មេ​ដឹកនាំ​ប្រទេស Belarus គឺ​លោក​ Alexander Lukashenko បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​ថ្កោល​ទោស​របស់​សហភាព​អឺរ៉ុប​ទាក់ទិន​នឹង​ករណី​បង្វែរ​ជើង​ហោះហើរ​ចាប់​អ្នក​កាសែត​នៅ​ Belarus កាល​ពី​ថ្ងៃ​ពុធ​ដោយ​ថា ប្រទេស​ទាំង​នោះ «ជា​អ្នក​បន់​ឱ្យ​ប្រទេស​នេះ​អាក្រក់» និង​ព្យាយាម​ «ច្របាច់ក​ប្រទេស​បេឡារុស​»។

នេះ​ជា​លើក​ទី១ ហើយ​ដែល​លោក ​Lukashenko បាន​និយាយ​ជា​សាធារណៈ​ចាប់​តាំង​​ពី​ករណី​យន្ដហោះ ​Ryanair ​ត្រូវ​បាន​គេ​បង្វែរ​ទិសដៅ កាល​ពី​ចុង​សប្តាហ៍​ហើយ​អ្នក​សរសេរ​ប្លុក Raman Pratasevich និង​និស្សិត​ច្បាប់ គឺ Sofia Sapega ត្រូវ​បាន​ចាប់​ខ្លួន។

នៅ​ក្នុង​សុន្ទរកថា​របស់ លោក​ Lukashenko បាន​និយាយ​ថា ចំណាត់​ការ​របស់​ប្រទេស​បេឡារុស​ គឺ​ដោយសារ​ទង្វើ​របស់​អ្នក​ទាំង ២​ «ហួស​ព្រំដែន​»។

លោក​បាន​និយាយ​ថា៖ «ដូច​ដែល​យើង​បាន​គិត​ទុក​ អ្នក​ដែល​បន់​ឱ្យ​ប្រទេស​យើង​អាក្រក់​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​ បាន​ផ្លាស់​ប្តូរ​វិធីសាស្ត្រ ដើម្បី​វាយ​ប្រហារ​យើង​។ ពួក​គេ​បាន​ឆ្លង​ហួស​បន្ទាត់​ក្រហម​ជាច្រើន​លើក និង​ខុស​សីលធម៌​មនុស្ស»។

លោក​ក៏​បាន​និយាយ​ផង​ដែរ​ថា​ ការ​គំរាម​បំផ្ទុះ​គ្រាប់​បែក​ (ដែល​អាជ្ញាធរ​បេឡារុស​បាន​និយាយ​ថា​ ស្ថិត​នៅ​ពី​ក្រោយ​ការ​ចុះចត​របស់​យន្តហោះ​នៅ​ទីក្រុង​មីនស្ក៍​ គឺ​ជា​ស្នាដៃ​របស់​ប្រទេស​ស្វ៊ីស​ ​ហើយ​កងកម្លាំង​ខាង​ក្រៅ​ប្រទេស កំពុង​បង្កាត់​ភ្លើង​សង្គ្រាម​ប្រឆាំង​នឹង​ប្រទេស​ខ្លួន​ផង​ដែរ​។

លើស​ពី​នេះ​ទៀត​លោក Lukashenko បាន​និយាយ​ថា​ការ​ដែល​ប្រទេស​មួយ​បង្ខំ​ឱ្យ​យន្តហោះ​ចុះចត​ នោះ​គឺ​ជា​ការ​កុហក ហើយ​បាន​និយាយ​ថា ប្រទេស​បេឡារុស​ ​បាន​ធ្វើ​សកម្មភាព «ដើម្បី​ការពារ​ប្រជាជន​ដោយ​ស្រប​ច្បាប់»​ ប៉ុណ្ណោះ​៕