ក្រុង​ម៉ូស្គូ៖ ​វិមាន​ក្រឹមឡាំង​បាន​ថ្លែង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ ប្រធានាធិបតី​រុស្ស៊ី​លោក​ វ៉្លាឌីមៀរ​ ពូទីន​ បាន​ព្រមាន​អាមេរិក​ថា​ ការ​បដិសេធ​មិន​បន្ត​សន្ធិសញ្ញា​ការ​កាត់​បន្ថយ​អាវុធ​យុទ្ធសាស្ត្រ​ថ្មី ​(New-START) ​ នឹង​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់ ​និង​ភាព​មិន​ប្រាកដ​ប្រជា​ដល់​សន្តិសុខ​ពិភព​លោក​កាន់​តែ​ខ្លាំង​ឡើង។​

យោង​​តាម​អត្ថបទ​​ចុះ​​​ផ្សាយ​​របស់​​​វិមាន​ក្រឹមឡាំង​បាន​​​ឲ្យ-​ដឹង​​ថា​ លោក ​វ៉្លាឌី​មៀរ​ ពូ​ទីន​ ​​​បាន​ថ្លែង​នៅ​ក្នុង​​បទសម្ភាស​​មួយ​​ជាមួយ​​​​​​ទូរទស្សន៍​​​ RT Arabic ទូរទស្សន៍ ​Sky News Arabia និង​ទូរទស្សន៍​ Al-Arabiya ថា៖ «​សន្ធិសញ្ញា​​ចាប់​ផ្តើម​​ថ្មី​ ប្រាកដ​​ណាស់ ​គឺ​ជា​​សន្ធិសញ្ញា​​តែ​​មួយ​គត់​​​​ ដែល​​​យើង​​ត្រូវ​តែ​ការពារ​មិន​​​​ឲ្យ​យើង​វិល​ត្រឡប់​​​ធ្លាក់​​​​ចូល​ទៅ​ក្នុង​​​ការ​ប្រកួត​ប្រជែង​​កម្មវិធី​​អាវុធ​​​​ទ្រង់ទ្រាយ​ធំ​ពេញ​ទំហឹង​​​ឡើង​វិញ​​​​»។

លោក ​ពូទីន ​បាន​បញ្ជាក់​ថា ​សន្ធិសញ្ញា​នេះ​ ដែល​បាន​ផុត​កំណត់​នៅ​ឆ្នាំ ​២០២១​ វា​ជួយ​កាត់​បន្ថយ​ និង​កំណត់​ទំហំ​នៃ​អាវុធ​ទ្រង់ទ្រាយ​ធំ​ជា​យុទ្ធសាស្ត្រ​បន្ថែម​ទៀត​ ដោយ​នៅ​ក្នុង​នោះ​មាន​អាវុធ​បាញ់​ពី​ដី​ទៅ​លើ​អាកាស​ បាញ់​ចេញ​ពី​សមុទ្រ​ និង​ជើង​ទម្រ​បាញ់​មីស៊ីល​បាលីស្ទិក​អន្តរ​ទ្វីប ​វាយ​ប្រហារ​ពី​មូលដ្ឋាន​ទ័ព​អាកាស​ជាដើម​។​

លោក​ វ៉្លាឌីមៀរ​ ពូទីន​ បាន​ថ្លែង​ថា​៖ «​ដើម្បី​ធានា​ថា​ ខ្លួន​ត្រូវ​បាន​បន្ត​សន្ធិសញ្ញា​នោះ​ យើង​ចាំបាច់​ត្រូវ​បាន​កំពុង​ធ្វើ​ការ​អំពី​សន្ធិសញ្ញា​នៅ​ពេល​បច្ចុប្បន្ន​នេះ​»​។​

លោក​ ដូណាល់ ត្រាំ​ (​ស្តាំ)​ ចូល​រួម​ក្នុង​​កិច្ច​​ប្រជុំ​ជាមួយ​​លោក​ វ៉្លាឌីមៀរ​ ពូទីន នៅ​ក្នុងជំនួប​កំពូល​​ G20 ក្រុង អូសាកា​។ AFP

លោក​ប្រធានាធិបតី ​វ៉្លាឌីមៀរ ពូទីន​ បាន​ថ្លែង​ថា​ ប្រទេស ​រុស្ស៊ី ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ​ដើម្បី​ដាក់​ជូន​សំណើ​របស់​ខ្លួន​ទៅ​កាន់​រដ្ឋ​ការ​អាមេរិក​ ប៉ុន្តែ​យើង​នៅ​មិន​ទាន់​បាន​ទទួល​លិខិត​ឆ្លើយ​តប​ពី​អាមេរិក​នៅ​ឡើយ​ទេ​។​

លោក ​ពូទីន​ បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ថា​ ក្រុង​វ៉ាស៊ីនតោន​អាច​នឹង​មិន​ទាន់​បាន​ធ្វើ​​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​នៅ​ឡើយ​ទេ​ ថា​តើ​ពួក​គេ​ត្រូវ​ការ​ពង្រីក​សន្ធិសញ្ញា​នោះ​ ឬ​អត់?​ ដែល​មិនមែន​ជា​សញ្ញា​វិជ្ជមាន​មួយ​ ដើម្បី​ចុះ​កិច្ច​ព្រមព្រៀង​ទៅ​ថ្ងៃ​អនាគត​នោះ​ទេ​។​

លោក ​ពូទីន​ បាន​ថ្លែង​ថា​៖ «ប្រសិន​បើ​សន្ធិសញ្ញា​នេះ​មិន​ត្រូវ​បាន​បន្ត​​នោះ​ ពិភព​លោក​នឹង​មិន​មាន​មធ្យោបាយ​នៃ​ការ​កំណត់​ចំនួន​នៃ​អាវុធ​ទ្រង់ទ្រាយ​ធំ​នោះ​ឡើយ​ ហើយ​នេះ​គឺ​ជា​ព័ត៌មាន​អាក្រក់​បំផុត»​ ដោយ​បាន​បន្ថែម​ថា​៖ «​ពិភព​លោក​នឹង​មាន​សុវត្ថិភាព​តិច​តួច​ណាស់​​ និង​មិន​អាច​ទាយ​ទុក​មុន​បាន​ទៀត​ផង​​»​។​

ក្រុង​ម៉ូស្គូ​ និង​ក្រុង​វ៉ាស៊ីនតោន​ បាន​ចុះ​កិច្ច​ព្រមព្រៀង​កាល​ពី​​ឆ្នាំ ​២០១០​ ដែល​បាន​ចែង​លក្ខខណ្ឌ​ចុះ​កិច្ចសន្យា​ឲ្យ​កំណត់​ចំនួន​កម្មវិធី​​អាវុធ​យុទ្ធសាស្ត្រ​ទ្រង់ទ្រាយ​ធំ​ផ្សេងៗ​ ដែល​បាន​ធ្វើ​ជា​ម្ចាស់​កម្មសិទ្ធិ​របស់​ប្រទេស​ទាំង ​២​។ ​កិច្ច​ព្រមព្រៀង​នោះ​ អាច​ត្រូវ​បាន​ បន្ត​យ៉ាង​តិច ​៥ ​ឆ្នាំ​ម្តង ​ដោយ​មាន​ការ​យល់​ព្រម​ពី​​ប្រទេស​ទាំង ​២​៕ Xinhua/SK