ក្រុង​សាន់ត្យាហ្គោ៖ លោក​ប្រធានាធិបតី​ស៊ីលី ស៊ីបាស្ទៀន ភីណឺរ៉ា​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​ថា​ លោក​នឹង​មិន​លាលែង​ពី​តំណែង​ដោយសារ​ការ​តវ៉ា​​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាង​ច្រើន​ ​ជុំវិញ​ភាព​មិន​ចុះ​សម្រុង​គ្នា​នឹង​លក្ខខណ្ឌ​សង្គម​ក្រីក្រ​ ដែល​បាន​ធ្វើ​ឲ្យ​ប្រជាជន​​ចេញ​ទៅ​​តាម​ដង​ផ្លូវ​ធ្វើ​ការ​តវ៉ា​ឈាន​ដល់​​សប្តាហ៍​ទី ​៣ ​ហើយ​នោះ​ទេ។​

ដោយ​ត្រូវ​បាន​ចោទ​សួរ​ដោយ​ទូរទស្សន៍​ BBC នៅ​ក្នុង​បទសម្ភាស​មួយ​ថា ​តើ​លោក​នឹង​ចុះចេញ​ពី​តំណែង​ដែរ​​ឬ​ទេ​? មេ​ដឹកនាំ​មហាសេដ្ឋី​អភិរក្ស​និយម​រូប​នេះ ​ឆ្លើយ​​ថា ​«​ទេ»។ ​

លោក​ ស៊ីបាស្ទៀន​ ភីណឺរ៉ា​ បាន​ថ្លែង​ថា៖ «​បញ្ហា​ទាំង​អស់​​នេះ​បាន​កើត​​ឡើង​អស់​រយៈពេល​ជាង ​៣០ ​ឆ្នាំ​មក​ហើយ​» ​«ខ្ញុំ​ទទួល​ខុស​ត្រូវ​ចំពោះ​ផ្នែក​ខ្លះ​នៃ​បញ្ហា​ទាំង​នេះ​ ហើយ​ខ្ញុំ​ទទួល​ខុស​ត្រូវ​ ​ប៉ុន្តែ​មិនមែន​មាន​តែ​ខ្ញុំ​ម្នាក់​ឯង​នោះ​ទេ​»​។​

ការ​ប៉ះ​ទង្គិច​​គ្នា ​បាន​ផ្ទុះ​ឡើង​កាល​ពី​ថ្ងៃ​អង្គារ​ ដោយ​បាន​បន្ថែម​ទៅ​នឹង​អំពើ​ហិង្សា​ដែល​ កើត​មាន​ឡើង​មួយ​ក្នុង​ចំណោម​​ក្រុម​បណ្តា​ប្រទេស​រីក​ចម្រើន​បំផុត​នៅ​អាមេរិក​ឡាទីន​មួយ​នេះ​។ ​ការ​ប៉ះ​ទង្គិច​នេះ​បាន​បង្ខំ​ឲ្យ​រដ្ឋាភិបាល​លុប​ចោល​ជំនួប​កំពូល​ស្តីពី​ការ​ប្រែប្រួល​អាកាស​ធាតុ​ និង​សេដ្ឋកិច្ច​អន្តរជាតិ​ធំ ​២​ ហើយ​បាន​បើក​កិច្ច​ពិភាក្សា​នានា​ ជាមួយ​គណបក្ស​ប្រឆាំង​ឆ្វេង​និយម​។

ប៉ូលិស​​បង្ក្រាប​កុបកម្ម​ ប្រើកាណុង​បាញ់​ទឹក​ បំបែក​ក្រុមបាតុករ​នៅ​​ជុំ​វិញ​វិមាន​រដ្ឋាភិបាល នៅ​ក្រុង​សាន់ត្យាហ្គោ។ AFP

ក្រុម​អ្នក​តវ៉ា​រាប់​ពាន់​នាក់ ​បាន​ចេញ​ទៅ​តាម​ដង​ផ្លូវ​នៅ​ក្នុង​រដ្ឋ​ធានី​សាន់ត្យាហ្គោ​ និង​នៅ​ក្នុង​ទីក្រុង​ខនស៊ីបស៊ិន​ និង​វីណា ឌែល ម៉ារ​ ភាគ​ខាង​ត្បូង​ គឺ​នៅ​ភាគ​ខាង​លិច​នៃ​ទីក្រុង​សាន់ត្យាហ្គោ​។​

