កាលពីថ្ងៃសៅរ៍ ទី ៣ មេសា ប្រទេសអាហ្សង់ទីន បានប្រកាសថា ប្រធានាធិបតីរបស់ខ្លួនលោក Alberto Fernandez បានទទួលលទ្ធផលវិជ្ជមានលើតេស្តកូវីដ ១៩ របស់ខ្លួន បើទោះបីជាលោក Alberto Fernandez បានចាក់វ៉ាក់សាំងSputnik V របស់រុស្ស៊ីកាលពីដើមឆ្នាំនេះរួចហើយក្ដី។
សេចក្តីថ្លែងការណ៍ដែលចេញដោយវេជ្ជបណ្ឌិតរបស់ប្រធានាធិបតីលោក Federico Saavedra បានសរសេរថា៖ «ការធ្វើរោគវិនិច្ឆ័យកូវីដ ១៩ បានបង្ហាញថា លោកប្រធានាធិបតីទទួលបានលទ្ធផលវិជ្ជមានករណីកូវីដ ១៩។ អាការៈលោកបច្ចុប្បន្នមានលក្ខណៈធូរស្រាលដោយសារប្រសិទ្ធភាពនៃវ៉ាក់សាំងដែលលោកបានចាក់»។ នេះបើយោងតាមការរាយការណ៍របស់សារព័ត៌មាន Reuters ។
វិទ្យាស្ថានហ្គាម៉ាឡាយ៉ានៃប្រទេសរុស្ស៊ី ដែលផលិតវ៉ាក់សាំង Sputnik V បានចេញសេចក្តីថ្លែងការណ៍ដល់លោក Fernandez ថា វ៉ាក់សាំង Sputnik V មានប្រសិទ្ធភាព ៩១,៦ ភាគរយ ប្រឆាំងនឹងការឆ្លង និងមានប្រសិទ្ធភាព ១០០ ភាគរយ ប្រឆាំងនឹងអាការៈធ្ងន់ធ្ងរ៕