ នឹង​ចូល​រួម​សកម្ម​ភាព​នានា​ជា​និមិត្តរូប ​ដែល​មាន​គោល​បំណង​ជំរុញ​ឲ្យមាន​ការផ្សះ​ផ្សាគ្នាឡើងវិញ​​។​

សង្គ្រាម​ដើម្បី​ឯករាជ្យ​អាល់ហ្សេរី​ឆ្នាំ​១៩៥៤-៦២ ​បន្ត​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២​រង្គោះរង្គើ​ជិត​៦០​ឆ្នាំ​មក​ហើយ​នោះ​។

នៅ​មុន​ការ​បោះឆ្នោត​របស់​លោក​ នៅ​ក្នុង​ខែ​កុម្ភៈ ​ឆ្នាំ ​២០១៧​ លោក​ម៉ាក្រុង​ បាន​ទទួល​ស្គាល់​ការធ្វើ​អាណា​និគម​របស់​ប្រទេស​បារាំង ​ទៅលើ​ប្រទេស ​អាល់ហ្សេ​រី ​ថា​ជា​អំពើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ នៅ​ក្នុង​បទសម្ភាស​មួយ​ជាមួយ​បណ្តាញ​ទូរទស្សន៍​អាល់ហ្សេរី ​ដែល​ជា​ការ​អធិប្បាយ​មួយ​បណ្តាល​ឲ្យ​មាន​ភាព​រំ​ជួល​ចិត្ត​ និង​ត្រូវ​រង​ការ​រិះគន់​ពី​ក្រុម​ស្តាំ​និយម​។​

ទោះ​បីជា​មិន​មាន​ការ​រាប់​បញ្ចូល​ការ​សុំទោស​ក្តី​ ក៏​ការអធិប្បាយ​នៅ​ក្នុង​ឆ្នាំ​២០១៧​ គឺ​ការ​សារភាព​មួយ​គួរ​ឲ្យ​កត់​សម្គាល់​នៅក្នុង​ប្រទេស​មួយ ​ដែល​ការ​ធ្វើ​អាណានិគម​ទៅ​លើ​ប្រទេស​អាល់ហ្សេរី ​ត្រូវបាន​គេមើល​ឃើញ​យូរ​ហើ​យ​ថា ជា​អំពើ​មួយ​គួរ​ឲ្យ​អាណិតអា​សូ​រណាស់​ ប៉ុន្តែមាន​មនុស្សជា​ច្រើន​ បាន​ប្រឆាំង​ជំទាស់​នឹង​គំនិត​នៃ​ការ​សុំ​ទោស​នោះ។​

​រយៈ​ពេល​មួយ​ឆ្នាំ​ក្រោយ​មក​លោក​ បាន​ទទួលស្គាល់​ថា​ ប្រទេស​បារាំង​ បាន​បង្កើត​ប្រព័ន្ធ​មួយ ​ដែល​សម្រួល​ដល់​ការ​ធ្វើ​ទារុណកម្ម​នៅ​ក្នុង​អំឡុង​សង្គ្រាម​អាល់ហ្សេរី​ ​ដែល​បាន​បញ្ចប់​ការគ្រប់គ្រង​១៣២​ឆ្នាំ​របស់​បារំាង​។ ​

​ការិយាល័យ​ប្រធានាធិ​បតី ​បាន​និយាយ​ថា ​លោក​ម៉ា​ក្រុង ​នឹង​ចូលរួម​ពិធីរំ​ឭក​ខួប​ នៅ​ឆ្នាំ​ក្រោយ​ ដែល​ជា​ខួប​លើកទី​៦០​នៃកា​រ​​បញ្ចប់​សង្គ្រាម​អាល់ហ្សេរី។​

ក្រុម​ទីប្រឹក្សា​ប្រធានាធិបតី​ បាន​និយាយ​ថា​ ថ្ងៃ​នីមួយៗ ​នឹង​ត្រូវរំឭក ​និង​ឧទិ្ទស​ដល់​ក្រុម​​ខុស​ផ្សេងៗ​គ្នា ​ដែល​បានរង​ផល​​ប៉ះពាល់​នៅ​ក្នុង​ជម្លោះ​នោះ។​

កាលពី​​ថ្ងៃ​ពុធ​នោះដែរ​ ​អ្នកប្រវត្តិសាស្ត្រ​ម្នាក់​ ដែល​ត្រូវ​បាន​ចាត់តាំង​ដោយ​លោក​ប្រធានា​ធិបតី ជាមួយ​នឹង​​ការ​វាយតម្លៃ​ទៅលើ​ការ​រីកចម្រើន​ ដែល​ធ្វើ​ឡើង​ដោយ​ប្រទេស​បារាំង​ទៅ​លើ​ស្មារតី​ចងចាំ​នៃ​ការ​ធ្វើ​អាណានិគម​លើ​ប្រទេស​អាល់ហ្សេរី​ និង​សង្គ្រាម​ បាន​ដាក់​ជូន​នូវអ្វីៗ ​ដែល​លោក​បាន​ស្វែង​រក​ឃើញ។​

របាយការណ៍​របស់​លោក​ Benjamin Stora ​បាន​ស្នើ​ឲ្យ​បង្កើត​គណៈកម្មការ​មួយ ​ដើម្បី​ដោះស្រាយ​ការ​រំលោភ​បំពាន​ ដែល​គេ​ប្រព្រឹត្តនៅ​ប្រទេស​អាហ្វ្រិក​ខាង​ជើង​នេះ​។​

លោក​ Stora ​បាន​ផ្តល់​អនុសាសន៍​ដល់​លោក​ម៉ាក្រុង​ថា ​គណៈកម្មការ​ចម្រុះ​ បារាំង​-អាល់ហ្សេរី​ អាច​ឮ​សក្តីភាព​ពី​ប្រជាជន ​ដែល​បាន​រង​ការ​ឈឺចាប់​នៅ​ក្នុង​អំឡុង​សង្គ្រាម​ ដើម្បី​ឯករាជ្យ​របស់​អាល់ហ្សេរី​ និង​ការងា​រឆ្ពោះ​ទៅរក​ការ​ផ្សះផ្សា​គ្នា​ឡើងវិញ​៕ ​