ប៉ូលិស​បាន​ថ្លែង​ថា ​ប៉ូលិស​បាន​បាញ់​និស្សិត ​២ ​នាក់ ​ឲ្យ​រង​របួស​ នៅ​ក្នុង​ចំណោម​ក្រុម​មួយ​ ដែល​បាន​ព្យាយាម​គ្រប់គ្រង​វិទ្យាល័យ​សាធារណៈ​មួយ​ នៅ​ក្នុង​ទីក្រុង​សាន់ត្យាហ្គោ​។ ​និស្សិត​ទាំង ​២ ​នាក់​នោះ ​ត្រូវ​បាន​ព្យាបាល​នៅ​មន្ទីរពេទ្យ​មួយ​កន្លែង​ ហើយ​ពួក​គេ​ត្រូវ​បាន​ដោះលែង​វិញ​។​

ដោយ​មាន​ការ​លើក​ឡើង​ពី​ការ​ភ័យ​ខ្លាច​អំពី​សណ្តាប់​ធ្នាប់​សាធារណៈ​នោះ​ប្រធាន​បាល់​ទាត់​អាមេរិក​ខាង​ត្បូង​ បាន​ប្រកាស​ថា ​ពួក​គេ​កំពុង​បើក​កន្លែង​សម្រាប់​ការ​ប្រកួត​បាល់​ទាត់​ផ្តាច់​ព្រ័ត្រ ​ទ្វីប​អឺរ៉ុប​ទ្រង់ទ្រាយ​ធំ​មួយ​ចាប់​ពី​​ក្រុង​សាន់ត្យាហ្គោ​នេះ​។​

ក្រុម​បាតុករ​ ប៉ះ​ទង្គិច​ជាមួយ​ប៉ូលិស​​បង្ក្រាប​កុបកម្ម​ នៅ​ក្នុង​​ការ​​តវ៉ា​​ប្រឆាំង​ គោល​នយោបាយ​សេដ្ឋកិច្ចរដ្ឋាភិបាល។ AFP

អាជ្ញាធរ​បាល់ទាត់​ CONMEBOL បាន​ថ្លែង​ក្រោយ​ពី​កិច្ច​ប្រជុំ​នៅ​ក្នុង​ប្រទេស ​ប៉ារ៉ាហ្គាយ ​ថា​ ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​របស់​ក្លិប​ Copa ​Libertadores ​បាន​បើក​​ឲ្យ​ចូលរួម​នៅ​ក្នុង​ខែ​នេះ​ បច្ចុប្បន្ន​នឹង​ត្រូវ​រៀបចំ​ធ្វើ​ឡើង​នៅ​ក្នុង​​រដ្ឋធានី​លីម៉ា​។​

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​អាជ្ញាធរ​នោះ​ បាន​ថ្លែង​ថា៖ «​ជម្រើស​នោះ​ ត្រូវ​បាន​ផ្អែក​ទៅ​លើ​ការ​ផ្តល់​ជូន​របស់​រដ្ឋាភិបាល​ប្រទេស ​ប៉េរូ​ និង​ទៅ​លើ​ការ​ធានា​សន្តិសុខ​ដែល​ប្រទេស​​នេះ​បាន​ផ្តល់​ឲ្យ​​»​។​

ក្រុម​រដ្ឋអាជ្ញា​បាន​ថ្លែង​ថា​ មនុស្ស ​២០ ​នាក់ ​បាន​ស្លាប់​នៅ​ក្នុង​ចលាចល​ចាប់​តាំង​ពី​ការ​តវ៉ា​បាន​ចាប់​ផ្តើម​នៅ​ទី​នេះ ​កាល​ពី​ថ្ងៃទី ​២០ ​ខែ​តុលា​។​

គណៈ​ប្រតិភូ​សិទ្ធិ​មនុស្ស​របស់​ UN​ កំពុង​ស៊ើប​អង្កេត​ទៅ​លើ​ប៉ូលិស​​បង្ក្រាប​​ក្រុម​អ្នក​តវ៉ា​ទាំង​នោះ​៕ AFP/SK