The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ប្រធានាធិបតី​វ៉េណេស៊ុយអេឡា​​ ​ព្រ​មាន​​ពី​លទ្ធភាព​ឡើង​កម្តៅ​ផ្នែក​យោធា​ជាមួយ​ប្រទេស ​កូឡុំប៊ី​

ប្រធានាធិបតី​វ៉េណេស៊ុយអេឡា​​ ​ព្រ​មាន​​ពី​លទ្ធភាព​ឡើង​កម្តៅ​ផ្នែក​យោធា​ជាមួយ​ប្រទេស ​កូឡុំប៊ី​

Content image - Phnom Penh Post
លោក ម៉ាឌូរ៉ូ (ឆ្វេង) ចុះ​ទៅ​មើល​ដី​ស្រែ​​កសិកម្ម «​Cacique Yare» នៅ​ក្នុង​រដ្ឋ ​Aragua។ AFP

ប្រធានាធិបតី​វ៉េណេស៊ុយអេឡា​​ ​ព្រ​មាន​​ពី​លទ្ធភាព​ឡើង​កម្តៅ​ផ្នែក​យោធា​ជាមួយ​ប្រទេស ​កូឡុំប៊ី​

ក្រុង​កា​រ៉ា​កាសៈ លោក​ប្រធានាធិបតី​វ៉េណេស៊ុយអេឡា ​នីកូឡាស ​ម៉ាឌូរ៉ូ កាល​ពី​ថ្ងៃ​ពុធ​បាន​ព្រមាន​ពី​លទ្ធភាព​ឡើង​កម្តៅ​ផ្នែក​យោធា​ជាមួយ​ប្រទេស ​កូឡុំប៊ី​ ដែល​នៅ​ជិត​ខាង ​ក្រោយ​ពី​ក្រុង​បូហ្គោតា ​បាន​ចោទ​ប្រកាន់​ក្រុង​ការ៉ាកាស​ពី​បទ​​ផ្តល់​ជម្រក​ឲ្យ​ក្រុម​ទ័ព​ព្រៃ​ឆ្វេង​និយម​នៅ​ក្នុង​ទឹក​ដី​របស់​ខ្លួន​។

លោក ​ម៉ាឌូរ៉ូ បាន​ថ្លែង​នៅ​​ក្នុង​​សុន្ទរកថា​មួយ​ទៅ​កាន់​ក្រុម​អ្នក​គាំទ្រ​ថា៖ ​«មាន​សេចក្តី​ថ្លែង​ការណ៍​ជា​ច្រើន​ ដែល​ថា​អាច​បញ្ចប់​ភាព​តានតឹង​ផ្នែក​យោធា​នៅ​ព្រំដែន​ដែល​ទាក់​ទិន​ជាមួយ​កង​កម្លាំង​ឧក្រិដ្ឋកម្ម​នៃ​ប្រទេស ​កូឡុំប៊ី​ ប្រឆាំង​នឹង​ប្រទេស ​វ៉េណេស៊ុយអេឡា​»។ ​​

លោក​បាន​ថ្លែង​ថា​៖ «អ្វី​គ្រប់​យ៉ាង ​គឺ​ជា​ផ្នែក​នៃ​អំពើ​ចក្រពត្តិ​របស់​អាមេរិក​»។

សុន្ទរកថា ​ដែល​ត្រូវ​បាន​ចាក់​ផ្សាយ​តាម​ទូរទស្សន៍​ បាន​កើត​ឡើង​ បន្ទាប់​ពី​ការ​តវ៉ា​របស់​ប្រទេស ​កូឡុំប៊ី ​កាល​ពី​ថ្ងៃ​ពុធ​ជុំវិញ​ការ​បង្ក​ហេតុ​ម្តង​ហើយ​ម្តង​ទៀត ជា​ការ​តវ៉ា​ថ្មី​បំផុត​ដែល​ប្រទេស​នេះ ​បាន​អះអាង​ថា ​​បុគ្គលិក​យោធា​ប្រហែល ​៣០ ​នាក់ បាន​​ឆ្លង​ចូល​ព្រំដែន​របស់​ខ្លួន។

Content image - Phnom Penh Post
លោក ម៉ាឌូរ៉ូ ជិះ​រថយន្ត​ចុះ​ទៅ​មើល​ដី​កសិកម្ម ​ស្រប​ពេល​មាន​បញ្ហា​ជាមួយ​កូឡុំប៊ី​។ AFP

ប្រទេស ​កូឡុំប៊ី ​បាន​និយាយ​ថា ​កង​កម្លាំង​របស់​វ៉េណេស៊ុយអេឡា បាន​ដក​ចេញ​ក្រោយ​ពី​ខ្លួន​បាន​ឃើញ​ឧទ្ធម្ភាគចក្រ​ ​១ ​គ្រឿង ​ដឹក​​ទាហាន​ជា​ច្រើន​នាក់​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​អំពាវនាវ​ពី​បណ្តា​សហគមន៍​ក្នុង​តំបន់។ ​​

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ ​ក្រុង​បូហ្គោតា ​បាន​ថ្លែង​ថា យោធា​របស់​ខ្លួន​​ត្រៀម​ការពារ​អធិបតេយ្យភាព​របស់​ខ្លួន​ ខណៈ​បន្ត​ការ​ប្រុងប្រយ័ត្ន ជា​ចាំបាច់​នៅ​ក្នុង​ការ​ប្រឈម​ជា​មួយ​ការ​បង្កហេតុ​យ៉ាង​ច្បាស់​ម្តង​ហើយ​ម្តង​ទៀត​ ដែល​មាន​បំណង​បង្ហាញ​ការ​ឆ្លើយ​តប​ដើម្បី​ធ្វើ​ឲ្យ​ប្រទេស ​កូឡុំប៊ី ​ដូចជា​​អ្នក​ឈ្លាន​ពាន។ ​

ព្រំដែន​នៃ​ប្រទេស​ទាំង ​២ មាន​ប្រវែង ​២ ​២០០ ​គីឡូ​ម៉ែត្រ ​ពិបាក​ទៅ​ដល់​ណាស់​ ​និង​គ្មាន​ច្បាប់​ត្រឹម​ត្រូវ​ ដោយ​មាន​ក្រុម​ប្រដាប់​អាវុធ​នៅ​ក្នុង​នោះ​មាន​ក្រុម​អ្នក​ជួញដូរ​គ្រឿង​ញៀន ​និង​ទ័ព​ព្រៃ​ឆ្វេង​និយម​ និង​ធ្វើ​កិច្ច​ប្រតិបត្តិការ​​នៅ​ទីនោះ។ ក្រុង​ការ៉ាកាស​ បាន​កាត់​ផ្តាច់​ចំណង​ការទូត​ជា​មួយ​ក្រុង​បូហ្គោតា​នៅ​ក្នុង​ខែ​កុម្ភៈ ​ក្រោយ​ពី​កូឡុំប៊ី​ បាន​ក្លាយ​ជា​ប្រទេស​មួយ​​ក្នុង​ចំណោម​ប្រទេស​ជាង ​៥០ ​ដែល​ទទួល​ស្គាល់​​លោក ​Guaido ជា​ប្រធានាធិបតី​បណ្តោះ​អាសន្ន​​៕ AFP/PSA

អត្ថបទគួរចាប់អារម្មណ៍