រដ្ឋាភិបាល​សាធារណរដ្ឋ​អាហ្វ្រិក​​កណ្ដាល​ បើក​ការ​ស៊ើបអង្កេត​លើ​អតីត​ប្រធានាធិបតី​លោក Francois Bozize ក្រោម​ការ​ចោទ​ប្រកាន់​ថា ​កាល​ពី​ខែ​ធ្នូ​លោក​បាន​ប៉ុនប៉ង​ធ្វើ​រដ្ឋ​ប្រហារ​ដោយ​មាន​ជំនួយ​ពី​ក្រុម​ប្រដាប់​អាវុធ​ប៉ុន្មាន​ថ្ងៃ​មុន​ប្រទេស​នេះ​ត្រូវ​ធ្វើ​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ និង​សភា​។

រដ្ឋអាជ្ញា​សាធារណៈ​បាន​ប្រកាស​ក្នុង​សេចក្ដី​ថ្លែងការណ៍​កាល​ពី​ថ្ងៃ​ចន្ទ​ ទី ៤ មករា ​ថា​៖ ​«ការ​ស៊ើប​អង្កេត​របស់​តុលាការ​ត្រូវ​បាន​បើក [លើ​លោក​ Bozize] ទាក់ទង​នឹង​សកម្មភាព​បង្ក​អស្ថិរភាព ​និង​ការ​បះបោរ​»​។

កាល​ពី​ថ្ងៃ​ទី ១៩ ធ្នូ រដ្ឋាភិបាល​បាន​ប្រកាស​ថា ​ក្រុម​ប្រដាប់​អាវុធ​ចំនួន​ ៣ បាន​បង្កើត​សម្ព័ន្ធភាព​មួយ​វាយ​លុក​ទៅ​កាន់​រដ្ឋធានី​ Bangui។ កម្លាំង​រក្សា​សន្តិភាព​ MINUSCA របស់​អង្គការ​សហប្រជាជាតិ​បាន​និយាយ​នៅ​ថ្ងៃ​បន្ទាប់​ថា ​ការ​វាយ​លុក​ត្រូវ​បាន​បញ្ឈប់ ​ឬ​ដក​ថយ​វិញ​។

លោក Bozize បាន​ឡើង​កាន់​អំណាច​តាមរយៈ​រដ្ឋ​ប្រហារ​មួយ​នៅ​ក្នុង​ឆ្នាំ ២០០៣ រួច​មក​រូប​លោក​ត្រូវ​បាន​ផ្ដួល​រំលំ​នៅ​ឆ្នាំ ២០១៣ ដែល​ការ​ដក​ចេញ​តំណែង​នេះ ​បាន​ធ្វើ​ឱ្យ​ប្រទេស​នេះ​ធ្លាក់​ចូល​ក្នុង​ជម្លោះ​និកាយ​សាសនា​។ កាល​ពី​ឆ្នាំ​ ២០១៩ អតីត​ប្រធានាធិបតី​រូប​នេះ បាន​វិល​ត្រឡប់​មក​ប្រទេស​វិញ បន្ទាប់​ពី​និរទេស​ខ្លួន​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ ធ្វើ​ឱ្យ​មាន​ការ​ភ័យ​ខ្លាច​ថា ​លោក​មក​កាន់​អំណាច​វិញ​។

លោក​ត្រូវ​បាន​តុលាការ​ហាម​ឃាត់​មិន​ឱ្យ​ឈរ​ឈ្មោះ​បោះឆ្នោត ​ព្រោះ​មាន​ដីកា​ចាប់​ខ្លួន​តាំង​ពី​ឆ្នាំ ២០១៤ ពី​បទ​ឃាតកម្ម ​និង​ការ​ធ្វើ​ទារុណកម្ម ហើយ​ស្ថិត​ក្រោម​ការ​ដាក់​ទណ្ឌកម្ម​ដោយ​អង្គការ​សហប្រជាជាតិ​៕